ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះថាៈ យុទ្ធនាការធ្វើ អត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ នៅតាមបណ្តាភូមិ និងតាមខ្នងផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបានធ្វើជូនប្រជាពលរដ្ឋ ចំនួន ២២.៧៥៦ នាក់។

លោក សាន សុខសីហា បានបញ្ជាក់ថាៈ យុទ្ធនាការនេះ គឺពិតជាល្អ ដែលបានផ្តល់ សេវាកាន់តែកៀក ដល់ប្រជាពលរដ្ឋ បងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងការមកធ្វើ អត្តសញ្ញាណបណ្ណ ដោយពួកគាត់បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានផ្តួចផ្តើម និងជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ផ្នែកកអត្តសញ្ញាណបណ្ណ គឺចុះធ្វើជូនប្រជាពលរដ្ឋ តាមភូមិ និងតាមខ្នងផ្ទះ ហើយវាជាចំណុចមួយល្អ ដែលមានការគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងជំរុញបន្ថែម ក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋ ទាំង ២ ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងសល់សុពលភាព ត្រឹម ៩០ ថ្ងៃ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានធ្វើការណែនាំដាស់តឿន និងពន្លឿនបន្ថែម ក្នុងយុទ្ធនាការ នៃការចុះធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់ចំណេញ ទាំងពេលវេលា ដើម្បីយកទៅប្រកបរបរ រកស៊ីផ្សេងៗ គឺមិនចាំបាច់ពិបាក មករង់ចាំទៀតទេ៕ V / N