ភ្នំពេញៈ នៅក្នុងឆ្នាំ២០២២ មានព្រឹត្តិការណ៍ជាតិសំខាន់ៗ ជាច្រើន បានកើតឡើង ដូចជា កម្ពុជា ជាប្រធានអាស៊ាន បញ្ហាឆ្លងកូវីដ១៩ រួមទាំងព្រឹត្តិការណ៍ជាច្រើនទៀត។
១- យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដល់កុមារ និងយុវវ័យ អាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចាប់ផ្តើមពីរាជធានី ខេត្ត ចំនួន ៤
កូវីដ១៩ នៅដើមឆ្នាំ២០២២ គឺបានបន្តឆ្លងរាលដាលខ្លាំងដែរ ហើយដំណើរការចាក់វ៉ាក់សាំងក៏បន្ត ពិសេសចាក់ដូសទី៣ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ។ ការចាក់វ៉ាក់សាំង ដូសជំរុញ ដូសទី៣ ដូសទី៤ និងដូសទី៥ ដើម្បីរួមចំណែកការពារយើងពីជំងឺកូវីដ១៩ បន្ថែមពីលើវិធានការ ៣កុំ និង ៣ការពារ។ កូវីដយើងកាលណោះ ផ្ទុះឆ្លងខ្លាំងឡើងវិញ នៅអំឡុងខែកុម្ភៈ ដោយវាយលុកប្រភេទអូមីក្រុង។ ប៉ុន្តែយើងមិនមានអ្នកស្លាប់បន្តទៀតឡើយ ហើយអ្នកឈឺ ដែលឆ្លងកូវីដថ្មី ស្ទើរតែទាំងអស់ អាចព្យាបាលដោយខ្លួនឯង នៅផ្ទះ ដោយត្រឹមតែ ១សប្តាហ៍ បានជាសះស្បើយវិញហើយ។
២- ប្រធានាធិបតីឥណ្ឌូនេស៊ី គាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២
នៅព្រឹកថ្ងៃទី៤ ខែមករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបតាមទូរស័ព្ទ ជាមួយឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ បានធ្វើឡើង មុនពេលសម្តេចតេជោ អញ្ជើញទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី៧មករា។ ក្នុងជំនួបជាមួយឯកឧត្តម Joko Widodo បានបង្ហាញនូវការគាំទ្រចំពោះសម្តេចតេជោ ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ២០២២ នេះ។
៣-សម្តេចតេជោ ហ៊ុន សែន ផ្តើមដំណើរទស្សនកិច្ច ២ថ្ងៃ នៅប្រទេសមីយ៉ាន់ម៉ា
ដូចការគ្រោងទុក កាលពីព្រឹកថ្ងៃទី៧ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ច ២ថ្ងៃ នៅប្រទេសមីយ៉ាន់ម៉ា។ នៅពេលអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិណៃពិដោរ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់អំណោយមនុស្សធម៌ សម្ភារៈបរិក្ខារវេជ្ជសាស្ត្ររបស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ជូនទៅដល់ប្រជាជន និងរដ្ឋាភិបាលមីយ៉ាន់ម៉ា។ បន្ទាប់មក នៅរសៀលថ្ងៃដដែលនេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងប្រមុខរដ្ឋរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អោងឡាំង តាមកម្មវិធី ដែលបានគ្រោងទុកផងដែរ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅទីក្រុងសិរីសុភ័ណ ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០មករា សម្តេចតេជោ ក៏បានប្រកាសថា ដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា តាមរយៈការជួបពិភាក្សាការងារដោយផ្ទាល់ ជាមួយឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពីថ្ងៃទី៧-៨មករា ទទួលបានជោគជ័យ លើសការរំពឹងទុក។ ក្រៅពីលើកឡើងពីភាពជោគជ័យ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងប្រតិកម្មសាជាថ្មី ជុំវិញការរិះគន់នានា រាប់ទាំងការលើកឡើងរបស់មន្ត្រីការទូតសិង្ហបុរី ដែលជាអតីតអគ្គលេខាធិការអាស៊ានផងដែរ។
៤- ករណីមីយ៉ាន់ម៉ា៖ ចិន ឥណ្ឌា អង់គ្លេស និងជប៉ុន សុទ្ធតែគាំទ្រ ហើយសរសើរកម្ពុជា
រដ្ឋាភិបាលមហាអំណាច នៅអាស៊ី មានចិន ឥណ្ឌា និងជប៉ុន ជាដើម រួមទាំងចក្រភពអង់គ្លេស ដែលជាជើងខ្លាំងមួយ នៅលោកខាងលិច សុទ្ធតែបានបញ្ជាក់អំពីការគាំទ្រ និងកោតសសើរកម្ពុជា សម្រាប់ការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេស អនុរដ្ឋមន្ត្រីការបរទេស និងអ្នកនាំពាក្យក្រសួងការបរទេស ពិសេសក្នុងជំនួបពិភាក្សាជាមួយប្រមុខការទូតខ្មែរ កាលពីពេលថ្មីៗនេះ។
៥- អគ្គលេខាធិការអាស៊ាន ប្រកាសគាំទ្រពេញទំហឹង ជួយការងារកម្ពុជា ក្នុងនាមជា ប្រធានអាស៊ាន ឆ្នាំ២០២២នេះ អោយទទួលបានជោគជ័យ
លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការការអាស៊ាន បានបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា។ ក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមករា លោក លឹម ចុកហ៊ុយ បានប្រកាសគាំទ្រពេញទំហឹង ដើម្បីជួយការងារកម្ពុជាអោយទទួលបានជោគជ័យ ក្នុងនាមប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ។ នៅឆ្នាំ២០២២នេះ អាស៊ានមានការងារច្រើន ដែលត្រូវធ្វើជាអាទិ៍ រួមមាន ការដោះស្រាយបញ្ហាស្តារសេដ្ឋកិច្ច ជំរុញការតភ្ជាប់ឡើងវិញនៅក្នុងតំបន់ ក្រោយការគំរាមកំហែងដោយសារជំងឺកូវីត១៩ បញ្ហាសន្តិភាពនៅមីយ៉ាន់ម៉ា និងការជំរុញពន្លឿនការបញ្ចូលទីម័រខាងកើត ជាសមាជិកអាស៊ាន ជាដើម។
៦-រាជធានីភ្នំពេញ ចាប់បើកយុទ្ធានាការចាក់វ៉ាក់សាំង ដូសទី៤ ជូនពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង
កាលពីថ្ងៃទី២១ ខែមករា រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បន្ទាប់ពីចាក់ជូនមន្ត្រីរាជការជួរមុខ កាលពីសប្តាហ៍មុន។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានចាក់ដូសទី៣រួច មានគម្លាតចាប់ពី ៤ខែឡើង បន្ទាប់ពីការចាក់ដូសទី៣ អោយរួសរាន់ មកចាក់វ៉ាក់សាំង ដើម្បីធានាឱ្យបាននូវភាពស៊ាំសហគមន៍សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
៧-សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមវិដេអូខនហ្វឺរេន ជាមួយនាយឧត្តមសេនីយ៍ មីង អោង ឡាំង ដើម្បីបន្តរកដំណោះស្រាយ លើវិបត្តិនៅមីយ៉ាន់ម៉ា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ មីង អោង ឡាំង មេដឹកនាំជាន់ខ្ពស់របស់មីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃទី២៦ ខែមករា បានជួបពិភាក្សាគ្នា តាមប្រព័ន្ធវីដេអូ ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។
៨- ស្ពានអាកាសថ្មី តម្លៃជិត ១០លានដុល្លារ នៅផ្លូវជាតិលេខ៥ បើកការដ្ឋានសាងសង់
កាលពីព្រឹកថ្ងៃទី៣១ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើកសម្ពោធការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយ នៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលគ្រោងចំណាយថវិកាសាងសងជិត ១០លានដុល្លារសហរដ្ឋអាមេរិក។ ការសាងសង់ស្ពានអាកាសថ្មី ដោយប្រើប្រាស់រូបមន្តយកស្លឹកត្នោតខ្ចប់ស្ករត្នោតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងចូលរួមចំណែកសំខាន់បន្ថែមទៀត ជួយសម្រួល ក៏ដូចជាការរំដោះការកកស្ទះចរាចរណ៍ នាពេលបច្ចុប្បន្ន ក្នុងរាជធានីភ្នំពេញ។
៩- ព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរដល់ក្រុមគ្រួសារលោក បេន ដែលការពារព្រៃឈើ នៅខេត្តព្រះវិហារ
ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ផ្តល់សញ្ជាតិខ្មែរ ដល់ក្រុមគ្រួសារ លោក បេន ជាជនជាតិអាមេរិក ដែលបានចូលមករស់នៅ និងការពារធនធានធម្មជាតិ អស់ជាច្រើនឆ្នាំមកហើយ នៅក្នុងសហគមន៍ភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ។ គ្រួសារលោក បេន មានសមាជិក ៤នាក់ រួមមាន លោក បេន សញ្ជាតិអាមេរិក និងប្រពន្ធ ជាជនជាតិអូស្ត្រាលី រួមទាំងកូនស្រី ២នាក់របស់លោក បេន ដែលមានសញ្ជាតិអូស្ត្រាលី។
១០- សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលួមជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។ ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំ សម្តេចតេជោ ក៏ជួបអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ប្រធានាធិបតីកូរ៉េ រួមទាំងឥស្សរជនជាច្រើនទៀត។ សម្តេចតេជោ និងគណៈប្រតិភូ នឹងវិលត្រលប់មកកម្ពុជាវិញ នាថ្ងៃទី១៣ ខែកុម្ភៈ។
១១- រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកពីការអនុវត្តវិធានការទប់ស្កាត់កូវីដ ក្នុង ១តុ ត្រូវអង្គុយត្រឹម ៧នាក់ប៉ុណ្ណោះ
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានចេញសេចក្តីណែនាំ ដោយក្រើនរំលឹកជាថ្មីលើការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។ ក្នុងការក្រើនរំលឹកជាថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ថា ការជួបជុំ ក្នុងពិធីមង្គលការ ភោជនីយដ្ឋាន ឬពិធីបុណ្យនានា ត្រូវរៀបចំកន្លែងអង្គុយ ឲ្យមានគម្លាត ដោយត្រូវមានចំនួនយ៉ាងច្រើនត្រឹមតែ ៧នាក់ប៉ុណ្ណោះ ក្នុង ១តុ។
ចំណែកក្រសួងសុខាភិបាល បានក្រើនរំលឹកឲ្យពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ ខណៈចំនួនអ្នកឆ្លងកូវីដ១៩ បានហក់ឡើងវិញ គួរឲ្យព្រួយបារម្ភ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានណែនាំឱ្យអ្នកជំងឺ ត្រូវស្នាក់នៅដាច់ដោយឡែក នៅទីតាំង ដែលមានអនាម័យ មានចរន្តខ្យល់ចេញចូលល្អ ត្រូវប្រើឱសថព្យាបាល តាមរោគសញ្ញា តាមការចាំបាច់ និងប្រើឱសថប្រឆាំងវីរុស ដោយគោរពនូវកម្រិតដូសប្រើប្រាស់។
១២- ក្រសួងអប់រំ ដាក់ចេញវិធានការ ៩ចំណុច ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ អូមីក្រុង
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រសួងអប់រំ បានចេញសេចក្តីណែនាំ ចំនួន ៩ចំណុច ដើម្បីឱ្យមន្ត្រីអប់រំ បម្រើការនៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានីខេត្ត ចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។ ក្នុងនោះ បុគ្គលិកអប់រំ ដែលបានចេញទៅបំពេញបេសកកម្មនៅតាមរាជធានីខេត្ត ឬធ្វើដំណើរទៅកន្លែង ដែលមានហានិភ័យ ត្រូវធ្វើតេស្ត Rapid test មុននឹងត្រឡប់មកកាន់ទីកន្លែងបម្រើការវិញ។
១៣- សម្តេចតេជោ ហ៊ុន សែន ចូលរួមបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២
កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាសហប្រធានបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២។ ក្រៅពីចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លើកឡើងពីបញ្ហាមីយ៉ាន់ម៉ា ផងដែរ។
១៤-សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពាន ៧កន្លែង ក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង តម្លៃ ៣៥លានដុល្លារ
កាលពីថ្ងៃទី១៦ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ជាមួយឯកអគ្គរាជទូតជប៉ុន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង។ ស្ពានទាំង ៧កន្លែងនេះ ប្រើប្រាស់ពេលសាងសង់ ចំនួន ២៩ខែ ចំណាយថវិកាអស់ប្រមាណ ៣៥លានដុល្លារអាមេរិក។ នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសណែនាំអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈឲ្យគណបក្សនយោបាយ មានសិទ្ធិធ្វើនយោបាយពេញលេញ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាខែមិថុនាខាងមុខ។
១៥-សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឡាវ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ បានទទួលជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី និងរដ្ឋមន្ត្រីការបរទេសឡាវ នៅវិមានសន្តិភាព។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងគ្រាដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
១៦- កិច្ចប្រជុំចង្អៀតប្រមុខការទូតអាស៊ាន ផ្ដោតលើការស្ដារសេដ្ឋកិច្ច ទប់ស្កាត់ឥទ្ធិពលមហាអំណាច និងបញ្ហាមីយ៉ាន់ម៉ា
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ បានបិទបញ្ចប់ហើយ។ ក្រោយកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានចេញមកធ្វើសន្និសីទកាសែត។ ការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ការទប់ស្កាត់ឥទ្ធិពលមហាអំណាច ទំនាក់ទំនងដៃគូ និងបញ្ហាមីយ៉ាន់ម៉ា គឺជាប្រធានបទនៃកិច្ចប្រជុំនេះ។ ជាការកត់សម្គាល់ ក្រោយកិច្ចប្រជុំ ប្រមុខការទូតខ្មែរ អះអាងថា ក្នុងឋានៈជាប្រធានអាស៊ាន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច និងជួបភាគីពាក់ព័ន្ធ នៅមីយ៉ាន់ម៉ា នាខែមីនាខាងមុខនេះ។
១៧-យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បើកចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ ដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់អាយុក្រោម ៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ។ ចំពោះដំណើរការចាក់វ៉ាក់សាំង ដែលចាប់ផ្តើមដំបូងដល់កូនចៅមន្ត្រីរាជការមុនគេនេះ គឺប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ហើយគម្លាតរវាងដូសទី១ និងដូសទី២ មានរយៈពេល ២៨ថ្ងៃ។ ក្នុងនោះ នៅភ្នំពេញ ក៏ចាប់ផ្តើមចាក់វ៉ាក់សាំង ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ នាថ្ងៃទី២៣កុម្ភៈ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងខណ្ឌទាំង ១៤ ផងដែរ។
១៨-សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ បឹងជើងឯក
កាលពីថ្ងៃទី២២ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ដែលចំណាយប្រាក់សាងសង់ ជាង ២០លានដុល្លារ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះ មានសមត្ថភាពបំប្លែងទឹកកខ្វក់ អោយទៅជាទឹកស្អាតវិញបានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ តាមផែនការ ស្ថានីយប្រព្រឹត្តិកម្មទឹកកង្វក់បឹងជើងឯកនេះ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។
១៩- សម្តេចតេជោ ហ៊ុន សែន ចូលរួមពិធីបិទសន្និបាតក្រសួងមហាផ្ទៃ
ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់អ្នកប្រើប្រាស់ឡានគេចពន្ធ ត្រូវមកបង់ពន្ធ ដែលនៅសល់ប្រហែល ៥ពាន់គ្រឿងទៀត ក្នុងចំណោមឡានគេចពន្ធសរុបនៅកម្ពុជា មានជាង ១ម៉ឺនគ្រឿង និងមានតម្លៃជាង ១០០លានដុល្លារ ហើយកន្លងមក ការប្រមូលពន្ធលើឡាន ដែលមិនបង់ពន្ធ បានជាង ៥០លានដុល្លារហើយ។ សម្តេច ក៏បានណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់លើការចំណាយមិនចាំបាច់ ដើម្បីទុកថវិកាចំណាយលើការព្យាបាលកូវីដ ក៏ដូចជាការបើកប្រាក់ខែជូនមន្ត្រីរាជការ ដែលមិនត្រូវឱ្យខ្វះឡើយ។ សម្តេច ក៏បានស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សុខុន ថាធ្វើការបែបជិះសេះ មើលផ្កា។ សម្តេចបានណែនាំដល់រដ្ឋមន្ត្រីកសិកម្ម ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំឱ្យមានការដេញថ្លៃ នាំជ្រូកចូលពីប្រទេសជិតខាង។ ការនាំចូលជ្រូក តាមរយៈការដេញថ្លៃនេះ គឺដើម្បីបំពេញតម្រូវការខ្វះខាតជ្រូកក្នុងស្រុក និងទប់ស្កាត់ ដើម្បីកុំឱ្យសាច់ជ្រូក នៅកម្ពុជាយើង ឡើងថ្លៃប៉ុណ្ណោះ។
