ដោយ: បូកគោ / កំពតៈ ស្របតាមសេចក្តីប្រកាសជូនដំណឹង ជាបន្តបន្ទាប់ នាពេលកន្លងទៅ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពត បានចាប់ផ្តើមបើកកម្មវិធីសប្បាយៗ ជាច្រើនផ្នែក ដើម្បីអបអរសាទរ ពិធីបុណ្យឆ្លង ឆ្នាំសកល។ ក្នុងនោះ ការប្រណាំងទូកម៉ាស៊ីននេសាទសមុទ្រ នៅឆ្នេរខ្សាច់កោះស្មៅ ជារូបភាពប្លែកមួយ ដែលមិនធ្លាប់មាន ហើយបានបង្កក្តីសប្បាយរីករាយ ទាំងអ្នកទស្សនា និងក្រុមកីឡា ចូលរួមប្រកួតផ្ទាល់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថាៈ ក្នុងចំណោមទស្សនីយភាពកម្សាន្តសប្បាយ សម្រាប់អបអរពិធីបុណ្យឆ្លងឆ្នាំសកល ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ការប្រណាំងទូកម៉ាស៊ីននេសាទសមុទ្រ ជារូបភាពប្លែក មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ និងបានធ្វើឱ្យអ្នកទស្សនា ក៏ដូចជា ក្រុមកីឡាចូលរួមប្រកួតផ្ទាល់ មានភាពសប្បាយរីករាយគ្រប់គ្នា។

ទូកដែលចូលរួមប្រកួតទាំងនោះ បានធ្វើឡើងបែបធម្មជាតិ ដោយមិនមានកែច្នៃ ឬតុបតែងលម្អអ្វីឡើយ ពោលគឺ លក្ខណៈប្រចាំថ្ងៃបែបណា ធ្វើឡើងបែបនោះ តែម្តង។

ចំណែកក្រុមប្រជានេសាទ ដែលចូលរួមក្នុងការប្រណាំង ខាងលើ បានរៀបរាប់ថាៈ ពួកគាត់ពិតជារីករាយ ដែលបានមកចូលរួម ប្រណាំងទូកពេលនេះ។ ក្រៅពីបាន សប្បាយ ក្នុងការជួបជួបជុំ ជាមួយអ្នកនេសាទ មកពីតំបន់ផ្សេងៗ ការប្រណាំង ក៏អាចឈ្នះបានរង្វាន់ជ័យលាភី ដ៏ច្រើនទៀតផង។

សូមបញ្ជាក់ថា ទូកម៉ាស៊ីននេសាទសមុទ្រ ដែលបានចូលរួមប្រកួត មានចំនួន ១១០ គ្រឿង ដោយប្រណាំង ក្នុងរយៈចម្ងាយ មួយគីឡូម៉ែត្រ។ សម្រាប់រង្វាន់ជ័យលាភី លេខមួយ ទទួលបាន ១០ លានរៀល លេខពីរ ៧លានរៀល និងលេខបីចំនួន ៥​ លានរៀល។ ចំណែកទូកដែលមិនជាប់ចំណាត់ថ្នាក់ ក៏ទទួលបានប្រាក់រង្វាន់ លើកទឹកចិត្ត មួយលានរៀលផងដែរ។

ក្រុមប្រជានេសាទ បានសំណូមពរដល់រដ្ឋបាលខេត្តកំពត សូមឱ្យបង្កើតព្រឹត្តិការណ៍ បែបនេះ សម្រាប់ឱកាសក្រោយៗទៀត៕ V / N