ចាប់ពីថ្ងៃទី១ មករា ស្អែកនេះតទៅ គ.ស.ច.គ. នឹងចាប់ផ្ដើមអនុវត្តកម្មវិធី ដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស
ដោយៈ ទេព មង្គល / ភ្នំពេញៈ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) នឹងដំណើរការអនុវត្តពេញលេញ នូវកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ បន្ទាប៉ពីក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការអនុវត្តសាកល្បង នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ។
បើយោងតាមសេចក្តីជូនដំណឹង ចុះនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នោះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអះអាងថាៈ ការដាក់ឱ្យ ដំណើរការនូវកម្មវិធីដកពិន្ទុ បណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់ឧបករណ៍ បច្ចេកទេសនេះ ដោយយោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៤៣ និងមាត្រា៤៤ និងអនុលោម តាមប្រកាសអន្តរក្រសួង លេខ ២៣១៣ ប្រក ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ ស្តីពីការពិន័យជាប្រាក់ចំពោះអំពើល្មើសនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាសអន្តរក្រសួង លេខ១៧៦ ប្រក.សក.ដជក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញ សម្រាប់បណ្ណបើកបរ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ពីការដាក់ឱ្យ ដំណើរការនូវកម្មវិធីនេះ គឺក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការរឹតបន្តឹង អនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបានជាអតិបរមា ក៏ដូចជា ការបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាព ក្នុងការពិន័យអន្តរការណ៍ ចំពោះអំពើ ល្មើសនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការជូនដំណឹង ដល់សាធារណជន មេត្តាជ្រាបដូចតទៅ៖
១.កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើស ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយ ក្រសួងមហាផ្ទៃ និងក្រសួងសាធារ ណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរការអនុវត្ត សាកល្បងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយនឹងដំណើរការអនុវត្តពេញលេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ។
២.ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្ត ដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រា ព័ត៌មាន រក្សាទុកក្នុងប្រព័ន្ធ។ ដូចនេះ សូមអ្នកបើកបរយានយន្តគ្រប់រូប យកតាមខ្លួន នូវបណ្ណបើកបរយានយន្ត (ច្បាប់ដើម) ដើម្បីផ្ដល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និង អនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។
៣.ការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក អាចបង់ប្រាក់នៅតាមបញ្ឈរទ្រូម៉ាន់នី ឬភ្នាក់ងារទ្រូម៉ាន់នី ឬតាមប្រព័ន្ធស្វ័យប្រវត្តិ កម្ម របស់ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney Mobile App) បន្ថែមលើ ការបង់ប្រាក់ ដោយផ្ទាល់ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹម និងជឿជាក់ លើការចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ពីសំណាក់អ្នកបើកបរ យានយន្តគ្រប់រូប។
សូមរំលឹកជូនថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ កម្មវិធីនេះ បានដាក់ឱ្យដំណើរការ អនុវត្តសាកល្បង នៅតាមគោលដៅមួយចំនួន ដែលគិតមកទល់ពេលនេះ មានរយៈពេល ៤ខែ និងមានបណ្ណបើកបរ ប្រមាណ ២៣.០១៥ បណ្ណ ត្រូវបានដកពិន្ទុ ៕/V