២០-ដំណើរទស្សនកិច្ចផ្លូវការ ២ថ្ងៃរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកម្ពុជា ប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី បានសម្រេចសេចក្តីថ្លែងការណ៍រួម ១៤ ចំណុច
ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើំកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីរថ្ងៃ នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកុម្ភៈ។ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ក្នុងរាជធានីផ្នំពេញ។ កម្ពុជា និងម៉ាឡេស៊ី បានសម្រេចចេញនូវសេចក្តីថ្លែងការណ៍រួម ចំនួន ១៤ចំណុច។ ក្នុងនោះ ក៏មានការប្ដេជ្ញាចិត្តរួមគ្នា អនុវត្តឱ្យបានពេញលេញនូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ក៏ដូចជាការរួមវិភាគទានគ្នា ជួយដោះស្រាយបញ្ហាវិបត្តិ នៅមីយ៉ាន់ម៉ា។
២១- សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កងទ័ពរុស្ស៉ី មិនអាចផ្តួលរំលំអ៊ុយក្រែន តាមរយៈកម្លាំងយោធាបានទេ
កាលពីយប់ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ដែលជាថ្ងៃទី៤ ដែលកងទ័ពរុស្ស៊ី លើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កងទ័ពរុស្ស៉ី មិនអាចផ្តួលរំលំអ៊ុយក្រែន តាមរយៈកម្លាំងយោធាបានទេ ឯអ៊ុយក្រែន ក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ ច្រកចេញតែមួយគត់ គឺការចរចាដោយសន្តិវិធី។
២២- រដ្ឋមន្ត្រីការបរទេសអាស៊ាន បារម្ភខ្លាំងពីការប៉ះទង្គិចអាវុធរវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងអំពាវនាវអោយភាគីទាំងពីរ អត់ធ្មត់ជាអតិបរមា
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចដោយអាវុធ នៅប្រទេសអ៊ុយក្រែន រវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន។ តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានប្រកាសឱ្យភាគីរុស្ស៊ី និងអ៊ុយក្រែន អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីបន្តការសន្ទនា តាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំអោយកាន់តែធ្ងន់ធ្ងរ។
២៣-ការចាប់អារម្មណ៍របស់ពលរដ្ឋខ្មែរ ជុំវិញជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន
ស្ថានការណ៍ដែលកងទ័ពរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បង្កជាសង្គ្រាម ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី២៤កុម្ភៈ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួន បានតាមដានយ៉ាងយកចិត្តទុកដាក់។ ប្រជាពលរដ្ឋមួយចំនួន បានប្រដូចស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន បច្ចុប្បន្ន ទៅនឹងស្ថានភាពសង្គ្រាម នៅក្នុងប្រទេសកម្ពុជា កាលពីអតីតកាល។ សង្គ្រាមនៅអ៊ុយក្រែន ក៏បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរយើង នឹកឃើញឡើងវិញពីបទពិសោធន៍ជីវិត ក្រោមស្នូលគ្រាប់កាំភ្លើង ដ៏សែនលំបាក។ ពួកគាត់ បានអះអាងថា មានតែសន្តិភាពទេ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋ រស់នៅដោយភាពសុខសាន្ត មានសេរីភាព ប្រកបអាជីវកម្ម និងការអភិវឌ្ឍប្រទេសជាតិទៅមុខ។
២៤-សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យអ្នកបើកបរទាំងអស់ គោរពច្បាប់ចរាចរណ៍ និងកុំបើកបរលើសល្បឿនកំណត់
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលពីថ្ងៃទី២ ខែមីនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឱ្យអ្នកបើកបរទាំងអស់ គោរពច្បាប់ចរាចរណ៍ និងកុំបើកបរលើសល្បឿនកំណត់។ បើតាមសម្ដេចនាយករដ្ឋមន្ត្រី អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កើនឡើងខ្ពស់ច្រើនជាងអ្នកស្លាប់ដោយសារកូវីដ ដែលទាមទារឱ្យពលរដ្ឋគ្រប់រូប ជាអ្នកបញ្ជាមធ្យោបាយធ្វើដំណើរលើផ្លូវសាធារណៈ ត្រូវបង្កើននៃកាយកចិត្តទុកដាក់របស់ខ្លួន បន្ថែមទៀត។
២៥- កម្ពុជា ប្រកាសជំហរប្រឆាំងការបំបែករដ្ឋ និងអំពាវនាវឲ្យមេដឹកនាំរុស្ស៊ី-អ៊ុយក្រែន ស្វែងរកការចរចា
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅព្រឹកថ្ងៃទី២ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជំហរផ្លូវការរបស់កម្ពុជា ប្រឆាំងនឹងការបំបែករដ្ឋ និងជំរុញឲ្យមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ស្វែងរកការចរចា ជាជាងប្រើប្រាស់សង្គ្រាម បញ្ចប់សង្គ្រាម។ តាមមេដឹកនាំកម្ពុជា សង្គ្រាមមិនត្រឹមតែមិនអាចបញ្ចប់សង្គ្រាមនោះទេ តែនឹងធ្វើឱ្យរីករាលដាលកាន់តែធំជាងនេះទៅទៀត នាពេលខាងមុខ។
២៦-លោក ប្រាក់ សុខុន បំពេញទស្សនកិច្ច ៣ថ្ងៃ នៅមីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេសប្រធានអាស៊ាន
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងចាប់ផ្ដើមទស្សនកិច្ច ៣ថ្ងៃ នាថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនានេះ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ ព័ត៌មាននេះ ត្រូវបានបញ្ជាក់ផ្ទាល់ដោយប្រមុខការទូតកម្ពុជា ក្នុងពិធីចុះហត្ថលេខាទទួលជំនួយពីប្រទេសជប៉ុន កាលពីថ្ងៃទី២ ខែមីនា។
២៧-សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យនគរបាលជាតិនៃសមាជិកអាស៊ាន បន្តកិច្ចសហប្រតិបត្តិការ ទប់ស្កាត់អំពើភេរវកម្ម
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តឱ្យនគរបាលជាតិនៃសមាជិកអាស៊ាន បន្តកិច្ចសហប្រតិបត្តិការ ជាពិសេសទប់ស្កាត់នូវអំពើភេរវកម្ម ដើម្បីប្រែក្លាយអាស៊ាន ជាតំបន់ ដែលគ្មានអំពើភេរវកម្ម។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៣ ខែមីនា។
២៨- រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំឱ្យបង្កើនការការពារគោលដៅស្ថានទូត នៅភ្នំពេញ ក្នុងពេលកើតវិបត្តិនៅអ៊ុយក្រែន
ក្នុងពិធីបិទសន្និបាតរដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៣មីនា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំផ្ទាល់មាត់ ទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការការពារសន្តិសុខ នៅតាមបណ្ដាស្ថានទូតពាក់ព័ន្ធ នៅកម្ពុជា។ ជាការណែនាំ ដែលសម្ដេច ស ខេង សំដៅភ្ជាប់ទៅនឹងក្រោយការកើតមានវិបត្តិសង្គ្រាម ដែលរុស្ស៊ី លើកទ័ព ចូលវាយប្រហារប្រទេសអ៊ុយក្រែន។
២៩- ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន
នៅព្រឹកថ្ងៃសុក្រ ទី៤ ខែមីនា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី មុនិនាថ សីហនុ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី តែងតែយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពជាទៀងទាត់ តាមកាលបរិច្ឆេទកំណត់ថ្វាយដោយក្រុមវេជ្ជបណ្ឌិតចំណានៗ នៃប្រទេសចិន នៅរៀងរាល់ ៦ខែម្តង។
៣០- មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់អស់ទឹកប្រាក់ ៤៥លានដុល្លារសហរដ្ឋអាមេរិក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យធំជាងគេរបស់កម្ពុជា ចំណាយប្រាក់សាងសង់ប្រមាណ ៤៥លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។
៣១- សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋកម្ពុជា មិនត្រូវឈានហួស រហូតដល់ស្ម័គ្រចិត្ត ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែននោះទេ
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៧ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ន ប្រជាជនកម្ពុជា ទាំងក្មេង ទាំងចាស់មានការចាប់អារម្មណ៍ខ្លាំង ទៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ សម្រាប់កម្ពុជា គាំទ្រឱ្យមានបទឈប់បាញ់ និងឈានទៅបើកកិច្ចចរចាស្វែងរកសន្តិភាពរវាងគូភាគីពាក់ព័ន្ធលើអ៊ុយក្រែន និងរុស្ស៊ី។ យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា មិនលើកទឹកចិត្តឡើយ ឱ្យពលរដ្ឋខ្លួន ទៅធ្វើទ័ពនៅអ៊ុយក្រែន។ សម្តេចពន្យល់ថា វាជារឿងមិនអាចទៅរួច ដោយសារគ្មានអ្វី ដែលត្រូវដឹកពួកគេ ទៅអ៊ុយក្រែនឡើយ ហើយក៏មិនគួរយកសាំង ទៅចាក់លើភ្លើងនោះដែរ។
៣២- ការបោះឆ្នោតឃុំសង្កាត់ មាន ១៧គណបក្ស ដាក់បេក្ខជនប្រកួតប្រជែងការបោះឆ្នោត នាថ្ងៃទី៥មិថុនា
មានគណបក្សនយោបាយ ចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងធ្វើឡើង នាថ្ងៃទី៥ ខែមិថុនាខាងមុខនេះ។ តាមគ.ជ.ប គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជន នៅគ្រប់ឃុំសង្កាត់ ទូទាំងប្រទេស ចំនួន ១៦៥២ឃុំសង្កាត់។ ចំណែកគណបក្ស ដែលដាក់បេក្ខជនឈរឈ្មោះតិចជាងគេ គឺគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ដែលតែ ៤ឃុំសង្កាត់ប៉ុណ្ណោះ។
៣៣-កម្ពុជា ផ្តល់ជំនួយរថយន្តដឹកវ៉ាក់សាំង ចំនួន ១០គ្រឿង ជូនឡាវ
កម្ពុជា សម្រេចផ្តល់ជំនួយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងបន្ថែមទៀត ជូនប្រទេសឡាវ។ អំណោយទាំងនេះ បានប្រគល់ឱ្យឡាន នៅព្រឹកថ្ងៃទី១២ ខែមីនា នៅច្រកព្រំដែនអន្តរជាតិ ត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ កម្ពុជា រំពឹងថា ជំនួយរថយន្តដឹកវ៉ាក់សាំង សរុប ១៣គ្រឿង ដែលកម្ពុជា បានផ្តល់ឱ្យឡាវ ទាំងលើកមុន និងទាំងលើកនេះ នឹងរួមចំណែកបន្ថែមទៀត ជួយដល់ប្រទេសឡាវ នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូរីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនឡាវ ឱ្យកាន់តែមានភាពល្អប្រសើរឡើង។
៣៤-សម្ដេច ស ខេង ណែនាំឱ្យថែទាំព្រៃឈើសេសសល់ចុងក្រោយ នៅបាត់ដំបង
ក្នុងពិធីបិទសន្និបាតរដ្ឋបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០ ខែមីនា សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់ទាំព្រៃឈើ នៅសេសសល់ចុងក្រោយ ដែលស្ថិតនៅស្រុកសំឡូត។ បើតាមសម្ដេចក្រឡាហោម អ្នកជំនាន់ក្រោយ នឹងស្ដីបន្ទោស ប្រសិនបើអាជ្ញាធរ បច្ចុប្បន្ន មិនយកចិត្តទុកដាក់លើការងារថែរក្សាព្រៃឈើនេះទេ។
៣៥- ដីព្រៃលិចទឹកក្នុងតំបន់ទន្លេសាប ជាង ៦ម៉ឺនហិកតា ត្រូវបានពលរដ្ឋស្ម័គ្រចិត្ត ប្រគល់ជូនរដ្ឋវិញ
កាលពីវិច្ឆិកា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្ត ជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។ ជាលទ្ធផល រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ មានប្រជាពលរដ្ឋស្ម័គ្រចិត្ត ប្រគល់ដីជូនរដ្ឋវិញ ចំនួនជាង ១ម៉ឺនគ្រួសារ ស្មើនឹងផ្ទៃទំហំជាង៦ម៉ឺនហិកតា ។
៣៦-ថ្នាំព្យាបាលកូវីដ ម៉ូលនូភីរ៉ាវៀ (Molnupiravir) ចាប់ផ្តើមលក់ក្នុងតម្លៃ ៥០ដុល្លារអាមេរិក ក្នុងមួយប្រអប់ ក្រោយពីកម្ពុជាផលិតឱសថនេះ ខ្លួនឯង
នៅដើមសប្តាហ៍នេះ ថ្នាំព្យាបាលជំងឺកូវីដ១៩ ម៉ូលនូភីរ៉ាវៀ ត្រូវបានលក់ ក្នុងតម្លៃថ្មី គឺ ៥០ដុល្លារ ក្នុងមួយដូស ឬ១ដប។ ការបញ្ចុះតម្លៃ ៥ដុល្លារ ក្នុង ១ដបនេះ ក្រោយពីក្រសួងសុខាភិបាល បានបញ្ជាក់ថា ឱសថនេះ ត្រូវបានផលិតដោយក្រុមហ៊ុនផលិតឱសថក្នុងស្រុក ដែលមានការអនុញ្ញាតដោយរាជរដ្ឋាភិបាល ក្នុងគោលបំណងឱ្យមានការចរាចរណ៍ប្រភេទឱសថនេះ កាន់តែទូលំទូលាយ និងមានតម្លៃទាបជាងមុន។
៣៧- សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងទំនិញមួយចំនួន នៅកម្ពុជា ឡើងថ្លៃ
ក្រោយសង្គ្រាមផ្ទុះឡើងរវាងរស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ បានធ្វើឱ្យតម្លៃប្រេង នៅលើពិភពលោក ហក់ឡើងកាន់តែខ្ពស់ ដែលកំពុងចោទជាបញ្ហាកាន់តែច្រើនសេដ្ឋកិច្ចពិភពលោក។ ជាក់ស្តែង តម្លៃប្រេងសាំង នៅតាមស្ថានីយ ក្នុងប្រទេសកម្ពុជា ក៏ឡើងថ្លៃដែរ។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាកត្តាផ្គួបផ្សំមួយ ជំរុញឱ្យតម្លៃប្រេងហក់ឡើង ហើយបញ្ហានេះ ក៏បានជះឥទ្ធិពលដល់ប្រទេសនាំចូលប្រេង ដូចជាកម្ពុជា ជាដើម។
៣៨-ក្រុមហ៊ុនអាកាសចរណ៍ Thai Vietjet Airline ភ្ជាប់ការហោះហើរពីបាងកក មកភ្នំពេញឡើងវិញ
ក្រោយពីផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដោយសារវិបត្តិនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៦មីនា ជើងហោះហើរ ដែលហោះត្រង់ពីទីក្រុងបាងកក មកកាន់រាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Vietjet Airline ត្រូវបានចាប់ផ្តើមដំណើរការឡើងវិញ និងត្រូវបានទទួលស្វាគមន៍ជាថ្មី នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
៣៩-ភូមិកុមារ SOS ក្នុងខេត្តព្រៃវែង សាងសង់លើផ្ទៃដីជាង ១ម៉ឺនម៉ែត្រក្រឡា សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ភូមិកុមារ អេសអូអេស ក្នុងខេត្តព្រៃវែង សាងសង់លើផ្ទៃដីជាង ១ម៉ឺនម៉ែត្រក្រឡា ចំណាយថវិកា ប្រមាណជាង ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១៧ ខែមីនា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
៤០- សម្ដេចតេជោ ហ៊ុន សែន ពន្យល់ពីមូលហេតុ ដែលប្រេងឥន្ធនៈឡើងថ្លៃ នៅកម្ពុជា និងប្រកាសទទួលយកជនភៀសខ្លួនអ៊ុយក្រែន
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការភូមិកុមារអេសអូអេស នៅក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៧ ខែមីនា សម្តេចតេជោ ក៏បានពន្យល់ប្រជាពលរដ្ឋអំពីមូលហេតុ ដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃ នៅកម្ពុជា។ នោះគឺមិនមែនជាការសម្រេចដំឡើងថ្លៃ ដោយកម្ពុជាខ្លួនឯងទេ តែជាការជះឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបច្ចុប្បន្ននេះ បានជះឥទ្ធិពលយ៉ាងខ្លាំងជារួមដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទទួលយកជនភៀសខ្លួនអ៊ុយក្រែន ក្រោមហេតុផលមនុស្សធម៌ ដូចអ្វីដែលកម្ពុជាធ្លាប់ធ្វើ នៅពេលកន្លងមក ក្នុងការទទួល និងផ្ដល់ជំនួយដល់ជនបរទេសជាក់ស្តែង ដូចជាបុរសជនជាតិអាល្លឺម៉ង់ ដែលកំពុងរស់នៅអនាថានៅកម្ពុជា នាពេលបច្ចុប្បន្ន ជាឧទាហរណ៍ជាក់ស្ដែងស្រាប់។
៤១- កម្ពុជា សម្រេចលុបចោលនូវការធ្វើតេស្តរកកូវីដ១៩ លើអ្នកដំណើរពីបរទេស
កាលពីថ្ងៃទី១៧ ខែមីនា កម្ពុជា បានសម្រេចលុបចោលនូវការធ្វើតេស្តរកមេរោគកូវីដ-១៩ សម្រាប់អ្នកដំណើរ ដែលមកដល់កម្ពុជា ទោះជាតាមម៉ាស៊ីនធំ PCR និងតាមតេស្តរហ័ស Rapid Test។ ប៉ុន្តែសម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង បង្ការកូវីដ១៩ នៅពេលចូលមកដល់កម្ពុជា ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។ ក្នុងនោះ កម្ពុជា ក៏បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
