ដោយ :ប.ជ័យ / បន្ទាយមានជ័យៈ ថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច និង កងកម្លាំងចម្រុះគ្រប់ថ្នាក់ បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន សប្បុរសជន ដែលឧបត្ថម្ភម្ហូបអាហារ និងភេសជ្ជ:ស្រាល ដល់មន្ត្រីអាជ្ញាធរ សមត្ថកិច្ច កងកម្លាំង ក្នុងប្រតិបត្តិការសង្គ្រោះ និងគ្រប់គ្រង អគ្គិភ័យ កាស៊ីណូនៅប៉ោយប៉ែត តាំងពីយប់ថ្ងៃទី២៨ ដល់ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នេះ ។ ក្រុមហ៊ុន សប្បុរសជនទាំងនោះ មានក្រុមហ៊ុនកាស៊ីណូ ដែលមានរបស់ថៃ កម្ពុជា ចិន ជាដើម ។

មន្ត្រីនានា បានប្រាប់រស្មីកម្ពុជា នៅព្រលឹមថ្ងៃទី៣១ ខែធ្នូនេះថាៈ ក្នុងពេលចុះ បំពេញបេសកកម្ម ដូចខាងលើ មន្ត្រីអាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងចម្រុះ បានទទួលការឧបត្ថម្ភ ពីប្រភពជំនួយដូចខាងលើ នូវម្ហូបអាហារ ភេសជ្ជៈ:ស្រាល មានទឹកផ្អែម ទឹកក្រូច កាហ្វេ ទឹកសុទ្ធ សឹងតែគ្រប់បរិបូរណ៍។

មន្ត្រី បានបន្តថាៈ សកម្មភាពទាំងនេះរបស់អ្នកសប្បុរស មិនត្រឹមតែស ឱ្យឃើញនូវ សមានចិត្ត ចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច នៃរាជរដ្ឋាភិបាល ក្នុងការចូលរួម រំលែកទុក្ខ ចំពោះការបាត់បងជីវិត អ្នកជាទីស្រឡាញ់នៃគ្រួសារសព និងចូលរួម សោកស្តាយ ចំពោះការឆេះខូចខាតសំណង់ ទ្រព្យសម្បត្តិរបស់ម្ចាស់ក្រុមហ៊ុន ប៉ុណ្ណោះទេ ប៉ុន្តែបានបញ្ជាក់ឱ្យឃើញ ពីស្មារតីសាមគ្គីភាព ការរំលែកទុក្ខលំបាក និងជួយគ្នាក្នុងគ្រាអាសន្ន ទុក្ខព្រួយ ផងដែរ ។

សូមរំលឹកថា អគ្គិភ័យនៅកាស៊ីណូដាយមេនរីសត Royal G Clubឬ Grand Diamond City និងកាស៊ីណូ Casino Poipet Resort នាក្រុងប៉ោយប៉ែត បានកើតឡើង កាលពីវេលាម៉ោងជាង ១១ យប់ថ្ងៃទី២៨ ខែធ្នូ ហើយរលត់ គ្រប់គ្រងបានទាំងស្រុង នៅម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី៣០ ខែធ្នូ ហើយ បិទបញ្ចប់ការសង្គ្រោះ រុករកជនរងគ្រោះ នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ៕/V-PC