ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ​ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានឃើញ និងតាមដានបណ្ដាញព័ត៌មានសង្គម មានគណនី ហ្វេសប៊ុក ឈ្មោះ ” សុខ ទូច ” បានចុះផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នូវអត្ថបទមួយថា “ដុតរថយន្តចោល ដោយសារដឹកឈើ មនុស្សទេ ជាអ្នកធ្វើទុក ទាំងឈើទុកទាំងរថយន្ត ចាប់មនុស្ស ខុសច្បាស់នោះ ដាក់គុកវិញ ទើបត្រូវ រថយន្តគ្មានវិញ្ញាណ និងមិនមានជីវិតទេ ។ ហើយមានការបញ្ចេញយោបល់ នៅក្នុងនោះមាន (76 Comments) គណៈកម្មការជាតិ បានតាមដានមើល ការបញ្ចេញយោបល់នីមួយៗ ហើយយោបល់ទាំងនោះ ភាគច្រើនមានការបំផ្លើស ញុះញង់ យោបល់គ្មានវិជ្ជាជីវៈ និងអសីលធម៌ ដោយសារបញ្ចេញយោបល់ មិនថ្លឹងថ្លែងរកការពិត និងមិនទាន់យល់ច្បាស់ពីច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។​ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០២២។

អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន បុគ្គលដែលបានបញ្ចេញយោបល់ និងគណនីហ្វេសប៊ុក ឈ្មោះ សុខ ទូច ថា គណៈកម្មការជាតិ បានបំពេញតួនាទី ភារកិច្ច តាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន គឺស្របនឹងច្បាប់ស្តីពី ព្រៃឈើ, ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ, ក្រមនីតិវិធីព្រហ្មទណ្ឌ និងលិខិតបទដ្ឋាន គតិយុត្តដែលពាក់ព័ន្ធ ។ល។

សូមបញ្ជាក់ថា គណៈកម្មការជាតិ មានសមាសភាពគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងនោះក៏មាន តំណាងក្រសួងយុត្តិធម៌ផងដែរ។ ការអនុវត្តការងារមានយុទ្ធសាស្ត្រ ផែនការ កម្មវិធីច្បាស់លាស់តាមដំណាក់ កាលនីមួយៗ មានការអប់រំ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធធនធានធម្មជាតិ ជាសាធារណៈ ដើម្បីឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងចុងក្រោយ ដោយសារបុគ្គលមួយចំនួន មិនរាងចាលនៅតែបន្តប្រព្រឹត្តបទល្មើស ទើបឈានដល់ការអនុវត្តច្បាប់ ព្រមទាំងធ្វើការបំផ្លាញចោលនូវមធ្យោបាយ ដែលមានគោលដៅបំផ្លាញព្រៃឈើ ទប់ស្កាត់ឧក្រិដ្ឋកម្មព្រៃឈើ រក្សាបានព្រៃឈើ គង់វង្ស ដោយអនុលោមតាមមាត ១១៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ … វត្ថុដែលមាន គ្រោះថ្នាក់ចំពោះមនុស្ស ឬចំពោះទ្រព្យសម្បត្តិ … ព្រមទាំងវត្ថុ​ដែលបានកាន់កាប់ ដោយខុសច្បាប់ មិនអាចប្រគល់ឱ្យវិញបានទេ។ វត្ថុទាំងនោះត្រូវរឹបអូសទុក ជាសម្បត្តិរដ្ឋ ឬត្រូវបំផ្លាញចោល … ។ មធ្យោបាយដែលគណៈកម្មការជាតិបំផ្លាញ ចោល តាមច្បាប់កន្លងទៅ ជាមធ្យោបាយក ច្នៃខុសលក្ខណៈបច្ចេកទេស សម្រាប់ដឹកឈើខុសច្បាប់តែប៉ុណ្ណោះ និងល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយមិនមែនជាមធ្យោបាយ អាចប្រើប្រាស់ជាប្រយោជន៍សង្គមជាតិនោះទេ។ សូមបុគ្គលដែលបញ្ចេញយោបល់ទាំងអស់ មេត្តាយកចំណេះវិជ្ជា ដែលបានរៀន សូត្រពិចារណាសិន មុននឹងបញ្ចេញយោបល់ក្នុងន័យស្ថាបនា។ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដោយបូកសរុបលទ្ធផលការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ធ្វើរបាយការណ៍ ជូនប្រមុខរាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំ ក៏បានវាយតម្លៃ សន្និដ្ឋាន នូវសភាពការណ៍បទល្មើសធនធានធម្មជាតិ នៅកើតមាន ប៉ុន្តែបានផ្លាស់ប្ដូរពីទ្រង់ទ្រាយធំ ជារូបភាពតូចៗ ជាជីវភាពលក្ខណៈ គ្រួសារ ប្រពៃណី…ទោះយ៉ាងណា គណៈកម្មការជាតិ បានដាក់ចេញទិសដៅបន្ត៖ ក្រសួង ស្ថាប័ន អាជ្ញាធរ កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តពង្រឹងទប់ស្កាត់ ឈើដែលនៅក្នុងព្រៃ ត្រួតពិនិត្យឈើ តាមដេប៉ូ តាមសិប្បកម្មកែច្នៃដែលប្រមូល ទិញឈើដោយខុសច្បាប់។ ទប់ស្កាត់ឈើ និងធ្យូងដែលឆ្លងកាត់ព្រំដែន​ព្រមទាំង ត្រូវបង្ក្រាបមេក្លោង ដែលផ្តល់ធនធាន មធ្យោបាយ និងប្រមូលទិញឈើដោយ ខុសច្បាប់៕/V