៤២-កម្ពុជា ប្រារព្ធពិធីទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ ជាង ៥២ម៉ឺនដូស ពីរដ្ឋាភិបាល និងប្រជាជនហុងគ្រី
នៅព្រឹកថ្ងៃទី១៨ ខែមីនា ប្រទេសកម្ពុជា បានប្រារព្ធពិធីទទួលជំនួយផ្លូវការនូវវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជាង ៥២ម៉ឺនដូស ពីរដ្ឋាភិបាល និងប្រជាជនហុងគ្រី។ ពិធីប្រគល់ និងទទួលជំនួយវ៉ាក់សាំងនេះ បានរៀបចំធ្វើ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងភារធារីស្តីទីនៃស្ថានទូតហុងគ្រី ប្រចាំកម្ពុជា។
៤៣- មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំណាយថវិកាសាងសង់ជាង ៨៥លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២១ ខែមីនា។ មន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលគេស្គាល់ជាទូទៅថា មន្ទីរពេទ្យព្រះសង្ឃ នៅក្នុងរាជធានីភ្នំពេញ បានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលមានសមត្ថភាព ក្នុងការព្យាបាលជំងឺទូទៅច្រើនប្រភេទ រួមទាំងការវះកាត់ដូរក្រលៀន សួត និងសរីរាង្គជាច្រើនទៀត។ បន្ថែមលើសពីនេះទៀតមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ក៏មានចំណតឧទ្ធម្ភាគចក្រលើដំបូលអាគារ ដែលអនុញ្ញាតឲ្យឧទ្ធម្ភាគចក្រ ទម្ងន់ពី ៣តោន ទៅ ៥តោន ចុះចតបានផងដែរ។
៤៤- នាយករដ្ឋមន្ត្រីជប៉ុន បញ្ចប់ទស្សនកិច្ចនៅកម្ពុជា
នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វឺមីអូ បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីព្រឹកថ្ងៃទី២១មីនា បន្ទាប់ពីបានបំពេញទស្សនកិច្ច រយៈពេល ២ថ្ងៃ នៅកម្ពុជា។ លោក គីស៊ីដា ហ្វឺមីអូ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណា «ព្រះបរមរតនកោដ្ឋ» ,និងគោរពវិញ្ញាណក្ខន្ធអតីតមន្ត្រីជប៉ុនចំនួន ២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជាកាលពី ៣០ឆ្នាំមុន។ នៅក្នុងជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន រយៈពេលប្រមាណ ២ម៉ោង នៅវិមានសន្តិភាព កាលពីថ្ងៃអាទិត្យ ទី២០ ខែមីនា ភាគីទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួម ២៤ចំណុច ដែលគ្របដណ្តប់ទាំងទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ។
៤៥- លោក ប្រាក់ សុខុន បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ាន
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចាកចេញពីកម្ពុជាហើយ កាលពីព្រឹកថ្ងៃទី២១ ខែមីនា ដើម្បីទៅបំពេញទស្សនកិច្ចការងារលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមប្រេសិតពិសេសប្រធានអាស៊ាន។ ទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
៤៦- ក្រសួងសុខាភិបាល ដាក់ចេញយុទ្ធនាការអប់រំសុខភាព រួមគ្នាប្រយុទ្ធប្រឆាំងអូមីក្រុង
កាលពីថ្ងៃទី២២ ខែមីនា ក្រសួងសុខាភិបាល បានបើកយុទ្ធនាការអប់រំសុខភាព ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ»។ យុទ្ធនាការ នៅខេត្តកំពង់ស្ពឺនេះ មានគោលដៅ ដាស់ស្មារតីប្រជាពលរដ្ឋ ក៏ដូចជាគ្រួសារ សហគមន៍ និងក្រសួងស្ថាប័ននានា ឲ្យពួតដៃគ្នា អនុវត្តវិធានការចាំបាច់នានា ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅ ស្តីពី ការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃមេរោគបំប្លែងថ្មីប្រភេទ អូមីក្រុង ចូលក្នុងសហគមន៍។
៤៧-សម្តេចហ៊ុន សែន បញ្ជាឱ្យកងទ័ព និងប៉ូលិស ប្រើឧទ្ធម្ភាគចក្រ កម្ចាត់ក្រុមទុច្ចរិត ដែលបំផ្លាញត្រី នៅបឹងទន្លេសាប
ក្នុងពិធីបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៣ ខែមីនា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាដល់មេបញ្ជាការកងទ័ព និងមេប៉ូលិស ត្រូវសហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការ កម្ចាត់ក្រុមទុច្ចរិត ដែលបំផ្លាញត្រី នៅបឹងទន្លេសាប។ នោះគឺសម្តេចតេជោ បានបញ្ជាឱ្យត្រៀមប្រើប្រាស់ឧទ្ធម្ភាគចក្រ សម្រាប់ចេញប្រតិបត្តិការបង្ក្រាបក្រុមទុច្ចរិតទាំងនេះ ដោយគ្មានការលើកលែង។ បើចាត់វិធានការមិនបានទេ ទាំងរដ្ឋមន្ត្រី ទាំងចៅហ្វាយខេត្ត ទាំងមេទាហាន និងទាំងមេប៉ូលិស មិនចាំបាច់កាន់តំណែងទៀតនោះទេ។
៤៨- ផ្លូវជាតិលេខ២១ តភ្ជាប់ពីក្រុងតាខ្មៅ ទៅកាន់ព្រំដែនវៀតណាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
ផ្លូវជាតិលេខ២១ ប្រវែង ៦៤គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងតាខ្មៅ ទៅកាន់ព្រំដែនវៀតណាម ចំណាយថវិកាសាងសង់ជាង ៦១លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៣ ខែមីនា ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា។
៤៩- អ្នកសារព័ត៌មាន ១៤រូប ក្នុង ៥សម័យកាល ចាប់ពីទសវត្សរ៍ ៧០ រហូតដល់បច្ចុប្បន្ន ទទួលពានរង្វាន់លើកទឹកចិត្ត
អ្នកសារព័ត៌មានចំនួន ១៤រូប ដែលក្នុងនោះ រួមមាន លោក ទាវ សារៈមុនី និពន្ធនាយកកាសែតរស្មីកម្ពុជា ១រូបផង ទទួលបានពានរង្វាន់អ្នកសារព័ត៌មាន ៥សម័យកាល ចាប់ពីទសវត្សរ៍ ៧០រហូតមកដល់បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយក្រសួងព័ត៌មាន សហការជាមួយសារព័ត៌មានត្នោត និងសារព័ត៌មានអេឡិចត្រូនិច ថ្មីៗ។ ពានរង្វាន់នេះ ធ្វើឡើង ដើម្បីលើកទឹកចិត្តដល់អ្នកសារព័ត៌មានខ្មែរ ដែលបានចូលរួមសាងស្នាដៃ លើកកម្ពស់ និងកែលម្អវិស័យព័ត៌មាន នៅក្នុងប្រទេសកម្ពុជា រាប់តាំងពីឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ២០២០។
៥០-ផ្លូវជាតិលេខ៥១ ប្រវែងជិត ៣៨គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
ផ្លូវជាតិលេខ៥១ ប្រវែងជិត ៣៨គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ចំណាយថវិកាសាងសង់ជាង ៤១លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកមិញនេះ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងតំណាងស្ថានទូតចិន ប្រចាំនៅកម្ពុជា។
៥១- សម្ដេច ហ៊ុន សែន ណែនាំមន្ត្រី និងអាជ្ញាធរមូលដ្ឋាន ត្រៀមខ្លួន សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់រផ្លូវជាតិលេខ ៥១ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីទេសចរណ៍ ចាប់ផ្ដើមរៀបចំតុបតែង ទទួលទេសចរ តាមខេត្តរៀងៗខ្លួន ក្នុងពិធីបុណ្យចូលឆ្នាំប្រណៃពីខ្មែរ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។ ក្រៅពីប្រកាសណែនាំមន្ត្រី និងអាជ្ញាធរមូលដ្ឋាន ត្រៀមខ្លួន សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហើបពីផែនការជួបជុំក្រុមគ្រួសាររបស់សម្តេច ដើម្បីទទួលអំណរឆ្នាំថ្មី រយៈពេល ៣ថ្ងៃនៅខេត្តព្រះសីហនុផងដែរ។
៥២- អគារ ត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េនៃមន្ទីរពេទ្យព្រះអង្គឌួង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
អគារត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួង មានកម្ពស់ ៥ជាន់ រាប់ទាំងជាន់ផ្ទាល់ដី ចំណាយថវិកាសាងសង់ជាង ៨លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។ អគារមិត្តភាពកម្ពុជា-កូរ៉េថ្មីនៃមន្ទីរពេទ្យព្រះអង្គឌួង ត្រូវបានបើកការដ្ឋានសាងសង់ កាលពីអំឡុងខែមីនា ឆ្នាំ២០២០ ជាជំនួយរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ កយកា (KOICA)។
៥៣- សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបអ្នកវិភាគមួយចំនួន ដោយប្រកាសជំហររបស់កម្ពុជាសាជាថ្មី ប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារច្រមុះត្រចៀកបំពង់កមិត្តភាពកម្ពុជាកូរ៉េនៃមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន បានអះអាងសាជាថ្មីនូវជំហរឥតកែប្រែរបស់កម្ពុជា គឺប្រឆាំងទៅនឹងការឈ្លានពាន ដោយប្រើប្រាស់កម្លាំងរបស់ប្រទេសមួយ ទៅលើប្រទេសមួយផ្សេងទៀត។
៥៤-កម្ពុជា ស្នើបណ្ដាប្រទេសនិយាយភាសាបារាំង មកវិនិយោគ នៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់ កូហ្វូនី (OIF) នៅវិមានសន្តិភាពក្នុងក្រុងភ្នំពេញនាថ្ងៃទី 29 ខែមិនានេះ បានស្នើឱ្យបណ្ដាប្រទេសនិយាយភាសាបារាំងសិក្សាអំពីលទ្ធភាពនិងឱកាសដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
៥៥-ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នៅថ្ងៃនេះ
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារសហរដ្ឋអាមេរិក លើផ្ទៃដីជាង ៦ម៉ឺនម៉ែត្រការ៉េ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី៣១ ខែមីនា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ វិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់រូបមន្ត យកទីក្រុង ចិញ្ចឹមទីក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្ករត្នោត។
៥៦- សម្តេចតេជោ ហ៊ុន សែន រម្លឹកប្រជាពលរដ្ឋជាថ្មី ពីតម្លៃនៃសន្តិភាព
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនេះ កម្ពុជា កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេស ដែលអំណោយផលដោយសន្តិភាព ខណៈដែលអ៊ុយក្រែន ដែលមានសង្គ្រាម កំពុងរងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា។
៥៧- សម្ដេចតេជោ មានប្រសាសន៍ថា រយៈពេល ៩ខែ កម្ពុជា ផលិតរ៉ែមាស បានចំនួនជាង ២តោន
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាទទួលបានរ៉ែមាស ហើយផលិតចេញជាមាសទឹកដប់ បានជាង ២តោន បន្ទាប់ពីបើកឱ្យដំណើរការជាផ្លូវការនូវការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស នៅខេត្តមណ្ឌលគិរី។
៥៨- ផ្លូវថ្មី ៣៨ខ្សែ និងការស្ដារលើកកម្ពស់សោភ័ណភាពដងស្ទឹងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
ផ្លូវថ្មី ៣៨ខ្សែ និងគម្រោងស្ដារលើកកម្ពស់សោភ័ណភាពដងស្ទឹងសៀមរាប ដែលវិនិយោគដោយថវិកាជាតិចំណាយថវិកាប្រមាណ ២០០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៤ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
៥៩- សម្ដេច ហ៊ុន សែន បង្ហើបពីគម្រោងកែលម្អផ្លូវរថភ្លើងចាស់ ទៅជាផ្លូវដែកល្បឿនលឿន នៅពេលខាងមុខ
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី៤មេសា សម្តេច ហ៊ុន សែន ក៏បានណែនាំឱ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពកែលម្អផ្លូវរថភ្លើងចាស់ ជំនួសដោយផ្លូវរថភ្លើងល្បឿនលឿនវិញ។
៦០-កម្ពុជា បោះឆ្នោតអនុបវាទក្នុងការព្យួរសមាជិកភាពរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានបោះឆ្នោតព្យួរសមាជិកភាពប្រទេសរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្សហើយ កាលពីថ្ងៃសុក្រ បើគិតតាមម៉ោងនៅកម្ពុជា។ ដំណោះស្រាយបែបនេះ ត្រូវបានផ្តួចផ្តើមដោយសហរដ្ឋអាមេរិក បន្ទាប់ពីមានការលើកឡើងថា ទាហានរុស្ស៊ី បានសម្លាប់ជនស៊ីវិល ក្នុងពេលកំពុងដកថយចេញពីតំបន់ជុំវិញរដ្ឋធានីអ៊ុយក្រែន។ ការបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិ ទទួលបានសំឡេងគាំទ្រពីប្រទេសចំនួន ៩៣ ខណៈដែលប្រទេសចំនួន ២៤ បានបោះឆ្នោតប្រឆាំង និង៥៨ប្រទេសផ្សេងទៀត ក្នុងនោះ ក៏មានទាំងកម្ពុជាដែរ បានបោះឆ្នោតអនុបវាទ។
៦១- សម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ
សមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងតំណាង ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា។
៦២- សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរ បង្កបរិយាកាសល្អ យុត្តិធម៌ និងតម្លាភាពដល់គ្រប់គណបក្សនយោបាយ
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ កាលពីថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កបរិយាល្អ យុត្តិធម៌ តម្លាភាពដល់គ្រប់គណបក្សនយោបាយ ក្នុងការឃោសនាបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខ។ ជាមួយនេះនឹងការអំពាវនាវនេះ សម្តេចនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាស មិនចេញមុខឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅខែឧសភាខាងមុខនេះឡើយ។
៦៣- អ្នកជំនាញថា ចំនួនភ្ញៀវទេសចរ ក្នុងពេលចូលឆ្នាំខ្មែរ ជាសញ្ញាថា វិស័យទេចរណ៍ ត្រលប់រកប្រក្រតីភាពវិញហើយ
អ្នកជំនាញខាងវិស័យទេសចរណ៍ អះអាងថា ចំនួនភ្ញៀវទេសចរ ដែលកើនឡើងយ៉ាងគំហុក នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ កន្លងទៅនេះ មិនគ្រាន់តែជាការបញ្ជាក់អំពីភាពល្អប្រសើរឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែការថតបង្ហោះរូបភាពទាំងនោះ ក៏ជាការផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីភាពល្អប្រសើរ នៃប្រទេសកម្ពុជាដែរ។ ហេតុនេះ សូមប្រតិបត្តិករ និងសេវាករទាំងអស់ ត្រៀមខ្លួនឱ្យបានល្អ ដើម្បីចាប់យកឱកាសដ៏មានតម្លៃនេះ។
៦៤-កម្ពុជា-ចិន កំពុងរួមគ្នាកសាង «សហគមន៍វាសនារួម» ក្រោមមគ្គុទេសក៍ដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន
កម្ពុជា-ចិន កំពុងរួមគ្នា កសាង «សហគមន៍វាសនារួម» ក្រោមមគ្គុទេសក៍ដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន។ នេះបើយោងតាមខ្លឹមសារក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាងឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម សុង ថាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី២០ មេសា ២០២២។
៦៥- កម្ពុជា បន្ថយរយៈពេលធ្វើចត្តាឡីស័ក ពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃ ចំពោះអ្នកដំណើរមកពីបរទេស ដែលមិនបានចាក់វ៉ាក់សាំង
កម្ពុជា បានសម្រេចកែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរ មកពីបរទេស ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពី ១៤ថ្ងៃ មកនៅត្រឹម ៧ថ្ងៃ។ ក្រៅពីនោះ លក្ខខណ្ឌនៃការធ្វើតេស្តរកកូវីដ១៩ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ក៏ត្រូវបានកែសម្រួលផងដែរ។
៦៦-សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅប្រទេសជប៉ុន ចូលរួមកិច្ចប្រជុំកំពូល លើកទី៤ ស្តីពី បញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក
នៅព្រឹកថ្ងៃទី២២ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល លើកទី៤ ស្តីពី បញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កិច្ចប្រជុំកំពូល ដែលជប៉ុនជាម្ចាស់ផ្ទះនេះ ធ្វើឡើងនៅថ្ងៃទី២៣មេសា ហើយនៅរសៀលថ្ងៃទី២៤មេសា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញវិលត្រឡប់មកដល់ភ្នំពេញវិញ។
…………………………………………………………………….
