ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ចិនកាលពីថ្ងៃសុក្របានតែងតាំងឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសហរដ្ឋអាម៉េរិកលោកឈីន ហ្កាង( Qin Gang)ជារដ្ឋមន្ត្រីការបរទេសថ្មី។
ជាអ្នកការទូតកំពូលមួយរូបដែលល្បីខាងប្រើពាក្យសម្តីខ្លាំងលើលោកខាងលិច លោកឈីន អាយុ៥៦ឆ្នាំ នឹងជំនួសលោកវ៉ាង យី ដែលជាមុខមាត់កិច្ចការទូតចិនចាប់តាំងពីឆ្នាំ២០១៣។
ឈីន ដែលជាជំនួយការដ៏ទុកចិត្តមួយរូបរបស់ប្រធានាធិបតី ស៊ី ជីនភីង ត្រូវបានដំឡើងឋានៈចូលក្នុងការិយាល័យនយោបាយនៃបក្សកុំម្មុយនីស្តចិនកាលពីខែតុលា និងត្រូវរំពឹងទុកថានឹងដើរតួនាទីធំមួយក្នុងគោលនយោបាយការបរទេស។លោកបានឡើងឋានៈតាមរយៈតួនាទីផ្សេងៗ រួមមានអ្នកនាំពាក្យក្រសួងការបរទេសចិននិងមុខតំណែងជាច្រើននៅស្ថានទូតចិនប្រចាំអង់គ្លេស។
ជាអ្នកក្រុងទៀនជីន(Tianjin)និងនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់លោកធ្លាប់បំរើជានាយកពិធីការរបស់លោកស៊ីរវាងឆ្នាំ២០១៤និង២០១៨ មុនឡើងជាអនុរដ្ឋមន្ត្រីការបរទេសរវាងឆ្នាំ២០១៨និងឆ្នាំ២០២១។
ក្រោយត្រូវបានតែងតាំង លោកឈីននឹងវិលពីវ៉ាស៊ីនតោនមកកាន់ទីក្រុងប៉េកាំងក្រោយបំរើការជាឯកអគ្គរដ្ឋទូតចិនប្រចាំអាម៉េរិកបាន១៧ខែ។សូមបញ្ជាក់ថា លោកត្រូវបានបញ្ជូនទៅអាម៉េរិកនៅឆ្នាំ២០២១និងបានខិតខំការពារផលប្រយោជន៍ចិនព្រមទាំងបញ្ចេញកិច្ចការទូតទន់ភ្លន់របស់ចិន។
ក្នុងអំឡុងពេលស្នាក់នៅក្រុងវ៉ាស៊ីនតោនរបស់លោក តំណាងចិនរូបនេះធ្លាប់បានចូលលេងបាល់បោះក្នុងក្លឹបល្បីរបស់អាម៉េរិកនិងជិះរថយន្តជាមួយ មហាសេដ្ឋីអ៊ីឡុន ម៉ាស ថែមទៀត។កាលនៅជាអ្នកនាំពាក្យក្រសួងការបរទេស លោកបានបញ្ចេញសារនិយមកណ្តាលរបស់ចិនទៅលើប្រធានបទក្តៅៗ។លោកបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងព្យាយាមបញ្ឈប់មិនអោយរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនបើសិនជាខ្លួនបានដឹងផែនការជាមុន ហើយក៏បាននិយាយសម្រាលអំពីសង្គ្រាមមួយជាមួយតៃវ៉ាន់។
ការតែងតាំងលោកឈីញជួនពេលដែលលោកស៊ីជំរុញការផ្សះផ្សារទំនាក់ទំនងជាមួយអាម៉េរិកនិងសម្ពន្ធមិត្តរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។លោកស៊ី បានជួនពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃដិន ក្រៅជំនួបកំពូលG20នៅកោះបាលី និងក៏បានជួបក្រុមមេដឹកនាំដែលជាដៃគូកំពូលៗរបស់អាម៉េរិក រួមមានជប៉ុននិងអូស្ត្រាលី។
លោកវ៉ាង អាយុ៦៩ឆ្នាំ ត្រូវបានតែងតាំងទៅក្នុងជួរការិយាល័យនយោបាយដែលមានសមាជិក២៤រូប ក្រោយការបញ្ចប់សមាជបក្សកាលពីពេលថ្មីៗ។លោកទំនងជាកាន់កាប់គោលនយោបាយការបរទេសសំរាប់គណបក្សបន្ទាប់ពីលោកយ៉ាង យីជិ(ang Jiechi)លាឈប់ពីការិយាល័យនយោបាយនិងចូលនិវត្តន៍។
ក្រោយដឹងថាលោកក្លាយជាប្រមុខការទូតថ្មីរបស់ចិន រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីនកិន បាននិយាយថាលោករំពឹងថានឹងបន្តទំនាក់ទំនងការងារបែបស្ថាបនាមួយជាមួយលោកឈីន ក្នុងតួនាទីថ្មីរបស់លោក៕
ឈីន ហ្កាង ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសចិនថ្មីកាលពីថ្ងៃសុក្រ។លោកតំណាងអោយមុខមាត់ចិននៅអាម៉េរិកចាប់តាំងពីឆ្នាំ២០១៣ និងត្រូវគេផ្តល់រហស្សនាមថា«អ្នកសង្គ្រាមចចក»ដោយសារតែពាក្យសម្តីឆ្លើយតបខ្លាំងក្លាទៅកាន់បណ្តាប្រទេសលោកខាងលិច ដែលបានធ្វើអោយប៉ះពាល់ផលប្រយោជន៍ចិន