ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ខណៈការប្រកួតវើលខាប់បានបញ្ចប់ ការប្រកួតលីកនៅប្រទេសអឺរ៉ុបធំៗបានត្រឡប់មកវិញ ជាពិសេសការប្រកួត English Premier League។ Man U, Man City និង Arsenal គឺជាក្រុមដែលមានភាគរយឈ្នះខ្ពស់ជាងគេសម្រាប់ការប្រកួត EPL នៅថ្ងៃសៅរ៍នេះ។
– Wolverhampton vs Manchester United
* ក្រុម Manchester United បានឈ្នះការប្រកួតរបស់ពួកគេទាំងពីរចាប់តាំងពីការប្រកួតវើលខាប់។
* United ឈ្នះ ៤ លើកក្នុងការប្រកួតក្រៅដី ៦ លើកចុងក្រោយរបស់ពួកគេ។
* Wolves បានចាញ់ ៤ ដងក្នុងចំណោម ៥ លើកចុងក្រោយរបស់ពួកគេនៅក្នុងផ្ទះ។
* កីឡាករ Marcus Rashford រកបាន២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម១គ្រាប់ ចាប់តាំងពីត្រឡប់មកពីបំពេញកាតព្វកិច្ចសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។
United សម្លឹងបញ្ចប់ការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់លោក Lopetegui
Manchester United បានទទួលជ័យជម្នះ២លើក និង Clean Sheet ២លើក ចាប់តាំងពីត្រឡប់ពីការប្រកួតវើលខាប់ ហើយពួកគេមានឱកាសដាក់សម្ពាធខ្លះលើគូប្រជែងកំពូលទាំង ៤ របស់ពួកគេនៅថ្ងៃចូលឆ្នាំសកល ខណៈពួកគេធ្វើដំណើរទៅផ្ទះរបស់ក្រុម Wolves ដែលរងការគំរាមកំហែងកាត់ចោលតាំងពីចាប់ផ្តើមរដូវកាល។
United បានឈ្នះ ២-០ លើក្រុម Burnley ក្នុងការប្រកួត EFL Cup ហើយបន្ទាប់មកបានឈ្នះ Nottingham Forest នៅ Old Trafford ក្នុងអំឡុងបុណ្យណូអែល ប៉ុន្តែពួកគេប្រឈមមុខនឹងក្រុម Wolves ដែលយកក្តីសង្ឃឹមរស់រានមានជីវិតរបស់ពួកគេមកតតាំងដើម្បីយកឈ្នះនៅថ្ងៃ Boxing Day លើគូប្រជែង Everton ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Julen Lopetegui។
United រឹងក្រៅដី
នេះនឹងក្លាយជាការប្រកួតក្រៅដីលើកដំបូងរបស់ Man Utd ចាប់តាំងពីខែវិច្ឆិកាមក ប៉ុន្តែពួកគេមានទម្រង់លេងល្អនៅក្រៅផ្ទះ មុនពេលសម្រាកវើលខាប់ ជាមួយនឹងជ័យជម្នះចំនួន ៤ ដង និងចាញ់ម្តងប៉ុណ្ណោះក្នុងការធ្វើដំណើរក្រៅដី ៦ លើកចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់។
Wolves ត្រូវតែកែលម្អទម្រង់លេងក្នុងផ្ទះរបស់ពួកគេ ប្រសិនបើពួកគេចង់ដកគ្រោះថ្នាក់ចេញពីពួកគេ ខណៈពួកគេចាញ់ ៤ ដងក្នុង ៥ ប្រកួតចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Molineux ដោយជ័យជម្នះមួយបានកើតឡើងតាមរយៈការឈ្នះ ១-០ ទល់នឹងក្រុម Forest ដែលមានកំណត់ត្រាក្រៅដីអន់បំផុតនៅក្នុងលីក។
គ្រាប់បាល់បានក្លាយជាបញ្ហាសម្រាប់ Wolves ហើយពួកគេមានតែ៣គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតទាំង៥នេះ ខណៈពួកគេអាចរកបានតែ ១០ គ្រាប់ប៉ុណ្ណោះក្នុង Premier League។ ការទទួលជ័យជម្នះនៅទឹកដី Everton បន្ទាប់ពីជ័យជម្នះក្នុង Cup បង្ហាញថា ពួកគេកំពុង “មានទម្រង់លេងស្ទុះងើបឡើងវិញ” ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការទូទៅរបស់ជម្រើសជាតិអេស្ប៉ាញលោក Lopetegui ហើយនោះនឹងធ្វើឱ្យគេពិបាកប៉ាន់ស្មាននៅក្នុងការប្រកួតនេះ។