៦៧-សម្ដេចតេជោ ហ៊ុន សែន ជួបប្រតិភូអ្នកវិនិយោគចិន មកពីក្រុមហ៊ុន ៣ ដើម្បីពិភាក្សាការងារ
កាលពីថ្ងៃទី២៥ ខែមេសា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូអ្នកវិនិយោគ មកពីក្រុមហ៊ុនចិនចំនួន៣ ដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។ អ្នកវិនិយោគមកពីក្រុមហ៊ុនចិនទាំង៣ មានបំណងវិនិយោគលើវិស័យឧស្សាហកម្មរ៉ែ ហេដ្ឋារចនាសម្ព័ន្ធ អចលនវត្ថុ ពាណិជ្ជកម្ម សំណង់ ឡូជីស្ទីក មូលបត្រ និងពាណិជ្ជកម្មមូលបត្រ នៅកម្ពុជា។
៦៨- កម្ពុជា ទទួលអំណោយវ៉ាក់សាំង Covid 19 ចំនួនជាង ១លាន ៥ម៉ឺនដូស ពីអ៊ីតាលី
កាលពីថ្ងៃទី២៥ ខែមេសា កម្ពុជា បានទទួលអំណោយថ្នាំវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួនជាង ១លាន ៥ម៉ឺនដូស ពីរដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។ ពិធីប្រគល់ និងទទួលជំនួយថ្នាំវ៉ាក់សាំងទាំងនេះ ត្រូវបានរៀបចំធ្វើ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតអ៊ីតាលី ប្រចាំនៅកម្ពុជា។
៦៩- កម្ពុជា សម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់ នៅទីសាធារណៈ
កាលពីថ្ងៃទី២៦ខែមេសា រាជរដ្ឋាភិបាល បានសម្រេចជាផ្លូវការ លុបចោលកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈ ក្រោយករណីឆ្លងកូវីដ-១៩ បានធូរស្បើយ។ ពោលគឺនៅទីកន្លែងសាធារណៈ និងកន្លែងបើកចំហនានា នៅទូទាំងប្រទេស គឺទុកឱ្យប្រជាជនទាំងអស់ សម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។ ចំពោះបន្ទប់បិទជិត នៅតែកំណត់ឱ្យពាក់ម៉ាស់ជាធម្មតា។
៧០-សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋ មិនតិចជាង ៦០% នៅបន្តពាក់ម៉ាស់
ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ នារសៀលថ្ងៃទី២៧ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មកដល់ថ្ងៃនេះ មានប្រជាពលរដ្ឋមិនតិចជាង ៦០%ទេ ដែលនៅតែបន្តពាក់ម៉ាស់ ខណៈដែលរាជរដ្ឋាភិបាល បានសម្រេចដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈ។ នេះបង្ហាញថា ប្រជាពលរដ្ឋយើង យល់ដឹងពីវិធានការការពារខ្លួន។ ជាមួយគ្នានោះ សម្តេចតេជោ ក៏ចាប់ផ្តើមអនុវត្តមុនគេ ដោយឱ្យភ្ញៀវ ដែលមកជួបសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព គឺមិនពាក់ម៉ាស់ឡើយ ហើយសម្តេចបានធ្វើរួចហើយ ក្នុងពេលជួបជាមួយអតីតមេបញ្ជាការអ៊ុនតាក់ កាលពីព្រឹកមិញ។
៧១- សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតមេបញ្ជាការអ៊ុនតាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
កាលពីព្រឹកថ្ងៃទី២៧ ខែមេសា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា UNTAC ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
៧២-សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកីឡាករ និងប្រតិភូកីឡាកម្ពុជា ជាង ៥០០នាក់ មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម
កាលពីថ្ងៃទី២៨ ខែមេសា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់កីឡាករកីឡាការិនី ក៏ដូចជា ប្រតិភូកីឡាកម្ពុជា ជាង ៥០០នាក់ មុនចាកចេញពីកម្ពុជា ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម។ សម្ដេចនាយករដ្ឋមន្ត្រី នៅតែបន្តក្រើនរម្លឹកជាថ្មីម្ដងទៀត ឱ្យកីឡាករកីឡាការិនី និងប្រតិភូកីឡារបស់កម្ពុជាទាំងអស់ គោរពវិន័យ ក្នុងការប្រកួត បញ្ចៀសនូវការប្រើប្រាស់សារធាតុញៀន និងសារធាតុហាមឃាត់ ក៏ដូចជា ខិតខំថែរក្សាសុខភាពបញ្ចៀសពីជំងឺកូវីដផងដែរ។ សម្ដេចតេជោ ចាត់ទុកថា ការបញ្ជូនកីឡាករដ៏ច្រើនរបស់កម្ពុជា ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម នៅឆ្នាំ២០២២ នេះ ជាការចូលរួមដកស្រង់បទពិសោធន៍ និងការពង្រឹងសមត្ថភាពរបស់កីឡាករបន្ថែមទៀត ដើម្បីត្រៀមប្រកួតក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខនេះ។
៧៣- សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យផ្ទេរអ្នកជំងឺកូវីដ ចេញពីស្តាតអូរឡាំពិក ខណៈកូវីដបន្តថមថយនៅកម្ពុជា
ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាល និងផ្ដល់អនុសាសន៍ដល់កីឡាករកម្ពុជា ដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែមេសា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវពិភាក្សាគ្នា ដើម្បីផ្ទេរអ្នកជំងឺកូវីដ ចេញពីស្តាតអូរឡាំពិក ខណៈកូវីដ បន្តថមថយនៅកម្ពុជា។
៧៤- សៀវភៅ « ក្តីសង្ឃឹម ហ៊ុន ម៉ានី» បោះពុម្ពផ្សាយដោយសារព័ត៌មានឌីជីថលថ្មីៗ បង្ហាញឱ្យសាធារណជនដឹងកាន់តែច្បាស់ អំពីអត្តចរិក និងជីវិតរបស់កូនប្រុសនាយករដ្ឋមន្ត្រី
សៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ត្រូវបានបោះពុម្ពផ្សាយ ដោយសារព័ត៌មានឌីជីថលថ្មីៗ និងជាស្នាដៃនិពន្ធរបស់លោក លាង ដឺលុច ដែលជាអ្នកកាសែត ដ៏មានបទពិសោធន៍មួយរូប។ សៀវភៅនេះ បានរៀបរាប់ពី អត្តចរិត ផ្នត់គំនិត បទពិសោធន៍ និងជីវិតរបស់លោក ហ៊ុន ម៉ានី ដើម្បីឱ្យសាធារណជន កាន់តែយល់ច្បាស់អំពីលោកថែមទៀត។ ពិធីសម្ពោធបើកដំណើរការលក់សៀវភៅថ្មីនេះ បានធ្វើឡើង កាលពីថ្ងៃទី២៨ ខែមេសា។
៧៥-ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ
ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមបើកដំណើរការឡើងវិញ ដោយវិធានការសុខាភិបាល ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។ ការបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នេះតទៅ គឺអ្នកដំណើរចូលប្រទេសថៃ ត្រូវបែងចែកជា ៣ ប្រភេទ គឺ (១) អ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងពេញលេញ (២) អ្នកដំណើរ ដែលមិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ និង (៣) អ្នកដំណើរដែលជាប្រជាជន ក្នុងខេត្តជាប់ព្រំដែន ដែលកាន់ប័ណ្ណព្រំដែន។ ខេត្តថៃ ជាប់ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលធ្វើដំណើរចេញចូលប្រទេសថៃ រួមមាន៖ ១-ខេត្តស្រះកែវ ២-ខេត្តសុរិន ៣-ខេត្តត្រាត ៤-ខេត្តចាន់ថៈបុរី។ នេះបើតាមស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។
៧៦-សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ១,៧៥៣នាក់
កាលពីព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់។ ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅសាលពិព័រណ៍ OCIC ជ្រោយចង្វារ។
៧៧- សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកសារព័ត៌មាន ជៀសវាងការផ្សាយព័ត៌មានបំភ្លៃការពិត និងត្រូវខិតខំអភិវឌ្ឍនសមត្ថភាពខ្លួន ឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល
ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» ថ្ងៃទី៣ ខែឧសភា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យអ្នកសារព័ត៌មាន ចៀសវាងការផ្សាយព័ត៌មានបំភ្លៃការពិត ដែលធ្វើឱ្យសាធារណជន បាត់បង់ជំនឿ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន និងតម្លៃរបស់សា្ថប័នសារព័ត៌មាន។ ទន្ទឹមនឹងនោះ សម្តេចក៏បានស្នើឱ្យអ្នកសារព័ត៌មាន ត្រូវខិតខំអភិវឌ្ឍនសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល។
៧៨- អ្នកជំនាញជឿជាក់ថា ព័ត៌មាន ដែលមានវិជ្ជាជីវៈ នឹងមិនដួលរលំ នៅចំពោះមុខឌីជីថលឡើយ
ថ្ងៃទី៣ឧសភា ទិវាសេរីភាពសារព័ត៌មានពិភពលោក។ កម្ពុជាក៏បានប្រារព្ធពិធីជួបជុំថ្នាក់ជាតិ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅចំពោះមុខស្ថានភាពសារព័ត៌មានដ៏សម្បូរបែប ក្នុងសម័យឌីជីថលនេះ អ្នកជំនាញ ដោយរួមទាំងឯកឧត្តម ហ៊ុន ម៉ាណែត ផង យល់ថា ស្ថាប័នសារព័ត៌មាន ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ នៅតែមិនដួលរលំឡើយ គ្រាន់តែត្រូវប្រែប្រួលទៅតាមបច្ចេកវិជ្ជាតែប៉ុណ្ណោះ។
៧៩- វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ២លានដូស បានដឹកមកដល់កម្ពុជា
វ៉ាក់សាំងបង្ការជំងឺកូវី១៩ ចំនួន ២លានដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់កម្ពុជាហើយ កាលពីព្រឹកថ្ងៃទី៣ ខែឧសភា។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរំពឹងថា វ៉ាក់សាំងនេះ នឹងបម្រើដល់ការចាក់ជូនប្រជាជាពលរដ្ឋ ខណៈគិតត្រឹមចុងខែមេសា កម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំងប្រមាណជាង ៨លានដូស សម្រាប់បន្តចាក់ជូនប្រជាពលរដ្ឋ។
៨០-សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តម ម៉ៃខើល មីចាឡាក់ ( Michael Michalak ) អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ កិច្ចប្រជុំនេះ បានធ្វើឡើង នៅវិមានសន្តិភាព នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា។
៨១-សម្តេចតេជោ ហ៊ុន សែន សោកស្តាយចំពោះការបាត់បង់លោក ហ៊ុន ណេង ជាបងប្រុសបង្កើត
លោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី៤ រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលបងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ។ សម្តេចតេជោ ហ៊ុន សែន បានសំដែងការសោកស្តាយ ចំពោះការបាត់បង់បងប្រុស និងថា ការបែកគ្នាលើកនេះ គឺលារហូត។ ចំណែកឥស្សរជននយោបាយ និងប្រជាពលរដ្ឋ ក្នុងនោះ ក៏មានលោកកឹមសុខា ផងដែរ បានផ្ញើសាររំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។ តាមកម្មវិធីបុណ្យ សពឯកឧត្តម ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក ក្នុងក្រុងកំពង់ចាម ហើយនៅថ្ងៃទី៩ ខែឧសភា សពឯកឧត្តម ហ៊ុន ណេង នឹងត្រូវដង្ហែយកទៅបញ្ចុះនៅវត្តភ្នំប្រុស។ ប៉ុន្មានថ្ងៃក្រោយមក ព្រះករុណា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារ «សម្តេចឧត្តមទេពញាណ» ជូនលោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន។
៨២- ភាគីពាក់ព័ន្ធឯកភាព ចែកជំនួយមនុស្សធម៌របស់អាស៊ាន ភ្ជាប់នឹងការចាក់វ៉ាក់សាំងកូវីដ ដល់ប្រជាជនមីយ៉ាន់ម៉ា
ដូចការគ្រោងទុក កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា ដែលកម្ពុជាធ្វើជាសហប្រធាន បានធ្វើឡើង នៅថ្ងៃទី៦ឧសភា។ ជាលទ្ធផល ភាគីពាក់ព័ន្ធ បានឯកភាពថា ការចែកជំនួយមនុស្សធម៌របស់អាស៊ាន ត្រូវផ្សារភ្ជាប់នឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងពេលតែមួយតែម្តង។
៨៣- សម្តេចតេជោ ហ៊ុន សែន៖ ក្នុងនាមប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន -អាមេរិក
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ឧសភានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីភ្នំពេញ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ មុនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាសំឡេងជូនជនរួមជាតិ ដោយបញ្ជាក់ថា ក្នុងនាមប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន -អាមេរិក ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ឧសភានេះ។
៨៤- សម្តេចតេជោ ហ៊ុន សែន៖ ទិវាកាកបាទក្រហម ថ្ងៃ៨ឧសភា ទទួលបានថវិកាពីសប្បុរសជន ជាង ១៦លានដុល្លារ
ក្នុងសារសំឡេង អំពីដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក នៅពេលចូលចាក់សាំងយន្តហោះ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១០ ខែឧសភានេះ សម្តេចសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនជាង ១៦លានដុល្លារអាមេរិក នៅក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ថ្ងៃ៨ឧសភា។
៨៥- រដ្ឋសភា ច្រានចោលសេចក្តីសម្រេចរបស់សភាអឺរ៉ុប ស្តីពី «ការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមអ្នក នយោបាយប្រឆាំងនៅកម្ពុជា»
រដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយសំដែងនូវការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ស្តីពី “ការបង្ក្រាបជាបន្តបន្ទាប់ ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា” ដែលបានអនុម័ត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋសភាកម្ពុជា ក៏បានប្រកាសច្រានចោលនូវសេចក្តីសម្រេចរបស់សភាអឺរ៉ុបនេះទាំងស្រុង ដោយផ្អែកលើមូលដ្ឋានចំនួន ១៣ចំនុច។
៨៦-សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់សហរដ្ឋអាមេរិក ទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីពលរដ្ឋខ្មែរ-អាមេរិក
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកហើយ នៅព្រឹកថ្ងៃទី១១ឧសភានេះ។ ពលរដ្ឋខ្មែរ កំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដាជាច្រើននាក់ បានអញ្ជើញមកស្វាគមន៍នូវការអញ្ជើញដល់របស់សម្តេចតេជោ យ៉ាងកក់ក្តៅ។
៨៧- សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ៨ចំណុច ឱ្យពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធអនុវត្ត ដើម្បីធានានូវសុខដុមនីយកម្មគ្រួសារទាំងអស់ នៅកម្ពុជា
ក្នុងឱកាសទិវាអន្តរជាតិ ស្តីពី គ្រួសារ ខួបលើកទី២៨ នាថ្ងៃទី១០ ខែឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យគ្រួសារ និងសហគមន៍និមួយៗ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ល្អរបស់យើង ប្រកបដោយមនសិការខ្ពស់។ ទន្ទឹមនឹងនោះ សម្តេចក៏បានស្នើសូមឱ្យពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ បន្តអនុវត្តនូវសំខាន់ៗ ៨ចំណុច ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្មគ្រួសារទាំងអស់ នៅកម្ពុជា។
