ដោយ៖ រស្មី/ភ្នំពេញៈ ក្រុមអ្នកថតរូប Cambodia Street Photography បានធ្វើការសម្ភោធសៀវភៅរបស់ខ្លួនជាផ្លូវការ “Cambodia Street Photography ២០២១” កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅរោងភាពយន្ត Prime Ciniplex ទួលគោក ដែលមានការចូលរួមទាំង ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសអ្នកចូលចិត្តវិស័យថតរូប ជាច្រើននាក់។

លោក សួង ម៉ារឌី ជាស្ថាបនិក និងជាតំណាងឱ្យសមាជិកអ្នកគ្រប់គ្រង ក្រុម Cambodia Street Photography  សូមសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះវត្តមាន ឯកឧត្តម  អស់លោក លោកស្រីភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួម ក្នុងកម្មវិធីសម្ពោធសៀវភៅស្នាដៃ Cambodia Street Photography សម្រាប់ឆ្នាំ២០២១ ដែលជាសៀវភៅស្នាដៃដំបូងបង្អស់របស់ក្រុម នៅក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា ៖ ការផលិតសៀវភៅស្នាដៃរបស់ក្រុម Cambodia Street Photography ជាលើកដំបូងសម្រាប់ឆ្នាំ២០២១នេះ គឺក្នុងគោលបំណងចំបងធំចំនួន៤ ៖

១. ចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹងអំពីការថតរូបតាមដងផ្លូវ  និងជួយបំផុស គំនិតច្នៃប្រឌិតនៃការថតរូបប្លែកៗ ដែលមានភាពទាក់ទាញ់នៅតាមទីសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា

២. ជំរុញ និងលើកទឹកចិត្តយុវជន ដែលស្រលាញ់វិស័យថតរូបគ្រប់វ័យ និងគ្រប់មជ្ឃដ្ខាន ឲ្យស្គាល់អំពីគុណតម្លៃនៃរូបភាព (ព្រោះរូបភាពគឺតឹកតាង និងការចង់ចាំដ៏សំខាន់)

៣.ផ្តល់ឱកាសឲ្យសមាជិកក្នុងក្រុម អាចធ្វើការប្រកួតប្រជែងស្នាដៃ តាមរយៈការជ្រើសរើសរូបល្អប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ និងធ្វើការបោះពុម្ភសៀវភៅប្រចាំឆ្នាំផងដែរ

៤. ដើម្បីផ្សព្វផ្សាយអំពីស្នាដៃថតរូបដល់អន្តរជាតិឲ្យបានស្គាល់ និងដឹងអំពីសមត្ថភាពរបស់អ្នកថតរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

Cambodia Street Photography ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ដោយមានលោក សួង ម៉ារឌី ជាស្ថាបនិក និងមានសមាជិកអ្នកគ្រប់គ្រងចំនួន៧នាក់ទៀត ។

Cambodia Street Photography គឺជាក្រុមឯករាជ្យមួយលើបណ្តាញសង្គម Facebook ដែលមានទំព័រ (Facebook page) ផ្លូវការ និងមានក្រុម (Facebook group) ដែលបច្ចុប្បន្នមាន សមាជិក ចំនួនជិត ៨ពាន់នាក់។

ដោយមានការសហការសម្របសម្រួល រវាងសមាជិកអ្នកគ្រប់គ្រងក្រុម បងប្អូនស្ម័គ្រចិត្ត ជាពិសេសដៃគូរឧបត្ថម្ភគាំទ្រ និងសប្បុរសជនដែលបានបរិច្ចាកនូវថវិកាផ្ទាល់ខ្លួន ក្រុម Cambodia Street Photography មានលទ្ធភាពផលិតសៀវភៅស្នាដៃនេះឡើង ចំនួន ៥០០ក្បាល ដើម្បីចែកជូនតាមបណ្តាស្ថាប័ន វិទ្យាស្ថានអប់រំ សាលារៀន ស្ថានទូតនានា និងអ្នកមានបំណងសិក្សាស្រាវជ្រាវលើវិស័យថតរូបនៅក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ លោក សួង ម៉ារឌី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ដែលជាអ្នកស្រលាញ់ការថតរូប ដៃគូឧបត្ថម្ភគាំទ្រ និងសប្បុរសជន  ដែលបានចំណាយពេលដ៏មានតម្លៃ ក្នុងការចូលរួម​កម្មវិធី​សម្ពោធសៀវភៅស្នាដៃ Cambodia Street Photography សម្រាប់ឆ្នាំ២០២១  ប្រកបដោយក្តីសោមនស្សរីករាយ និងដោយក្តី ស្រលាញ់ ចូលចិត្ត លើវិស័យថតរូបក្នុងប្រទេសកម្ពុជា នាថ្ងៃនេះ ។