ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យោធារបស់រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនបីគ្រាប់នៅព្រឹកថ្ងៃសៅរ៍ទី៣១ធ្នូនេះគឺតែប៉ុន្មានថ្ងៃបន្ទាប់ពីដ្រូនរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងចំនួនប្រាំគ្រឿងបានហោះឆ្លងកាត់ព្រំដែនរួមគ្នានិងចូលទៅក្នុងដែនអាកាសរបស់កូរ៉េខាងត្បូង។
ភាពតានតឹងផ្នែកយោធានៅឧបទ្វីបកូរ៉េបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ខណៈកូរ៉េខាងជើងបានសាកល្បងអាវុធក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមករួមទាំងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបកម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីខែមុន។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសៅរ៍ថា “កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណចូលទៅសមុទ្រខាងកើត” ដោយសំដៅទៅលើដែនទឹកដែលគេស្គាល់ដែរថា សមុទ្រជប៉ុន។
ការបំពានដែនអាកាសកាលពីថ្ងៃចន្ទដោយដ្រូនរបស់កូរ៉េខាងជើង ដែលមួយគ្រឿងក្នុងចំណោមនោះបានហោះជិតរដ្ឋធានីសេអ៊ូលបានជំរុញឱ្យយោធាកូរ៉េខាងត្បូងដាក់ពង្រាយយន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្រវាយប្រហារ។ប៉ុន្តែទោះបីជាមានប្រតិបត្តិការរយៈពេលប្រាំម៉ោងក៏ដោយ ក៏យោធានៅតែបរាជ័យក្នុងការបាញ់ទម្លាក់ដ្រូនសូម្បីមួយគ្រឿង ដែលបង្កឱ្យមានការរិះគន់យ៉ាងទូលំទូលាយជុំវិញការឆ្លើយតបនិងការសុំទោសពីរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ូល បាននិយាយថា ឧបទ្ទវហេតុនេះគឺ “មិនអាចអត់ឱនឱ្យបានទេ” ហើយបានបន្ថែមថា កូរ៉េខាងត្បូងគួរតែធានាថា រដ្ឋាភិបាលព្យុងយ៉ាងនឹងបានដឹងខ្លួនថា “ការបង្កហេតុតែងតែជួបប្រទះជាមួយនឹងផលវិបាកដ៏អាក្រក់”។
យោធារបស់រដ្ឋាភិបាលក្រុងសេអ៊ូលបានធ្វើសមយុទ្ធជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍ដែលមេទ័ពកំពូលរបស់ប្រទេសនិយាយថានឹងធ្វើឱ្យប្រសើរឡើងនូវការការពាររបស់ខ្លួនប្រឆាំងនឹងការបង្កហេតុរបស់ដ្រូននាពេលអនាគត។
ថ្ងៃចន្ទបានកត់សម្គាល់ជាថ្ងៃទីមួយក្នុងរយៈពេលប្រាំឆ្នាំ ដែលដ្រូនរបស់កូរ៉េខាងជើងបានហោះចូលទៅក្នុងដែនអាកាសរបស់កូរ៉េខាងត្បូង៕
កូរ៉េខាងជើងបានសាកល្បងអាវុធក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ២០២២