៨៨-សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម
មុនពេលចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នាថ្ងៃទី១២ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម។ ជំនួបរវាងប្រមុខរដ្ឋាភិបាលទាំងពីរ នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃនេះ ផ្ដោតទៅលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការស្តាវិស័យទេសចរណ៍ ការធ្វើពាណិជ្ជកម្ម ការបោះឆ្នោត កិច្ចការព្រំដែន បញ្ហាអាស៊ាន តំបន់ និងពិភពលោក ដែលជាក្តីព្រួយបារម្ភរួម។
៨៩- សម្តេចតេជោ ហ៊ុន សែន ពន្យល់ពលរដ្ឋខ្មែរ រស់នៅអាមេរិក និងកាណាដា អំពីសភាពការណ៍នយោបាយ និងសេដ្ឋកិច្ចកម្ពុជា
ក្នុងឱកាសអញ្ជើញជាសហប្រធាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅលើទឹកដីសហរដ្ឋអាមេរិក នៅទី១២ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង ២ពាន់នាក់។ ក្នុងពិធី ដែលរៀបចំធ្វើនៅទីក្រុងវ៉ាស៊ីនតោន សម្តេចតេជោ បានពន្យល់ពលរដ្ឋអាមេរិកកាំង និងកាណាដា ដើមកំណើតខ្មែរ អំពីសភាពការណ៍ពិត ពាក់ព័ន្ធនឹងនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាសភាពការណ៍វិវត្តន៍ថ្មីៗ រឿងជំងឺកូវីត១៩ ស្ថានភាពនយោបាយផ្ទៃក្នុងប្រទេស បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ក៏ដូចជាបញ្ហាទាក់ទងនឹងការរក្សាអធិបតេយ្យភាពជាតិ ក្នុងចន្លោះរវាងមហាអំណាចចិន និងអាមេរិក ជាដើម។
៩០-អាមេរិក ប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយអាស៊ាន និងសន្យាផ្តល់ជំនួយ ១៥០លានដុល្លារ សម្រាប់ថាមពលស្អាត និងសន្តិសុខដែនសមុទ្រ
កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក បានប្រារព្ធធ្វើជាផ្លូវការ កាលពីថ្ងៃទី១២ ខែឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រោមវត្តមានសហប្រធាន គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅសេតវិមាន ក្នុងជំនួបទល់មុខគ្នា ជាប្រវត្តិសាស្ត្រ។ ជាមួយការស្វាគមន៍ និងប្តេជ្ញាចិត្តធ្វើការងារជិតស្និទ្ធជាមួយអាស៊ាន អាមេរិកក៏បានសន្យាផ្តល់ជំនួយប្រហែល ១៥០លានដុល្លារ សម្រាប់ប្រទេសអាស៊ាន ដើម្បីធ្វើការងារពាក់ព័ន្ធនឹងថាមពលស្អាត និងសន្តិសុខដែនសមុទ្រ។
៩១- មេដឹកនាំអាស៊ាន-អាមេរិក ប្តេជ្ញាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់
ក្នុងកិច្ចប្រជុំកំពូលពិសេស កាលពីសប្តាហ៍មុន មេដឹកនាំអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឱ្យយកាន់តែទូលំទូលាយថែមទៀត ដែលមិនអាចខ្វះបាន ចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាសម្រាប់តំបន់ និងសហគន៍អន្តរជាតិ។ ភាគីទាំងពីរ អាស៊ាន-សហរដ្ឋអាមេរិក យល់ឃើញថា ទំនាក់ទំនងទាំងនេះ គឺជាមូលដ្ឋានគ្រឹះ សម្រាប់លើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
៩២- សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ប្រយុទ្ធនឹងជំងឺកូវីដ
កាលពីថ្ងៃទី១៧ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីសំណេះសំណាល នៅសាលពិព័រណ៍ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ បានធ្វើឡើង ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមក ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា អះអាងថា បានទទួលជោគជ័យមួយភាគធំរួចជាស្រេចហើយ។
៩៣- សម្ដេចតេជោ ហ៊ុន សែន ពន្យល់សាធារណជន និងរម្លឹកសហរដ្ឋអាមេរិក ពីទិដ្ឋភាពច្បាប់ និងនយោបាយ ពាក់ព័ន្ធនឹងអ្នកគប់ស្បែកជើង មកលើសម្ដេច នៅសហរដ្ឋអាមេរិច
ក្នុងពិធីសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ កាលពីថ្ងៃទី១៧ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពន្យល់សាធារណជន និងរម្លឹកសហរដ្ឋអាមេរិក ពីទិដ្ឋភាពច្បាប់ និងនយោបាយ ពាក់ព័ន្ធនឹងបុរសម្នាក់ ដែលបានគប់ស្បែកជើង លើរូបសម្ដេច នៅសហរដ្ឋអាមេរិក។ ពលរដ្ឋខ្មែរភាគច្រើន បានថ្លែងប្រតិកម្មថ្កោលទោស និងប្រកាសថាជាទង្វើ ដែលមិនអាចអត់ឱនឲ្យបាន។ បុរសដែលគប់ស្បែកជើងលើសម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេស្គាល់ ឈ្មោះថា អ៊ុក ទូច វ័យ ៧១ឆ្នាំ ជាពលរដ្ឋខ្មែរ រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ បុរសរូបនេះ បានគប់ស្បែកជើងសំដៅមកសម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ គ្រាដែលសម្ដេចនាយករដ្ឋមន្ត្រី កំពុងត្រូវបានស្វាគមន៍ និងថតរូបអនុស្សវរីយ៍ជាមួយពលរដ្ឋខ្មែរជាច្រើន ដែលគាំទ្រសម្ដេច អញ្ជើញចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិច នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។
៩៤-សម្តេចក្រឡាហោម ស ខេង ពិនិត្យលទ្ធភាពបើកច្រកព្រំដែន និងបញ្ជាក់ពីគម្រោងកសាងស្ពានកម្ពុជា-ឡាវ
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែឧសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្តេចនឹងពិនិត្យលទ្ធភាពបើកច្រកព្រំដែនជាមួយភាគីឡាវឡើងវិញ។ ក្នុងនោះ ក៏មានគម្រោងកសាងស្ពានឆ្លងព្រំដែនរវាងប្រទេសទាំងពីរផងដែរ។
៩៥-សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី២២-២៦ ខែឧសភា
ក្រសួងការបរទេស បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស។ កិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នឹងរៀបចំធ្វើ ក្រោមប្រធានបទ «ការត្រៀមខ្លួន សម្រាប់យុគសម័យ ក្រោយជំងឺកូវីដ»។ កាលពីម៉ោង ១កន្លះ កណ្តាលអាធ្រាត្រ យប់ថ្ងៃទី២០ ឈានចូលថ្ងៃទី២១ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសស្វីសហើយ។ នៅពេលទៅដល់ប្រទេសស្វីស សម្តេច នឹងជួបជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅអឺរ៉ុប។
៩៦- កម្ពុជា ស្នើឥណ្ឌា ពន្លឿនដំណើរការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៨ ខែឧសភាម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យឥណ្ឌា ពន្លឿនការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ឱ្យបានឆាប់ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ដែលជាប្រយោជន៍រួមរវាងប្រទេសទាំងពីរ។ ក្នុងជំនួបកាលពីម្សិលមិញ ថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ក៏បានពិភាក្សាបញ្ហាជាច្រើនទៀត ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា បញ្ហារុស្សី និងអ៊ុយក្រែន ក៏ដូចជា បញ្ហាពាក់ព័ន្ធដទៃផ្សេងទៀត ដែលជាប្រយោជន៍ និងជាក្តីព្រួយបារម្ភ
រួម។
៩៧- សម្តេចតេជោ ហ៊ុន សែន ជំរុញបណ្តាប្រទេសអាស៊ាន និង BRICS ស្តារឡើងវិញ នូវពហុភាគីនិយម ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងតំបន់ និងពិភពលោក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យបណ្តាប្រទេសអាស៊ាន និង ប្រ៊ីក ស្តារឡើងវិញនូវពហុភាគីនិយម ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ខណៈដែលពិភពលោក កំពុងមានបញ្ហាប្រែប្រួល និងស្មុគស្មាញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងបទអន្តរាគមន៍ «វេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក (BRICS) ក្រោមមូលបទ «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង» ពីថ្ងៃទី១៩-២០ ខែឧសភា។
៩៨- សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់សុន្ទរកថាគន្លឹះអំពីការយកឈ្នះលើសមរភូមិប្រយុទ្ធប្រឆាំងជាមួយកូវីដ ១៩
ក្នុងសុន្ទរកថាគន្លឹះ កាលពីថ្ងៃទី២៣ ខែឧសភា ក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំ លើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា អាទិភាពចម្បងនៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល នៅតែផ្តោតលើការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំង ជាអាវុធយុទ្ធសាស្ត្រគន្លឹះ។
៩៩- ជំងឺអុតស្វា អាចបង្កជាការគំរាមកំហែងជាសកល ខណៈមន្ត្រីជំនាញ បញ្ជាក់ថា កម្ពុជានៅមិនទាន់មានជំងឺនេះ នៅឡើយទេ
អង្គការសុខាភិបាលពិភពលោក (WHO) បានប្រកាសពីការផ្ទុះជំងឺអុតស្វា ដែលមានប្រភពពីចក្រភព អង់គ្លេស ដោយបញ្ជាក់ថា ជំងឺនេះ អាចមានការគំរាមកំហែងសុខភាពជាសកល។ ការលើកឡើងនេះ ធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ WHO កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីមានការរាយការណ៍ពីករណីឆ្លងរាលដាលជំងឺអុតស្វា នៅក្នុងសហគមន៍មួយ ក្នុងប្រទេសអង់គ្លេស ដោយមិនដឹងពីប្រភពច្បាស់លាស់។ យ៉ាងណាក៏ដោយ មន្ត្រីជំនាញសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ជំងឺអុតស្វា នៅមិនទាន់មានវត្តមាននៅកម្ពុជានៅឡើយទេ ប៉ុន្តែទាមទារអោយពលរដ្ឋ មានវិធានការការពារអោយបានហ្មត់ចត់។
១០០-សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស
កាលពីខែឧសភា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដាវ៉ូស ឆ្នាំ២០២២ នៅប្រទេសស្វីស។ វេទិកាសេដ្ឋកិច្ចពិភពលោក ដាវ៉ូស ឆ្នាំ២០២២ បានកំណត់របៀបវារៈសំខាន់ៗ ជាច្រើន ដូចជា បញ្ហាអសន្តិសុខថាមពល ទស្សនវិស័យសេដ្ឋកិច្ចសកល បញ្ហាសកលភាវូបនីយកម្ម និងយុវជន ការមិនទុកចិត្ត និងប្រព័ន្ធសុខភាពពិភពលោក ជាដើម។ យ៉ាងណាក៏ដោយ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានក្លាយជាប្រធានបទសំខាន់ទី១ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដាវ៉ូស ឆ្នាំ២០២២នេះ។
១០០១-សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីកង្វល់ខ្លាំង ចំពោះសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលអាចឈានទៅដល់វិបត្តិស្បៀងអាហារជាសកល
ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលទើបបិទបញ្ចប់ នៅប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែឧសភា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញក្តីកង្វល់ខ្លាំង សម្រាប់ពិភពលោក និងអាស៊ាន ចំពោះសង្គ្រាមរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន។ សម្តេចតេជោ បញ្ជាក់ថា វិបត្តិរុស្ស៊ី និងអ៊ុយក្រែន មិនត្រឹមតែជាវិបត្តិថាមពលប៉ុណ្ណោះទេ តែនឹងប្រែក្លាយទៅជាវិបត្តិស្បៀងអាហារថែមទៀត។
១០២-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់គណបក្សនយោបាយ បន្តធ្វើសកម្មភាពឃោសនាបោះឆ្នោត ប្រកបដោយភាពថ្លៃថ្នូរ
កាលពីថ្ងៃទី២៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារសំឡេងជូនជនរួមជាតិពីការបញ្ចប់បេសកកម្មរបស់សម្តេច នៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងត្រៀមរៀបចំធ្វើដំណើរត្រឡប់មកកាន់មាតុភូមិវិញ។ ក្នុងសារពិសេសនេះ សម្តេចតេជោ បានគូសបញ្ជាក់ពីដំណើរការនៃការឃោសនាបោះឆ្នោតក្នុងរយៈពេលកន្លងមកនេះ បានប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ និងមានអព្យាក្រឹត្យ ភាពខាងនយោបាយ។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់គណបក្សនយោបាយ បន្តធ្វើសកម្មភាពឃោនាបោះឆ្នោត ប្រកបដោយភាពថ្លៃថ្នូរ និងចាស់ទុំខាងនយោបាយតទៅទៀត។
១០៣-ដំណើរទស្សនកិច្ចបំពេញការងារ ៥ថ្ងៃ នៅប្រទេសស្វីសរបស់សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់ ដោយជោគជ័យ
ដំណើរទស្សនកិច្ចបំពេញការងារ ៥ថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស បានបិទបញ្ចប់ដោយជោគជ័យ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញធ្វើដំណើរវិលត្រឡប់ មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពហើយ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា។
១០៤-សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈសំខាន់ៗ ជុំវិញអនាគតអាស៊ី ក្នុងស្ថានភាពពិភពលោកបែកខ្ញែក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នៅថ្ងៃទី២៧ ខែឧសភា តាមរយៈសន្និសីទអន្តរជាតិ លើកទី២៧ ស្តីពី «អនាគតរបស់អាស៊ី» បានចែករំលែកទស្សនៈសំខាន់ៗមួយចំនួន ដើម្បីធានាបានអនាគតល្អរបស់អាស៊ី ដែលទាមទារឱ្យមេដឹកនាំបណ្តាប្រទេសក្នុងតំបន់អាស៊ីទាំងមូល ត្រូវមានគោលជំហររួម គោរពអធិបតេយ្យភាព និងឯករាជ្យភាពគ្នាទៅវិញទៅមក អនុវត្តន៍គោលការណ៍ពហុភាគីនិយម ក៏ដូចជា រក្សា និងពង្រឹងនូវការឯកភាព និងសាមគ្គីភាព និងធ្វើការព្រមគ្នា ជំរុញកិច្ចសហការក្នុងតំបន់ ជាដើម។
១០៥- រាជរដ្ឋាភិបាលកម្ពុជា ប្រកាសកែសម្រួលបែងចែកដីធ្លីនៅតំបន់បឹងទន្លេសាបឡើងវិញ
កាលពីថ្ងៃទី២៧ ខែឧសភា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញថ្លែងសារពិសេស ផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា បញ្ជាក់ពីការកែសម្រួលបែងចែកដីធ្លី នៅតំបន់បឹងទន្លេសាបឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង អភិរក្ស និងប្រគល់ដីជូនពលរដ្ឋអាស្រ័យផល។ ការបែងចែកដីធ្លីឡើងវិញ នៅតំបន់បឹងទន្លេសាបនេះ នឹងត្រូវកំណត់សាជាថ្មី តាមរយៈអនុក្រឹត្យ ដោយមានការបោះបង្គោលកំណត់ឡើងវិញ ភ្ជាប់ជាមួយនឹងវិធានការស្តារទឹកបឹងឡើងវិញ។
