ដោយ: សុផល/ភ្នំពេញ: ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្ដ្រសំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការកកស្ទះនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ព្រោះតែផ្លូវនេះបានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ។ សព្វថ្ងៃគម្រោងដ៏ធំនេះ បាននឹងកំពុងដំណើរការសាងសង់យ៉ាងសកម្ម។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដំណើរការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ ការងារសម្រេចបាន ៨១,៥៥ ភាគរយហើយ។ សម្រាប់ការងារដែលនៅសេសសល់ គឺនៅត្រង់ដូរទំហំការងារស្ពាននៅប្រឡាយ៩៤ និងប្រឡាយ៩៦ ការងារស្ពានរំលងត្រង់ផ្លូវជាតិលេខ៤ និងការងារផ្លូវត្រង់គីឡូម៉ែត្រ ០+០០ ដល់គីឡូម៉ែត្រ ៥+៩០០ ជាដើម។
សូមជម្រាបថា៖ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង។ផ្លូវនេះដែរបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាមេរិក៕/R