ដោយ: សុផល / ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន សំណង់សៀងហៃ របស់ចិន បានពិភាក្សាគ្នា ពិនិត្យលទ្ធផល នៃការសិក្សាសមិទ្ធ លទ្ធភាពដំបូង នៃគម្រោងធ្វើឱ្យប្រសើរផ្លូវជាតិលេខ៨ ចាប់ពីព្រែកតាមាក់ រហូតដល់ពញាក្រែក។

លោក លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សានេះ កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីក្រុមការងារ បច្ចេកទេសពាក់ព័ន្ធ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំ ឱ្យក្រុមហ៊ុនសំណង់សៀងហៃ រៀបចំចងក្រងរបាយការណ៍លទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពនេះ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ក្រសួងពិនិត្យសម្រេច និងសហការឱ្យបានជិតស្និទ្ធ ជាមួយមន្ទីរពិសោធន៍សំណង់ និងសាធារណការ ដើម្បីវិភាគបច្ចេកទេសផ្លូវថ្នល់ សំដៅធ្វើយ៉ាងឱ្យគម្រោងនេះ អាចអនុវត្តទៅបានតាមផែនការ ដែលបានគ្រោងទុក។

សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៨ ប្រវែងសរុប ១២៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ៕ V / N