១០៦-គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ចែកចាយឱសថ PAXLOVID ព្យាបាលកូវីដ១៩ សម្រាប់អាយុ ១២ឆ្នាំឡើង
កាលពីថ្ងៃទី៣០ ខែឧសភា ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ បានប្រកាសថា ចាប់ពីថ្ងៃទី៣០ឧសភា ឆ្នាំ២០២២ ក្រុមការងារ នឹងចែកចាយបន្ថែមនូវឱសថ PAXLOVID (ផាកឡូវីដ) សម្រាប់ព្យាបាលជំងឺកូវីដ១៩ ចំពោះមនុស្សអាយុចាប់ពី ១២ឆ្នាំឡើងទៅ។ ការផ្សព្វផ្សាយនេះ បានធ្វើឡើង ខណៈដែលជំងឺកូវីដ១៩ នៅកម្ពុជា មិនមានអ្នកឆ្លងសោះ ជិត ១ខែមកហើយ។
១០៧- កម្ពុជា សម្រេចទិញថ្នាំវ៉ាក់សាំងផលិតក្នុងស្រុក ជាង ១០៤លានដូស សម្រាប់ប្រើប្រាស់ ៣ឆ្នាំ ពីឆ្នាំ២០២៤-២០២៦
ក្នុងសារជាសំឡេងពិសេសជូនជនរួមជាតិ កាលពីព្រលប់ថ្ងៃទី១ ខែមិថុនា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការសម្រេចរបស់រាជរដ្ឋាភិបាល បញ្ជាទិញថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដែលផលិតក្នុងស្រុក ចំនួនជាង ១០៤លានដូស សម្រាប់តម្រូវការប្រើប្រាស់ ៣ឆ្នាំ គឺនៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះជាកម្ពុជាយើង មិនមានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ១៩ យូរថ្ងៃមកហើយក៏ដោយ តែកូវីដ មិនទាន់ទៅណាឆ្ងាយទេ។ ជម្រើសតែមួយ គឺសូមទៅទទួលថ្នាំវ៉ាក់សាំង ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍។
១០៨-កម្ពុជាមានករណីសង្ស័យជំងឺអុតស្វា ៦ករណី តែក្រោយធ្វើតេស្តនៅមន្ទីរពិសោធន៍ គឺអវិជ្ជមានទាំងអស់
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានប្រកាស កាលពីថ្ងៃទី២ ខែមិថុនា ពីករណីសង្ស័យជំងឺអុតស្វា ៦ករណី នៅកម្ពុជា។ ករណីសង្ស័យជំងឺអុតស្វា ទាំអ ៦ករណី ដែលក្នុងនោះ ៥នាក់ ជាមនុស្សធំ និងម្នាក់ជាកូនក្មេង ស្ថិតក្នុងប្រទេសកម្ពុជា ហើយមានរោគសញ្ញា ដូចជា កន្ទួល ពងបែកលើដៃ បាតដៃជើង បាតជើង ឬលើមុខ និងគ្រុនក្តៅ ជាដើម។ ក៏ប៉ុន្តែជាលទ្ធផល គឺអវិជ្ជមានទាំងអស់ ក្រោយធ្វើតេស្តនៅមន្ទីរពិសោធន៍។
១០៩- គ.ជ.ប ប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៥មិថុនា មានពលរដ្ឋចូលរួមបោះឆ្នោតជាង ៧លាននាក់
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ត្រូវបានគ.ជ.ប ប្រកាសថា មានប្រជាពលរដ្ឋ បានទៅបោះឆ្នោតជាង ៧លាននាក់ ស្មើនឹងជាង ៨០% ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សរុបជាង ៩លាន ២០ម៉ឺននាក់។ ទន្ទឹមនឹងនេះ ដំណើរការនៃការបោះឆ្នោតប្រព្រឹត្តឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ នៅទូទាំងប្រទេស ត្រូវបាន គជប គណបក្សចូលរួមការបោះឆ្នោត និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ប្រកាសដាច់ដោយឡែកពីគ្នាថា បានប្រព្រឹត្តិទៅដោយល្អប្រសើរ ប្រកបដោយតម្លាភាព និងក្នុងបរិយាកាស សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប៉ុន្តែគណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងពីភាពមិនប្រក្រតីមួយចំនួន ក្នុងពេលបោះឆ្នោត។ ប៉ុន្តែគណបក្សទាំងពីរនេះ បានប្រកាសទទួលយកលទ្ធផលបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៥មិថុនា ដោយគ្មានការប្រមូលផ្តុំអ្នកគាំទ្រ ធ្វើបាតុកម្មតវ៉ាអ្វីឡើយ។
១១០- អ្នកសង្កេតការណ៍អន្តរជាតិ ប្រមាណ ២០ស្ថាប័នធំៗ វាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជា មានយុត្តិធម៌ សន្តិភាព អហឹង្សា និងគោរពតាមក្បួនច្បាប់អន្តរជាតិ
អ្នកសង្កេតការណ៍អន្តរជាតិប្រមាណ ២០ស្ថាប័នធំៗ នៅថ្ងៃទី៦ ខែមិថុនានេះ បានរួមគ្នា ធ្វើសន្និសីទសារព័ត៌មាន បញ្ជាក់ជំហររបស់ខ្លួន ជុំវិញការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនាម្សិលមិញថា បានបិទបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសជារួម មានយុត្តិធម៌ សន្តិភាព អហិង្សា និងគោរពតាមក្បួនច្បាប់អន្តរជាតិ។
១១១-សម្តេចពិជ័យសេនា ទៀ បាញ់ ធានាអះអាងថា មូលដ្ឋានទ័ពសមុទ្ររាម មិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយទេ ហើយក៏មិនមែនឱ្យចិនប្រើប្រាស់ផ្តាច់មុខនោះដែរ
កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ២គ្រឿង ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម។ ក្នុងពិធីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា មូលដ្ឋានទ័ពសមុទ្ររាម មិនមែនប្រគល់ឱ្យចិនប្រើប្រាស់ផ្តាច់មុខ ដូចការចោទប្រកាន់នោះទេ។ សម្តេចប្រមុខការពារជាតិ ក៏ធានាថា ការបង្កើនសមត្ថភាពមូលដ្ឋានទ័ពសមុទ្ររាម គឺគ្មានចេតនា បង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះទេ។
១១២- ប្រមុខការទូតកម្ពុជា ច្រានចោលការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពជើងទឹករាម
ពាក់ព័ន្ធនឹងការកែលំអមូលដ្ឋានកងទ័ពជើងទឹករាម នាពេលនេះ ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រប៉ុណ្ណោះ។ មិនមែនអនុញ្ញតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេស នៅលើទឹកដីកម្ពុជានោះឡើយ។ ប្រមុខការទូតកម្ពុជា បានលើកឡើងដូច្នេះ ក្នុងពេលជួបសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់អូស្ត្រាលី កាលពីថ្ងៃទី៧មិថុនា។
១១៣-យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ ចាប់ផ្តើមចាក់ជូនក្រុមមន្ត្រីរដ្ឋាភិបាល និងមន្ត្រីជួរមុខ នាព្រឹកថ្ងៃទី៩មិថុនានេះ
កាលពីព្រឹកថ្ងៃទី៩មិថុនា គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ ជូនដល់ក្រុមមន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីជួរមុខ។ ការចាក់វ៉ាក់សាំង ដូសទី៥ នាពេលនេះ បានធ្វើឡើងខណៈដែលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាយើង លែងមានអ្នកឆ្លង និងមិនមានអ្នកស្លាប់ ប្រមាណ ១ខែមកហើយ។
១១៤- ក្រសួងសុខាភិបាល ណែនាំឱ្យពលរដ្ឋ ការពារការចម្លងជំងឺពងបែកដៃជើង និងក្នុងមាត់ លើកុមារតូចៗ
កាលពីថ្ងៃទី៩ ខែមិថុនា ក្រសួងសុខាភិបាល បានណែនាំឱ្យប្រជាពលរដ្ឋ ការពារការចម្លងជំងឺពងបែកដៃជើង និងក្នុងមាត់លើកុមារតូចៗ។ សេចក្តីណែនាំនេះ បានធ្វើឡើង បន្ទាប់ពីជំងឺពងបែកដៃជើង និងក្នុងមាត់ ត្រូវបានរកឃើញថា បានកើតឡើងរប៉េះរប៉ោះ នៅតាមបណ្តាខេត្តមួយចំនួន។
១១៥- សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការចោទប្រកាន់អំពីការលួចសន្លឹកឆ្នោត
កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ជាង ២ពាន់នាក់។ ក្នុងពិធីនៅមជ្ឈមណ្ឌលជ្រោយចង្វារ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រមាណ ២ម៉ោងកន្លះ ដោយផ្តោតលើបញ្ហាសំខាន់ជាច្រើន រួមមាន បញ្ហាពាក់ព័ន្ធនឹងកូវីដ១៩ បញ្ហាសេដ្ឋកិច្ច រឿងរ៉ាវវិវឌ្ឍន៍ថ្មីៗក្នុងតំបន់ និងពិភពលោក ក៏ដូចជាការផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់និស្សិត ដែលទទួលបានជោគជ័យក្នុងការសិក្សាផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញប្រតិកម្មចំពោះការចោទប្រកាន់អំពីការលួចសន្លឹកឆ្នោតផងដែរ។
១១៦-គ.ជ.ប ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតឃុំសង្កាត់
ក្រោយពីទទួលបានសម្ភារ និងឯកសារពាក់ព័ន្ធពីគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលនៃការបោះឆ្នោតតាមឃុំសង្កាត់ទាំងអស់។ ការពិនិត្យផ្ទៀងផ្ទាត់នេះ ធ្វើឡើងនៅទីស្តីការគ.ជ.ប ស្ថិតនៅក្រោមក្រសែភ្នែកតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន។
១១៧-សម្តេចតេជោ ហ៊ុន សែន ប្រកាសដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចាប់ពីខែមករា ឆ្នាំ២០២៣ ខាងមុខ
កាលពីថ្ងៃទី១៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីកាលបរិច្ឆេទជាក់លាក់ ក្នុងការដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គឺធ្វើឡើងនៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខ។ នៅដើមឆ្នាំ២០២៣ខាងមុខ គ្រូបង្រៀន និងគ្រូពេទ្យ អាចនឹងត្រូវដំឡើងប្រាក់ប្រៀវត្សរ៍ ពីប្រមាណជាង ១លាន ២សែន ទៅដល់ ១លាន ៥សែនរៀល គ្រាដែលមន្ដ្រីដទៃទៀត អាចនឹងត្រូវដំឡើងដូចគ្នា ពីប្រមាណជាង ១លាន ១សែន ទៅប្រមាណ ១លាន ៤សែនរៀល។
១១៨- គណបក្សប្រជាជនកម្ពុជា ដាក់ពាក្យបណ្តឹងជាផ្លូវការ ប្តឹងលោក សុន ឆ័យ ពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់
កាលពីថ្ងៃទី១៤ ខែមិថុនា គណបក្សប្រជាជនកម្ពុជា តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្តឹង ជាផ្លូវការ ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ប្តឹងឱ្យតុលាការ ផ្តន្ទាទោស និងទារសំណងជំងឺចិ ត្តចំនួន ១លានដុល្លារ ពីលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងអ្វីដែលបក្សប្រជាជនកម្ពុជាអះអាងថា ជាការចោទ និងបំភ្លៃព័ត៌មាន ជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លង ទៅតាមរយៈសារព័ត៌មាន ឌឹ ខែមបូឌា ដេលី។ នោះគឺលោក សុន ឆ័យ លើកឡើងថា ការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងមក មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ហើយមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋឡើយ។
១១៩- គជប បញ្ចប់ដំណើរការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតឃុំសង្កាត់
គ.ជ.ប បានបញ្ចប់ដំណើរការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតឃុំសង្កាត់ បន្ទាប់ពីចំណាយអស់រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមិថុនានេះ។ តាមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយក្រុមមន្ត្រីជំនាញរួចមក គ.ជ.ប ប្រកាសថា លទ្ធផលបោះឆ្នោតឃុំសង្កាត់ ថ្ងៃ៥មិថុនា ដែលគ.ជ.ប ប្រកាសជាបណ្តោះអាសន្ន កន្លងមក គឺមានភាពត្រឹមត្រូវ។
១២០-សម្ដេចតេជោ ហ៊ុន សែន បង្ហាញស្នាមញញឹមលើកពានមាស និងប្រកាសផ្ដួចផ្ដើមឱ្យអាស៊ាន ដេញថ្លៃ ធ្វើម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានបង្ហាញមោទកភាព និងស្នាមញញឹមដ៏ស្រស់ស្រាយ លើកពានមាសបាល់ទាត់ពិភពលោក FIFA ដែលបានប្រារព្ធពិធីដង្ហែឆ្លងកាត់កម្ពុជា។ ជាមួយនឹងការលើកទឹកចិត្ត និងគាំទ្រការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក នៅប្រទេស កាតា នាឆ្នាំ២០២២ នេះ សម្ដេច ហ៊ុន សែន ប្រធានអាស៊ាន ក៏បានប្រកាសគំនិតផ្ដួចផ្ដើម ឱ្យរដ្ឋជាសមាជិកអាស៊ាន រៀបចំធ្វើការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតបាល់ទាត់ពិភពលោក នៅពេលខាងមុខផងដែរ។
១២១- ប្រជាពលរដ្ឋ ចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក ដោយសេរី នៅពហុកីឡដ្ឋានជាតិមរតកតេជោ
បន្ទាប់ពីដង្ហែមកដល់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ពានរង្វាន់បាល់ទាត់ពិភពលោក ( FIFA WORLD CUP) ត្រូវបានដាក់បង្ហាញមហាជន ចូលទស្សនាដោយសេរី ហើយប្រជាពលរដ្ឋ និងយុវជន-យុវនារី អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ក៏អាចថតរូបជាមួយពានរង្វាន់ពិភពលោកនេះ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីរសៀល ១ ដល់ម៉ោង ១០យប់ នាថ្ងៃទី១៥ ខែមិថុនា ផងដែរ។
១២២- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មី ចំពោះមុខនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវៀតណាម ពីការមិនប្រគល់ដីឱ្យវៀតណាម សូម្បី ១មីលីម៉ែត្រ
ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី ៤៥ឆ្នាំដំណើរឆ្ពោះទៅផ្តួលរំលំរបបខ្មែរក្រហម នៅថ្ងៃទី២០ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាផ្លូវការ នៅចំពោះមុខនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវៀតណាមថា សម្តេច នឹងមិនប្រគល់ដីឱ្យវៀតណាម សូម្បី ១មីលីម៉ែត្រ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា កម្ពុជាក៏មិនចង់បានដីពីវៀតណាមដូចគ្នាដែរ ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបន្តរក្សាកិច្ចសហការល្អ ជាមួយវៀតណាមពិសេសការបង្កើតតំបន់ព្រំដែនជាតំបន់សន្តិភាព និងការអភិវឌ្ឍន៍ ដោយក្នុងនោះ តំបន់យោធាតេជោកោះថ្ម X16 ដែលមានព្រំប្រទល់ជាប់នឹងខេត្តប៉ិញភឿក របស់វៀតណាម ក៏គ្រោងនឹងអភិវឌ្ឍ៍ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង់ ផងដែរ នៅពេលខាងមុខ។
១២៣- សម្តេចក្រឡាហោម ស ខេង ស្នើក្រុមប្រឹក្សាឃុំ សង្កាត់ ដែលឈ្នះឆ្នោត កុំឌឺដងអ្នកចាញ់ឆ្នោត
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តពោធិរង្សី ហៅ វត្តត្រពាំងទទឹម ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលពីថ្ងៃអាទិត្យ ទី១៩ ខែមិថុនា សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំសង្កាត់ ដែលឈ្នះការបោះឆ្នោតត្រូវសងគុណប្រជាពលរដ្ឋ ព្រោះម្ចាស់សិទ្ធិ ម្ចាស់អំណាចឱ្យយើង ធ្វើមេឃុំនេះ គឺពលរដ្ឋ។ ដូច្នេះត្រូវបម្រើពួកគាត់ឱ្យអស់ពីលទ្ធភាព។ សម្តេចក៏បានណែនាំដល់ក្រុមប្រឹក្សាឃុំសង្កាត់ ដែលឈ្នះការបោះឆ្នោត កុំអួតអាង និងកុំឌឺដងអ្នកចាញ់ឆ្នោត ដែលសម្តេច ចាត់ទុកទង្វើនេះថា គ្មានបានប្រយោជន៍នោះទេ។
១២៤-អង្គការសម្ព័ន្ធពិភពឥស្លាម ចាត់ទុកកម្ពុជា ជាប្រទេសសន្តិសហវិជ្ជមានខាងសាសនា
