ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖លោកបណ្ឌិតថោងខុនរដ្ឋប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា អស់រយៈពេលមួយអាណត្តិមកហើយ ដែល NOCC បានដាក់ចេញផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពផ្តោតការយកចិត្តទុកដាក់លើការប្រមូលកម្លាំង និងមធ្យោបាយសរុប ឆ្ពោះទៅការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ នេះជាប្រសាសន៍របស់លោកបណ្ឌិត ក្នុងឱកាសបើកមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០១៨-២០២២និងបន្តអាណត្តិថ្មីទី៨ឆ្នាំ២០២២ឆ្នាំ២០២៦របស់NOCCនៅពហុកីឡដ្ឋាន ជាតិមរតកតេជោ ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ។

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា៖«ក្នុងនាមចលនាអូឡាំពិកជាតិក៏ដូចជាតំណាងឱ្យចលនាអូឡាំពិកអន្តរជាតិ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧបត្ថម្ភគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ ផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងកក់ក្តៅ ក្នុងគោលបំណងតែមួយគឺការអភិវឌ្ឍវិស័យកីឡាជាតិឱ្យមានឧត្តមភាពនិងជោគជ័យលើឆាកជាតិ និងអន្តរជាតិ។ ខ្ញុំពិតជាមើលឃើញថា សហព័ន្ធកីឡាជាតិ បានខិតខំប្រឹងប្រែង ពង្រឹងការដឹកនាំគ្រប់គ្រងនិងខិតខំធ្វើសកម្មភាពអភិវឌ្ឍបច្ចេកទេសជំនាញវិជ្ជាជីវៈកីឡារបស់ខ្លួន យ៉ាងស្វាហាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថាអាណត្តិទី៧ពិតជាមានសារសំខាន់ក្នុងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ប៉ុន្តែអាណត្តិទី៨ ប្រចាំឆ្នាំ២០២២-២០២៦រឹតតែមានសារសំខាន់ថែមទៀតក្នុងដំណាក់កាលរៀបចំការប្រកួតឱ្យ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ដូចការរំពឹងទុកស្របតាមផែនការមេ។ដើម្បីធានាបាននូវជោគជ័យក្នុងដំណាក់កាល “Games Time” ឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាជាសមាជិកទាំងអស់គ្នាបាននិងកំពុងស្ថិតនៅក្នុងមហាគ្រួសារចលនាអូឡាំពិកជាតិ មហាគ្រួសារ កីឡាជាតិ មានឆន្ទៈតែមួយ ស្មារតីតែមួយ ឯកភាពគ្នាជាធ្លុងមួយ ឆ្ពោះទៅគោលដៅអភិវឌ្ឍនិងការពារផលប្រយោជន៍កីឡាជាតិទាំងអស់គ្នាពិសេសពង្រឹង សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ឱ្យបានដាច់ខាត ដើម្បីធានា និងផ្តល់ការជឿជាក់ថា SEA Games-ASEAN Para Games យើងពិតជាធ្វើបានគឺ ខ្មែរធ្វើបាន។ដូចនេះ ការរក្សាស្ថិរភាព និងនិរន្តរភាពដឹកនាំ គ្រប់គ្រងចលនាអូឡាំពិកកម្ពុជា ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាធំៗមានសារសំខាន់ទើបគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ “IOC” ក្រុមប្រឹក្សាអូឡាំពិកអាស៊ី “OCA” និងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ “SEAGF” បានណែនាំផ្ទាល់ និងសម្រេចអនុញ្ញាតឱ្យគណៈកម្មាធិការជាតិអូឡាំពិកម្ចាស់ផ្ទះ ប្រើនីតិវិធីរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ ឬបន្តអាណត្តិក្នុងកាលៈទេសៈពិសេស ។

លោកបន្តថា បញ្ហាទាំងអស់នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានទទួលការគាំទ្រ និងយល់ព្រមដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលើសមាសភាពថ្នាក់ដឹកនាំនិងអនុញ្ញាតឱ្យរៀបចំបោះឆ្នោតបន្តអាណត្តិជាកញ្ចប់ ដោយរក្សាគណៈកម្មាធិការប្រតិបត្តិចាស់និងបញ្ចូលគណៈកម្មាធិការប្រតិបត្តិថ្មី ពីររូប៕សរន/R