ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន ស៊ី ជីនភីង កាលពីរសៀលថ្ងៃសុក្របានជួបសន្ទនាគ្នាតាមវីដេអូបន្តផ្ទាល់ដោយមេដឹកនាំទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហការទ្វេភាគីរបស់ប្រទេសទាំងពីរចំពេលអ៊ុយក្រែនជួបការវាយប្រហារដោយរ៉ុក្កែតនិងដ្រូនពេញមួយយប់ទៀតបន្ទាប់ពីរងការបាញ់កាំជ្រួចទ្រង់ទ្រាយធំពីកងកម្លាំងរុស្ស៊ី។
ពូទីន កាលពីថ្ងៃសុក្របានប្រាប់សមភាគីចិន ស៊ី ជីនភីង ថា«យើងមានបំណងពង្រឹងកិច្ចសហការយោធារវាងកងកម្លាំងរុស្ស៊ីនិងចិន»
ការសន្ទនាតាមវីដេអូនៅថ្ងៃចុងឆ្នាំរបស់លោកទាំងពីរ បញ្ជាក់ការពឹងអាស្រ័យកាន់តែខ្លាំងឡើងរបស់រុស្ស៊ីលើរដ្ឋាភិបាលទីក្រុងប៉េកាំង។លោកពូទីនបាននិយាយថា លោករំពឹងថាប្រធានាធិបតីចិន ស៊ីជីនភីង នឹងទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីនៅឆ្នាំ២០២៣ ក្នុងអ្វីដែលអាចជាការបង្ហាញសាមគ្គីភាពជាសាធារណៈមួយពីរដ្ឋាភិបាលក្រុងប៉េកាំងចំពេលយុទ្ធនាការយោធារបស់ក្រុងមូស្គូនៅរយៈពេលដប់ខែមកនេះមិនសូវទទួលបានជោគជ័យ។
ក្នុងការចាប់ផ្តើមសន្ទនាគ្នាដែលត្រូវបានផ្សាយតាមទូរទស្សន៍រដ្ឋ លោកពូទីន បាននិយាយថា«យើងរំពឹងថាលោកប្រធានជាទីស្រាឡាញ់ មិត្តជាទីស្រឡាញ់នឹងមកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅក្រុងមូស្គូនានិទាឃរដូវខាងមុខ»។
លោកបានបន្តថាដំណើរទស្សនកិច្ចនេះនឹងបង្ហាញពិភពលោកអំពីទំនាក់ទំនងជិតស្និទ្ធរវាងចិននិងរុស្ស៊ី។លោកថា ទំនាក់ទំនងរុស្ស៊ី-ចិនបាននិងកំពុងរីកចំរើនឡើងដោយវាប្រើជាកក្តាបង្កើតស្ថិរភាពមួយនិងថាលោកមានបំណងពង្រឹងកិច្ចសហការយោធារវាងប្រទេសទាំងពីរហើយអបអរកិច្ចខិតខំរបស់រដ្ឋាភិបាលទីក្រុងមូស្គូនិងប៉េកាំងក្នុងការវាយបកលើសម្ពាធនិងការបង្ករឿងពីលោកខាងលិច។
ក្នុងការឆ្លើយតប លោកស៊ីបានបញ្ជាក់ថាចិនត្រៀមខ្លួនបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយរុស្ស៊ីដើម្បីប្រឆាំងនឹងអ្វីដែលលោកហៅថា«ស្ថានការណ៍លំបាក»មួយនៅក្នុងពិភពលោក។លោកថា ផ្លូវទៅកាន់កិច្ចពិភាក្សាសន្តិភាពស្តីអ៊ុយក្រែននឹងមិនរលោងទេ និងថាចិននឹង«បន្តប្រកាន់គោលជំហរមិនលម្អៀងនិងត្រឹមត្រូវ»របស់ខ្លួនលើបញ្ហានេះ ។
លោកស៊ីក៏បានអរគុណលោកពូទីនចំពោះការផ្ញើសារអបអរមួយបន្ទាប់ពីសមាជបក្សកាលពីខែតុលាបានប្រគល់អំណាចសំរាប់អាណត្តិទីបីដល់រូបលោកនិងថាចិន ត្រៀមខ្លួនពង្រីក«ភាពជាដៃគូយុទ្ធសាស្ត្រ»៕