អង្គការសម្ព័ន្ធពិភពឥស្លាម តាមរយៈអគ្គលេខាធិការ លោកបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសគំរូមួយលើពិភពលោក ដែលផ្តល់សេរីភាពគ្រប់គ្រាន់ សម្រាប់ពលរដ្ឋគោរពជំនឿសាសនារៀងៗខ្លួន ដោយមិនការរឹតត្បិត។ លោកបណ្ឌិតអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម បានលើកឡើង នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២១ ខែមិថុនាថា អង្គការសម្ព័ន្ធពិភពឥស្លាម នឹងយកបទពិសោធន៍ល្អៗ ពីកម្ពុជា ទៅចែករំលែក នៅតាមវេទិកាផ្សេងៗ ជាមួយថ្នាក់ដឹកនាំដទៃទៀតផងដែរ។
១២៥- សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចប់អាណត្តិការងារការទូតពីកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២១ ខែមិថុនា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ដែលបានបញ្ចប់អាណត្តិការងារការទូតរបស់ខ្លួន ពីព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សាការងារ កាលពីព្រឹកមិញនេះ បានធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
១២៦- សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល ចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់របស់អតីតយុទ្ធជន
នៅក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជន ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចេញសារលិខិត ចូលរួមអបអរសាទរ ដោយសម្តេច លើកឡើងថា ទាំងរាជរដ្ឋាភិបាល ទាំងប្រជាជនទូទាំងប្រទេស នៅតែចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អួនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ។
១២៧-សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យជប៉ុន បន្តពង្រីកបន្ថែមទៀត លើកិច្ចសហការផ្នែកយោធាជាមួយកម្ពុជា
កាលពីថ្ងៃទី២២ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈរដ្ឋមន្ដ្រីការពារជាតិជប៉ុន បានស្នើឱ្យជប៉ុន បន្តពង្រឹងពង្រីកកិច្ចសហការផ្នែកយោធាបន្ថែមទៀតជាមួយកម្ពុជា។ បើតាមសម្តេចនាយករដ្ឋមន្ត្រី កិច្ចសហការរវាងប្រទេសទាំងពីរ ល្អប្រសើរហើយ នាពេលបច្ចុប្បន្ន តែសម្តេចចង់ឃើញកម្រិតនៃសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរមួយកម្រិតថែមទៀត ពិសេសការផ្លាស់ប្តូរទស្សនកិច្ច ការបណ្ដុះបណ្ដាលនាយទាហានវ័យក្មេង លើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ជាដើម។
១២៨-សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំ BRICS Plus ដែលចិន ធ្វើជាម្ចាស់ផ្ទះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំ «BRICS Plus» ដែលរៀបចំធ្វើនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីយប់ថ្ងៃទី២៤ ខែមិថុនា។ នៅចំពោះមុខមេដឹកនាំមកប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនផ្សេងទៀត សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ផ្តោតលើការរួមគ្នាស្តារសេដ្ឋកិច្ចទ្បើងវិញ ក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាការអនុវត្តន៍គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើវិធានច្បាប់ ជាដើម។
១២៩- ៩គណបក្ស ជាប់ឆ្នោត នៅក្នុងការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥មិថុនា
កាលពីថ្ងៃទី២៤ ខែមិថុនា គ.ជ.ប បានប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលបានបោះឆ្នោត កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានគណបក្សនយោបាយ ចំនួន ៩ គណបក្ស បានជាប់ឆ្នោត ទទួលបានអាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់ ទូទាំងប្រទេស។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានច្រើនជាងគេ រហូតដល់ជាង ៩០០០អាសនៈ បន្ទាប់មកគណបក្សភ្លើងទៀន ជាង ២០០០អាសនៈ និងតិចជាងគេ គឺគណបក្សកម្ពុជានិយម និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានក្នុងគណបក្សនិមួយៗ តែ ១អាសនៈប៉ុណ្ណោះ។
១៣០-បក្សកាន់អំណាច ប្រកាសបន្តអនុវត្តន៍គោលនយោបាយលើកកម្ពស់ជីវភាពពលរដ្ឋ និងមិនទុកបក្សនយោបាយផ្សេង ជាសត្រូវឡើយ
គណបក្សប្រជាជនកម្ពុជា បានប្រារព្ធមេទ្ទីងរម្លឹកខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ នៅក្នុងពិធីជួបជុំ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា នៅទីស្នាក់ការកណ្តាលគណបក្ស នាវិមាន៧មករា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មី ក្នុងនាមប្រធានគណបក្សដឹកនាំរាជរដ្ឋាភិបាលថា នឹងបន្តអនុវត្តន៍ ដោយយកចិត្តទុកដាក់នូវគោលនយោបាយនានា ដើម្បីធានារួមចំណែក កែប្រែកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ អោយកាន់តែល្អប្រសើរ។ ជាមួយនេះ សម្តេចប្រធានបក្សកាន់អំណាច ក៏ប្រកាសផងដែរថា នឹងបន្តអនុវត្តន៍ អោយបានខ្ជាប់ខ្ជួនដូចគ្នានូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ដោយមិនទុកបក្សនយោបាយណាមួយ ជាសត្រូវនោះឡើយ។
១៣១- ប្រមុខការទូតកម្ពុជា ធ្វើដំណើរចាកចេញពីកម្ពុជាហើយ នៅព្រឹកនេះ ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា
ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ាន កាលពីថ្ងៃទី២៩ ខែមិថុនា បានអញ្ជើញធ្វើដំណើរចាកចេញពីកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅប្រទេសមីយ៉ាន់ម៉ា ជាលើកទី២ នេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ប្រកាសថា ដើម្បីតាមដានវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។
១៣២-សម្ដេចតេជោ ហ៊ុន សែន ដោះស្រាយបញ្ហារ៉ាំរ៉ៃធំ ២ ជូនពលរដ្ឋ នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃទី១ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបានអញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ នៅតំបន់អាងទឹកត្រពាំងថ្ម ស្ថិតនៅឃុំប៉ោយរចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ សម្តេចតេជោ បានដោះស្រាយបញ្ហារាំរ៉ៃធំ ២ ជូនពលរដ្ឋ រស់នៅទីតាំងនោះ។ ទីមួយ គឺបញ្ហាផ្លូវប្រវែងជិត ១០គីឡូម៉ែត្រ លើខ្នងទំនប់អាងទឹកត្រពាំងថ្ម ដែលជាចំណុចប្រទាញប្រទង់នៃការទទួលខុសត្រូវរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើឱ្យផ្លូវមួយខ្សែនេះ អូសបន្លាយ មិនបានសាងសង់ ចាប់តាំងពីឆ្នាំ២០១៣ មកទល់ពេលបច្ចុប្បន្ននេះ។ រីឯបញ្ហាទី ២ វិញ គឺការដោះស្រាយបញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅបន្តសេសសល់ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាពេលបច្ចុប្បន្ន ប្រមាណ ២៤០០ហិកតា។
១៣៣- សម្ដេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់តឹងរឹងបំផុត ចំពោះជនទាំងឡាយណា ដែលប្រឌិតព័ត៌មាន ពាក់ព័ន្ធនឹងបញ្ហាកូវីដ
នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ ថ្ងៃ១កក្កដា សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសព្រមានចាត់វិធានការច្បាប់តឹងរឹងបំផុត ចំពោះជនទាំងឡាយណា ដែលប្រឌិតព័ត៌មានពាក់ព័ន្ធនឹងជំងឺកូវីដ បំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបង្កឲ្យមានការភ័យ និងបំភាន់ការពិត។ ការព្រមានរបស់សម្ដេចនាយករដ្ឋមន្ត្រីដូច្នេះ ខណៈដែលប៉ូលិស បានចាប់ខ្លួនយុវជនម្នាក់រស់នៅខេត្តត្បូងឃ្មុំ ដែលបានប្រឌិតព័ត៌មាន ស្ដីពី ករណីស្លាប់ថ្មី នៃអ្នកកើតជំងឺកូវីដ នៅខេត្តកោះកុង។ បន្ទាប់ពីចាប់ខ្លួន នៅព្រឹកថ្ងៃទី១កក្កដា យុវជន ដែលជាសកម្មជនគណបក្សភ្លើងទៀននោះ ត្រូវបានបញ្ជូនមកតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់។
១៣៤- សម្តេចតេជោ ហ៊ុន សែន បង្កើត «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ដើម្បីកម្ពុជា ឈានទៅគ្មានគ្រាប់មីន នៅឆ្នាំ២០២៥
កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា បានសម្រេចបង្កើត «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន Samdech Techo Project for Mine Action_STP – MA” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ តាមរយៈគម្រោងនេះ សប្បុរសជន អាចចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសម្អាតមីន នៅក្នុងប្រទេសកម្ពុជាយើង ដូចអ្វីដែលសម្តេចតេជោ បានប្រកាសក្នុងទិវាមច្ឆជាតិ ថ្ងៃ១កក្កដា នៅក្នុងខេត្តបន្ទាយមានជ័យ។
១៣៥- សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរថយន្តចង្កូតស្តាំ មិនចាំបាច់ប្តូរចង្កូត តែត្រូវបង់ពន្ធជាចាំបាច់
កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅវិមានសន្តិភាព។ ក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យរថយន្តចង្កូតស្តាំ ដែលមានវត្តមាននៅកម្ពុជាស្រាប់បច្ចុប្បន្ន អាចធ្វើចរាចរណ៍បាន ដោយមិនចាំបាច់ប្តូរចង្កូតពីស្តាំ ទៅឆ្វេងទេ តែតម្រូវឱ្យបង់ពន្ធជាចាំបាច់។ ក្រៅពីបានសម្រេចដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានព្រមានចាត់វិធានការក្តៅ ចំពោះការលួចនាំចូលរថយន្តចង្កូតស្តាំ ដោយគ្មានការលើកលែងឡើយ។
១៣៦-សម្តេច ហ៊ុន សែន ណែនាំឱ្យបង្កើតកុងធនាគារ សម្រាប់ពលរដ្ឋទូទៅ ចូលរួមថវិកា ដើម្បីបោសសម្អាតមីន
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៦ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឱ្យបង្កើតកុងគណនីធនាគារ សម្រាប់ពលរដ្ឋទូទៅ ចូលរួមថវិកា ដើម្បីបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ សេចក្តីណែនាំផ្ទាល់មាត់ដូច្នេះ បានធ្វើឡើង ក្រោយពីពលរដ្ឋទូទៅ ក្រៅពីអ្នកជំនួញ និងឧកញ៉ា មានបំណងចង់ចូលរួមថវិកាជាមួយរាជរដ្ឋាភិបាលដែរ តែមិនដឹងធ្វើដូចម្តេច។ ភ្លាមៗ កុងធនាគារ នៅ ៣ធនាគារ ត្រូវបានបង្កើតឡើង នៅធនាគារ ABA ធនាគារ អេស៊ីលីដា និងនៅធនាគារ កាណាឌីយ៉ា ដោយមានទទួលប្រាក់រៀល និងប្រាក់ដុល្លារ។
១៣៧-វ៉ាក់សាំង Pfizer ជិត ២០ម៉ឺនដូស ដែលជាជំនួយរបស់អូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយ
វ៉ាក់សាំង Pfizer ជិត ២០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ។ ពិធីប្រគល់ និងទទួលជំនួយវ៉ាក់សាំងនេះ បានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ឯកឧត្តម ប៉ាបប្លូ កាំង ( Pablo Kang ) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
១៣៨- អាជ្ញាធរមីនកម្ពុជា ដាក់ផែនការបោសសម្អាតគ្រាប់មីននៅខេត្តត្បូងឃ្មុំ តាកែវ និងកំពត ឲ្យអស់ត្រឹមដើមឆ្នាំ២០២៣
កាលពីថ្ងៃទី៧ ខែកក្កដា អាជ្ញាធរមីនកម្ពុជា បានប្រកាសដាក់ផែនការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឱ្យអស់នៅខេត្តត្បូងឃ្មុំ ខេត្តតាកែវ និងខេត្តកំពត យ៉ាងយូរនៅត្រឹមឆ្នាំ២០២៣។ ជាមួយគ្នានេះ អាជ្ញាធរមីនកម្ពុជា កំណត់ខេត្តត្បូងឃ្មុំ ដែលមានផ្ទៃដីមានគ្រាប់មីនជាង ៤គីឡូម៉ែត្រក្រឡា ប្រគល់ជូនកងទ័ពមួកខៀវ ជាអ្នកទទួលខុសត្រូវប្រតិបត្តិការបោសសម្អាត រីឯខេត្តតាកែវ និងខេត្តកំពត ប្រគល់ជូនអង្គភាពស៊ីម៉ាក។
១៣៩- សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជានៅរសៀលថ្ងៃទី១១កក្កដា
នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា។ តាមសម្តេចតេជោ មរណភាពរបស់លោក ស៊ិនហ្សូ អាបេ គឺរឿងរាវដ៏គួរអោយសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យបំផុត។ ដើម្បីចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ ប្រជាជន និងរាជរដ្ឋភិបាលជប៉ុន រាជរដ្ឋាភិបាលកម្ពុជា ក៏បានជ្រើសរើសយកថ្ងៃទី១០ ខែកក្កដាជាថ្ងៃកាន់ទុក្ខជាផ្លូវការ ដោយបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាលដង និងធ្វើពិធីស្មឹងស្មាត នៅមុនកិច្ចប្រជុំនានាផងដែរ។
១៤០-ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា ការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ ពុំប៉ះពាល់ដល់ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមឡើយ
ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះមហាក្សត្រ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ក្រោយកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានទូលថ្វាយព្រះមហាក្សត្រថា រាជរដ្ឋឋាស្នើធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ លើកទី១០នេះ ពុំប៉ះពាល់ដល់ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមឡើយ។
១៤១- រដ្ឋមន្ត្រីយុត្តិធម៌ បង្ហាញពីគោលបំណង និងខ្លឹមសារនៃការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ
កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានធ្វើសន្និសីទកាសែត បង្ហាញពីគោលបំណង និងខ្លឹមសារនៃការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ លើកទី១០ នាពេលនេះ។ ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា គោលបំណងនៃធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ ចំនួន ៨មាត្រា លើកទី១០នេះ គឺដើម្បីបំពេញបន្ថែមចំនុចខ្វះខាតរដ្ឋធម្មនុញ្ញ ដែលបានប្រកាសឲ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៣ និងដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជា។