ហាងឆេងនៃការប្រកួតប្រហែលជាបានឆ្លុះបញ្ចាំងពីរឿងនេះ តែទោះយ៉ាងណាកូនក្រុមរបស់លោក Erik ten Hag កំពុងលេងល្អជាពិសេសក្រៅទឹកដី ហើយពួកគេពិតជារំពឹងឈ្នះខ្ពស់នៅថ្ងៃសៅរ៍នេះ។
Wolves អាចស៊ុតចូលយ៉ាងតិច១គ្រាប់
Wolves បានស៊ុតចូល២គ្រាប់នៅកីឡដ្ឋាន Goodison Park ហើយយ៉ាងហោចណាស់ពួកគេប្រហែលជាអាចស៊ុតគ្រាប់លួងចិត្តទល់នឹងក្រុម United ដែលកំពុងពិបាករក្សា Clean Sheet នៅក្រៅផ្ទះ ដូច្នេះការទទួលជ័យជម្នះ ២-១ សម្រាប់ Man U ជាលទ្ធភាពអាចកើតឡើងបំផុត។
– Manchester City vs Everton
* Everton ខកខានស៊ុតបញ្ចូលទីក្នុងការប្រកួតក្រៅដីចំនួន៤លើកចុងក្រោយរបស់ពួកគេនៅ Premier League ។
* Manchester City បានរក្សា Clean Sheet ក្នុង ៤០% នៃការប្រកួតលីករបស់ពួកគេនៅរដូវកាលនេះ។
* Manchester City មានកំណត់ត្រាប្រយុទ្ធល្អបំផុតក្នុងលីកកំពូលអង់គ្លេស ដោយស៊ុតចូលជាមធ្យមជិតបីគ្រាប់ក្នុងមួយប្រកួត។
Haaland នឹងដឹកនាំជួរមុខសម្រាប់ Man City
Manchester City បានត្រឡប់មកលេងក្នុងក្របខណ្ឌ Premier League វិញកាលពីថ្ងៃពុធជាមួយនឹងទម្រង់លេងលេចធ្លោជាធម្មតានៅទឹកដីរបស់ Leeds ហើយពួកគេអាចរក្សាសម្ពាធលើ Arsenal ជាមួយនឹងជ័យជម្នះមួយផ្សេងទៀតនៅពេលដែល Everton មកលេងនៅទឹកដី Etihad សម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេក្នុងឆ្នាំ ២០២២។
ការស៊ុតបាល់បញ្ចូលទីក្នុងតង់ទីពីររបស់កីឡាករ Erling Haaland នៅទឹកដី Elland Road បានធ្វើឱ្យរូបគេក្លាយជាកីឡាករលឿនបំផុតដែលអាចរកបាន ២០ គ្រាប់នៅ Premier League ខណៈជ័យជម្នះ ៣-១ របស់ Manchester City បានធ្វើឱ្យពួកគេតាមពីក្រោយក្រុម Arsenal ចំនួន៥ពិន្ទុ ប៉ុន្តែនៅតែស្ថិតក្នុងលទ្ធភាពប្រជែងពាន Premier League ដដែល។
ក្រុមរបស់លោក Pep Guardiola ឥឡូវនេះបានឈ្នះ ៧ ប្រកួតក្នុងចំណោម ៩ ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់ ហើយមិនមានអ្វីត្រូវព្រួយបារម្ភអំពីក្រុមស្ករគ្រាប់ ដែលកំពុងរងការគំរាមកំហែងកាត់ចោលទៅក្របខណ្ឌទីពីរនោះឡើយ។
ក្រុមស្ករគ្រាប់ដែលខ្សត់គ្រាប់បាល់នឹងជួបការលំបាក
Everton បានបញ្ចប់ការសម្រាកវើលខាប់របស់ពួកគេជាមួយនឹងការចាញ់ក្នុងលទ្ធផល ២-១ ក្នុងផ្ទះក្រោមស្នាដៃក្រុម Wolves ។ ពួកគេបានចាញ់រាល់ការប្រកួត៤លើកចុងក្រោយរបស់ពួកគេក្នុងគ្រប់ការប្រកួតទាំងអស់ ហើយឥឡូវនេះមានតែ១ពិន្ទុពីលើតំបន់កាត់ចោលប៉ុណ្ណោះ។
ក្រៅផ្ទះ ពួកគេបានឈ្នះការប្រកួតលីកតែម្តងគត់ក្នុងចំណោមការប្រកួតចំនួន ៨ លើករបស់ពួកគេ ហើយមិនមានគ្រាប់បាល់ទេចាប់តាំងពីដើមខែតុលាមក ដែលនេះបង្ហាញពីបញ្ហាចម្បងរបស់ពួកគេក្នុងរដូវកាលនេះ។
រំពឹងម្ចាស់ផ្ទះទទួលជ័យជម្នះងាយៗ
