ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ លោកអ៊ីឡុន ម៉ាស ជាបុគ្គលទីពីរលើលោកដែលធ្លាប់មានទ្រព្យធនជាង២០០ពាន់លានដុល្លារកាលពីខែមករាឆ្នាំ២០២១ នៅពេលតែប៉ុន្មានខែក្រោយពីមហាសេដ្ឋីក្រុមហ៊ុនAmazonលោក ហ្សេហ្វ បេហ្សូស កើនបានទ្រព្យប៉ុណ្ណោះ។
នាយកក្រុមហ៊ុនTeslaនេះឥឡូវសំរេចកំណត់ត្រាថ្មីមួយទៀតតែឯងទេនៅក្នុងប្រវត្តិសាស្ត្រគឺជាបុគ្គលបានខាតបង់ប្រាក់២០០លានដុល្លារពីទ្រព្យសុទ្ធរបស់លោក។
លោកម៉ាស អាយុ៥១ឆ្នាំ បានឃើញទ្រព្យរបស់លោក១៣៧ពាន់លានរលាយបាត់ក្រោយពីភាគហ៊ុនក្រុមហ៊ុនរថយន្តTeslaដាំក្បាលចុះនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រួមមានការធ្លាក់ចុះ១១ភាគរយកាលពីថ្ងៃអង្គារ នេះបើតាមសន្ទស្សន៍Bloomberg Billionaires Index។
ទ្រព្យរបស់លោកបានកើនដល់៣៤០ពាន់លានដុល្លារកាលពីថ្ងៃ៤ វិច្ឆិកា ឆ្នាំ២០២១ ហើយលោកបានក្លាយជាអ្នកមានបំផុតលើលោករហូតទាល់តែមហាសេដ្ឋីជំនួញបារាំង ប៊ែរណាត អាណូល(Bernard Arnault)ចូលជំនួសរូបលោកកាលពីខែធ្នូឆ្នាំ២០២២។ក្រុមហ៊ុនTeslaបានឡើងថ្លៃហួស១ទ្រីលានដុល្លារជាលើកដំបូងនៅខែតុលាឆ្នាំ២០២១ ដោយចូលរួមជាមួយក្រុមហ៊ុនធំៗនិងល្បីបំផុតក្នុងលោកApple, Microsoft, Amazonនិង Alphabet ទោះជារថយន្តអគ្គិសនីរបស់វាតំណាងអោយចំណែកតូចមួយនៃទីផ្សាររថយន្តសរុបក្តី។
ឥឡូវ ការត្រួតត្រារបស់Teslaនៅក្នុងទីផ្សាររថយន្តអគ្គិសនី កំពុងជួបការប្រជែងខ្លាំងនៅពេលគូប្រជែងកាន់តែកើតមានច្រើន។ក្រុមហ៊ុនប្រកាសលក់ចុះថ្លៃដល់ទៅ៧.៥០០ដុល្លារក្នុងមួយគ្រឿងសំរាប់រថយន្តពីរម៉ូដែលថ្លៃបំផុតរបស់ខ្លួននៅមុនដំណាចឆ្នាំនេះ ក្នុងពេលប្រកាសកាត់បន្ថយផលិតកម្មនៅរោងចក្ររបស់ខ្លួននៅសៀងហៃទៀតផង។
ក្នុងពេលលោកម៉ាសជួបសម្ពាធខ្លាំងនៅTesla លោកក៏ជួបគ្រោះធំនៅក្នុងហ៊ុនបណ្តាញសង្គមTwitterដែលលោកបានកៀរគរទុន៤៤ពាន់លានរួមទាំងលុយពីការលក់ភាគហ៊ុនTeslaដើម្បីទិញវាកាលពីខែតុលា។លោកបានចាត់វិធានការបែបថៅកែ ដោយបណ្តេញចោលបុគ្គលិករាប់ពាន់នាក់ភ្លាមៗរួមទាំងអ្នកចាត់ចែងការ ចូលគ្រប់គ្រងដោយខ្លួនឯង ប្រកាសខាតបង់រាប់រយលាននិងព្រមានក្ស័យធនចំពេលបុគ្គលិកប្រឆាំងរបៀបដឹកនាំរបស់លោក។
ភាគហ៊ុនTeslaធ្លាក់ចុះថ្លៃខ្លាំង គឺធ្លាក់អស់៦៥ភាគរយនៅឆ្នាំ២០២២ ហើយលោកម៉ាសបានលក់វាចេញភាគច្រើននៅឆ្នាំ២០២២ដើម្បីយកលុយទៅបង្គ្រប់ការទិញTwitter ដែលក៏ជាការខាតបង់ប្រាក់សន្ធឹកសន្ធាប់របស់លោក។
លោកម៉ាសឥឡូវមានភាគហ៊ុន៤២,២ភាគរយនៅក្រុមហ៊ុនSpaceX។
លោក ម៉ាសច្រានចោលការព្រួយបារម្ភអំពីក្រុមហ៊ុនTeslaនិងជាថ្មីទៀតលោកបានប្រើបណ្តាញសង្គមTwitterដើម្បីរិះគន់ធនាគារកណ្តាលអាម៉េរិកចំពោះការដំឡើងអត្រាកាប្រាក់ក្នុងល្បឿនលឿនបំផុតក្នុងជំនាន់មួយ។លោកបាននិយាយថា«Teslaនឹងល្អប្រសើរឡើងជាងមុន!។យើងមិនគ្រប់គ្រងធនាគារកណ្តាលទេ។នោះជាបញ្ហាពិតនៅទីនេះ»៕
លោកអ៊ីឡុន ម៉ាស ជាបុរសមានបំផុតលើលោក មុនមហាសេដ្ឋីបារាំងចូលជំនួសកាលពីចុងឆ្នាំ២០២២
អ៊ីឡុន ម៉ាស(ឆ្វេង) ហ្សេហ្វ បេហ្សូស,ចាវ ឆាងប៉េង និងម៉ាក ហ្សាក់ឃឺប៊ឺក ឃើញទ្រព្យរបស់គេ៣៩២ពាន់លានដុល្លាររលាយបាត់ក្នុងឆ្នាំ២០២២