Everton ស៊ុតបញ្ចូលទីបានតែ ១២ គ្រាប់ក្នុង ១៦ ប្រកួត ហើយបានខកខានស៊ុតបញ្ចូលទី ៥ ប្រកួតក្នុងចំណោម ៧ ប្រកួតចុងក្រោយរបស់ពួកគេ។ Manchester City ថ្វីត្បិតតែមិនមានទម្រង់ការពាររឹងដូចរដូវកាលមុនក៏ដោយ ក៏ពួកគេនៅតែរបូតត្រឹម ១៥ គ្រាប់ក្នុងរដូវកាលនេះ ហើយ ៤០% នៃការប្រកួតលីករបស់ពួកគេបានឃើញពួកគេរក្សាបាន Clean Sheet ។ រំពឹងថាពួកគេនឹងឈ្នះក្នុងលទ្ធផលទស្សនទាយយ៉ាងហោច ៣-០។
– Brighton vs Arsenal
* Arsenal បានឈ្នះ ១៣ ប្រកួតក្នុងចំណោម ១៥ ប្រកួតលីករបស់ពួកគេ។
* Brighton ទើបតែឈ្នះមួយលើកគត់ក្នុងការប្រកួត៤លើកចុងក្រោយក្នុងផ្ទះ ដោយចាញ់២ដង។
* ក្រុមកាំភ្លើងធំបានរបូតគ្រាប់បាល់ត្រឹមតែ ១២ គ្រាប់ប៉ុណ្ណោះនៅក្នុងក្របខណ្ឌ Premier League ។
* Bukayo Saka រកបាន ៤ គ្រាប់ក្នុង ៥ ប្រកួតចុងក្រោយរបស់គេសម្រាប់ក្លិបនិងប្រទេស។
កាំភ្លើងធំនឹងមិនឱ្យភ្លាត់ស្នៀត
Arsenal បានត្រឡប់មកវិញជាមួយនឹងជ័យជម្នះ ៣-១ លើគូប្រជែងក្នុងទីក្រុងឡុងដ៍ West Ham ហើយនឹងប្រឹងរក្សាការនាំមុខរបស់ពួកគេនៅលើកំពូលតារាង Premier League នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទឹកដីរបស់ Brighton នៅយប់ជ្រៅថ្ងៃសៅរ៍។
Brighton បានឈ្នះ ៣-១ ក្នុងការប្រកួតដំបូងរបស់ពួកគេបន្ទាប់ពីវើលខាប់នៅទឹកដី Southampton ប៉ុន្តែពួកគេនឹងពិបាកទទួលបានពិន្ទុពីការប្រកួតជាមួយនឹងក្រុមកាំភ្លើងធំ។
ការប្រកួតប្រភេទនេះនឹងក្លាយជាឧបសគ្គសម្រាប់ក្រុម Arsenal កាលពីឆ្នាំមុន ប៉ុន្តែរដូវកាលនេះមានអារម្មណ៍ខុសគ្នា ហើយពួកគេអាចចាកចេញពីកីឡដ្ឋាន Amex ជាមួយនឹងពិន្ទុ៣ពិន្ទុពេញក្នុងដៃ។
តំបន់ការពារខ្សោយធ្វើឱ្យ Brighton ខាតបង់
ក្រុមរំពេរសមុទ្របានចាប់ផ្តើមរដូវកាលថ្មីល្អគួរសមក្រោមការដឹកនាំរបស់លោក Roberto Di Zerbi ប៉ុន្តែពួកគេប្រហែលជាមិនសូវរឹងមាំនៅតំបន់ខាងក្រោមទេ ហើយបានរបូតគ្រាប់បាល់នៅ៦លើកចុងក្រោយ។
នោះអាចនឹងយ៉ាប់ពេលប៉ះ Arsenal ដែលការពារយ៉ាងរឹងមាំជាមួយនឹង Clean Sheet ៣លើកក្នុង៤ប្រកួតចុងក្រោយរបស់ពួកគេ។
Brighton បានយកឈ្នះក្រុមកាំភ្លើងធំ ៣-១ នៅពេលដែលក្រុមទាំងពីរជួបគ្នាចុងក្រោយក្នុង EFL Cup កាលពីខែវិច្ឆិកា។ ទោះយ៉ាងណា គ្រូបង្វឹកលោក Mikel Arteta បានកីឡាករបម្រុងឱ្យលេងសម្រាប់ការប្រកួតនោះ ហើយបើដាក់ឈុតធំកម្លាំងពេញ នោះពួកគេប្រាកដជាឈ្នះ។
Brighton លេងបានល្អណាស់នៅក្នុងផ្ទះ ប៉ុន្តែថ្មីៗនេះលទ្ធផលបានធ្លាក់ចុះ ហើយពួកគេទើបតែឈ្នះមួយក្នុងការប្រកួត៤លើកចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Amex ដោយចាញ់២ដង។ Arsenal មានកំណត់ត្រាក្រៅដីល្អបំផុតក្នុងលីក ដោយមាន ១៩ ពិន្ទុពីការប្រកួត ៨ លើកចុងក្រោយ ហើយពួកគេអាចដណ្តើមជ័យជម្នះក្រៅដីជាលើកទី ៧ នៅថ្ងៃចូលឆ្នាំសកល។
ដោយ Bukayo Saka រកបាន ៤ គ្រាប់ក្នុង ៥ ប្រកួតចុងក្រោយរបស់គេសម្រាប់ក្លិបនិងប្រទេស រូបគេច្បាស់ជាអាចរកបានគ្រាប់បាល់លើ Brighton។
លទ្ធផលទស្សនទាយ Arsenal ឈ្នះ ២-០៕
Manchester United រំពឹងឈ្នះនៅទឹកដី Wolves នៅក្បាលព្រលប់ថ្ងៃសៅរ៍