១៤២- គណបក្សប្រជាជនកម្ពុជា ណែនាំដល់មន្ត្រីរបស់ខ្លួនទាំងអស់ បន្តខិតខំបម្រើប្រជាជនអោយអស់ពីចិត្តពីថ្លើម
សន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី១៦ និងថ្ងៃទី១៧ ខែកក្កដា សម្រេចបានជោគជ័យ និងផ្លែផ្កា គួរអោយកត់សម្គាល់។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា នៅតែណែនាំដល់មន្ត្រីរបស់ខ្លួនទាំងអស់ រួមគ្នាលើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស ដោយបន្តជំរុញអនុវត្តកម្មវិធីនយោបាយនានា ដោយឥតថមថយ និងខិតខំបម្រើប្រជាជន ឱ្យអស់ពីចិត្តពីថ្លើម។
១៤៣- ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រទានព្រះរាជទ្រព្យ ១លាន ៥សែនដុល្លារ ចូលរួមដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជា
កាលពីចុងខែកក្កដា ព្រះមហាក្សត្រ និងសម្តេចម៉ែ បានប្រោសប្រទាននូវព្រះរាជទ្រព្យ សរុបចំនួន ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះ ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសប្រទាន នូវព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារអាមេរិក។ រីឯសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ក៏បានប្រោសប្រទាននូវព្រះរាជទ្រព្យចំនួន ១លានដុល្លារអាមេរិក ផងដែរ។
១៤៤- អ្នកជំនាញផ្នែកសុខាភិបាល អះអាងថា ជំងឺអុតស្វា មិនឆ្លងដូចកូវីត១៩ ទេ តែពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះអុតស្វា មិនទាន់មានថ្នាំព្យាបាលទេ
អ្នកជំនាញផ្នែកសុខាភិបាលកម្ពុជា អះអាងថា ជំងឺអុតស្វា មិនឆ្លងដូចកូវីត១៩ទេ។ ពោលគឺវាឆ្លង លុះត្រាតែប៉ះពាល់ផ្ទាល់លើដំបៅ ទឹករងៃ វត្ថុរាវ ឬរួមភេទជាមួយអ្នកជំងឺ ដែលកើតអុតស្វា ផ្ទុយពីជំងឺកូវីត១៩ ដែលឆ្លង តាមផ្លូវដង្ហើម។ ទោះជាកម្ពុជា រកមិនទាន់ឃើញជំងឺអុតស្វានៅឡើយ លើកលែងតែមួយករណីដែលរកឃើញលើបុរសនីហ្សេរីយ៉ា ដែលបានរត់គេចពីប្រទេសថៃ ចូលមកកម្ពុជាយ៉ាងណាក៏ដោយ ក៏អ្នកជំនាញផ្នែកសុខាភិបាល នៅតែបន្តអំពាវឱ្យពលរដ្ឋ ថែរក្សាសុខភាព យកចិត្តទុកខ្ពស់ចំពោះវិធានការការពារជំងឺអុតស្វានេះ ក្រោមហេតុផលថា ជំងឺអុតស្វា គ្មានថ្នាំព្យាបាលនៅឡើយទេ បច្ចុប្បន្ននេះ។
១៤៥-ប្រធានអាស៊ាន តក់ស្លុត និងសោកសៅ ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំង ៤នាក់ នៅមីយ៉ាន់ម៉ា
ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានសម្តែងការតក់ស្លុត និងសោកសៅយ៉ាងក្រៃលែង ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំង ៤នាក់ នៅមីយ៉ាន់ម៉ា។ ការអនុវត្តទោសប្រហារជីវិតនេះ ធ្វើឡើងតែមួយសប្ដាហ៍ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ ដែលជាទង្វើមិនអាចអត់ឱនអោយបាន ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច។
១៤៦-រាជរដ្ឋាភិបាល បង្កើតក្រុមការងារដោះស្រាយសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់អង្គរ
រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
១៤៧- កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩កក្កដា ដល់ថ្ងៃទី៥សីហា
ក្រសួងការបរទេស បានប្រកាសថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ហើយនឹងទទួលការចូលជួបសម្តែងការគួរសមរួមគ្នា ដោយរដ្ឋមន្ត្រីការបរទេស និងអគ្គលេខាធិការអាស៊ាន។
១៤៨- សម្តេចតេជោ ហ៊ុន សែន ស្នើសហគមន៍អឺរ៉ុប ពិចារណាឡើងវិញ នូវទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី
សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៤ ខែសីហានេះ បានស្នើឱ្យសហគមន៍អឺរ៉ុបពិចារណាឡើងវិញនូវទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ ក្រៅពីសំណើរអោយសហគមន៍អឺរ៉ុបពិចារណាឡើងវិញចំពោះទណ្ឌកម្មសេដ្ឋកិច្ចលើរុស្សី ក្នុងជំនួបពិភាក្សាការងារជាមួយលោក ជូស៊េបបូរ៉ែល សង់តែល តំណាងជាន់ខ្ពស់សហគមន៍អឺរ៉ុបទទួលបន្ទុកនយោបាយ កិច្ចការបរទេស និងសន្តិសុខ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ សម្តេច តេជោ ហ៊ុន សែន ក៏បានលើកឡើង និងពិភាក្សាការងារជាច្រើនជាតំណាងសហគមន៍អឺរ៉ុបផងដែរ ដូចជា បញ្ហា EBA និងរឿងមីយ៉ាន់ម៉ា ជាដើម។
១៤៩- ប្រធានអាស៊ានសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញរុស្ស៊ី និងអ៊ុយក្រែន ដោះស្រាយបញ្ហាតានតឹង បច្ចុប្បន្នដោយសន្តិវិធី
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញជំហរបស់កម្ពុជា និងជាប្រធានអាស៊ាន ជុំវិញបញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលបច្ចុប្បន្ន បានក្លាយជាក្តីព្រួយកង្វល់រួមរួចជាស្រេចទៅហើយរបស់តំបន់ និងពិភពលោក តាមរយៈការកើនឡើងនៃវិបត្តិស្បៀង និងថាមពល។ សម្តេចប្រធានអាស៊ាន ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅវិមានសន្តិភាព នាថ្ងៃទី៤ ខែសីហា បានបញ្ជាក់ថា កម្ពុជា ក៏ដូចជាអាស៊ានទាំងមូល ចង់ឃើញភាគីប្រឈមមុខដាក់គ្នា រុស្ស៊ី-អ៊ុយក្រែន ស្វែងរកការចរចា ដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងការបន្តប្រើប្រាស់កម្លាំង។
១៥០- រដ្ឋមន្ត្រីការបរទេសអាស៊ាន សម្តែងការព្រួយបារម្ភនូវភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ស្តីពី ការវិវឌ្ឍឆ្លងច្រកសមុទ្រ ដោយបានសម្តែងការព្រួយបារម្ភភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗនេះ នៅតំបន់ក្បែរអាស៊ាន ដែលរដ្ឋមន្ត្រីការបរទេសអាស៊ាន ចាត់ទុកថា អាចបង្កអស្ថិរភាពដល់តំបន់អាស៊ាន។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង ខណៈដែលភាពតានតឹង បានកើតឡើង នៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីប្រធានសភាអាមេរិក បំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ កាលពីថ្ងៃទី២ និងថ្ងៃទី៣សីហា។
១៥១- រដ្ឋមន្ត្រីការបរទសអាស៊ាន ជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសដៃគូផ្សេងៗគ្នា ១១ប្រទេស
នៅថ្ងៃទី៤ ខែសីហា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានចាប់ផ្តើមប្រជុំជាមួយរដ្ឋមន្ត្រីការបរទេស និងតំណាងប្រទេសដៃគូ ក្នុងកិច្ចប្រជុំដាច់ដោយឡែកៗពីគ្នា ចំនួន ១១ប្រទេស។ ចាប់ផ្តើមដំបូង ជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសចិន។ កិច្ចប្រជុំនេះ មានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ បន្ទាប់មក មានកិច្ចប្រជុំអាស៊ាន-កូរ៉េ អាស៊ាន-ជប៉ុន អាស៊ាន-អាមេរិក និងអាស៊ាន-រុស្ស៊ី ជាដើម។
១៥២-សម្ដេច ហ៊ុន សែន អរគុណសត្រូវ និងដៃគូនយោបាយរបស់ខ្លួន ដែលធ្វើអោយសម្តេច
កាលពីថ្ងៃទី៥ ខែសីហា សម្តេចតេជោ ហ៊ុន សែន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សត្រូវ និងដៃគូនយោបាយរបស់សម្តេច ដែលបានធ្វើសកម្មភាពប្រឆាំងគ្រប់វិធីជាមួយសម្តេច និងគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក បានរួមចំណែកធ្វើអោយសម្តេចមានភាពខ្លាំង ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយក្រុមអ្នកប្រឆាំងបានបង្រៀនសម្ដេចឱ្យដឹងពីរបៀបនៃការរក្សាស្ថិរភាព និងទប់ស្កាត់បញ្ហាបង្កអសន្តិសុខក្នុងប្រទេស ដើម្បីឈានរកការអភិវឌ្ឍន៍ ការពារនូវសន្តិភាព ស្ថិរភាពនយោបាយ និងការពារជីវិតប្រជាជនកម្ពុជា។
១៥៣- រដ្ឋមន្ដ្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសប្រទេសដៃគូសន្ទនារបស់អាស៊ាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២ និងវេទិកាតំបន់អាស៊ាន លើកទី២៩
នៅថ្ងៃទី៥សីហា ជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ នាពេលព្រឹក រដ្ឋមន្ដ្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសប្រទេសដៃគូសន្ទនារបស់អាស៊ាន បានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២ និងពេលរសៀល ជាកិច្ចប្រជុំ វេទិកាតំបន់អាស៊ាន លើកទី២៩។
១៥៤- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយ ដោយសម្រេចបានជោគជ័យ គួរអោយកត់សំគាល់
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី៥ ខែសីហា បានបិទបញ្ចប់ហើយ ដោយនាំមកនូវជោគជ័យជាច្រើន គួរអោយកត់សំគាល់។ តាមរយៈកិច្ចប្រជុំអាស៊ាននៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ មេដឹកនាំអាស៊ាន មេដឹកនាំតំបន់ និងពិភពលោក បានប្រើប្រាស់វេទិកានេះ ដើម្បីរិះរកមធ្យោបាយរួម ក្នុងការដោះស្រាយបញ្ហាធំៗជាក្តីកង្វល់រួម ដូចជា បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាតានតឹងនៅកោះតៃវ៉ាន់ បញ្ហាមីយ៉ាន់ម៉ា ការពង្រឹង និងស្តារសេដ្ឋកិច្ចពីវិបត្តិកូវីត១៩ បញ្ហាវិបត្តិស្បៀងអាហារ ក៏ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ជាដើម។
១៥៥- សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការសង្គ្រោះព្រៃឈើ និងសត្វព្រៃ នៅភ្នំតាម៉ៅ
កាលពីដើមខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលុបចោលគម្រោងអភិវឌ្ឍនានា នៅក្បែរភ្នំតាម៉ៅ និងបញ្ជាឲ្យក្រុមហ៊ុន ដែលបានឈូសឆាយ បញ្ឈប់សកម្មភាពរបស់ខ្លូន និងត្រូវដាំដើមឈើឡើងវិញ ពលរដ្ឋកម្ពុជាភាគច្រើនបំផុត បានបង្ហាញការគាំទ្រ និងអរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញវិធានការទាន់ពេលវេលាសង្គ្រោះព្រៃឈើ និងសត្វព្រៃ នៅតំបន់នោះ។ ក្រៅពីពលរដ្ឋទូទៅ លោកឧកញ៉ា និងអ្នកមានទ្រព្យធន់មួយចំនួន ក៏បានប្រកាសផ្តល់កូនឈើ ដើម្បីយកទៅដាំឡើងវិញ នៅតំបន់ ដែលបានឈូសឆាយរួចនោះផងដែរ។
១៥៦- អ្នករាយការណ៍ពិសេស UN ចាប់ផ្តើមបំពេញទស្សនកិច្ច នៅកម្ពុជា នាថ្ងៃនេះ ដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោក វីទីត មុនតាប៊ុន (Vitit MUNTARBHORN ) ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-២៦ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ តាមគម្រោង អ្នករាយការណ៍ពិសេស ជួបជជែកពីបញ្ហាសិទ្ធិមនុស្ស ជាមួយមន្ត្រីរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល ជាពិសេសការខិតខំរបស់រដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រសើរនូវលំហរសិទ្ធិមនុស្ស ដែលរួមមានសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក វីទិត មុនតាប៊ុន មកកាន់កម្ពុជា បន្ទាប់ពីលោកទទួលតំណែង ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២១ ជំនួសលោកស្រី Rhona Smith។
១៥៧-សម្តេចតេជោ ប្រាប់អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សថា សូមធ្វើរបាយការណ៍ឱ្យមានតុល្យភាពពីកម្ពុជា
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វីទិត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា នៅថ្ងៃទី១៦ ខែសីហា នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់លោក វីទិត មុនតាប៊ន សូមពិចារណា និងពិនិត្យឱ្យបានត្រឹមត្រូវ ក្នុងការធ្វើរបាយការណ៍ឱ្យមានតុល្យភាព មិនអាចម្ខាងថា រក្សាការសម្ងាត់ ហើយម្ខាងទៀតទាមទារឱ្យមានការទទួលខុសត្រូវ និងតម្លាភាពនោះទេ។
១៥៨-សម្តេចតេជោ ហ៊ុន សែន ប្រើប្រាស់វេទិកាចែកសញ្ញាបត្រ នៅថ្ងៃនេះ ដោះស្រាយបញ្ហាធំៗ មួយចំនួន ជូនពលរដ្ឋ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យពុទ្ធសាស្ត្រ បានសម្រេច ក៏ដូចជាដាក់ចេញបទបញ្ជាមួយចំនួន សំដៅដោះស្រាយបញ្ហាធំៗ ជូនពលរដ្ឋ។ បញ្ហាធំៗ ដែលសម្តេចតេជោ បានសម្រេច ក៏ដូចជាដាក់ចេញបទបញ្ជា នៅថ្ងៃនេះ រួមមាន បង្កើតអនុក្រឹត្យគ្រប់គ្រងការពារតំបន់ព្រៃឈើ និងសត្វព្រៃភ្នំតាម៉ៅ,ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការកាប់ទន្ទ្រានយកដីព្រៃលិចទឹក នៅខេត្តព្រះសីហនុ ក៏ដូចជា ដាក់ចេញនូវដំណោះស្រាយលើបញ្ហារ៉ាំរ៉ៃនៃការតវ៉ារបស់កម្មករកម្មការិនីរោងចក្រកាត់ដេរ ជាដើម។
១៥៩- សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យបញ្ឈប់ការផ្ដាច់មុខផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធើណែត នៅក្នុងបុរី
នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា សម្តេច តេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យបញ្ឈប់កុងត្រាផ្ដាច់មុខ រវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៊ីនធើណែត ជាមួយក្រុមហ៊ុនបុរីផ្ទះល្វែង ដែលបានបង្កផលលំបាកយ៉ាងខ្លាំង ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ដោយសារបញ្ហាមិនមានសេវាទូរស័ព្ទ និងអ៊ិនធើណែត នៅក្នុងបុរី។
១៦០-សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមេដឹកនាំពិភពលោក បន្តយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ក្នុងឱកាសអញ្ជើញទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ ប្រភេទហ្វៃស័រ (Pfizer) សម្រាប់កុមារ ចំនួន ៣០ម៉ឺនដូស ពីប្រជាជន និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យមេដឹកនាំពិភពលោកទាំងអស់ រួមគ្នាបន្តយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជន និងសុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុត ដើម្បីឆ្លើយតបប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសាកលកូវីត១៩ ដែលមិនទាន់មានសញ្ញាថា អាចនឹងរលាយបាត់ពីផែនដីនៅពេលណានោះ។ តាមបទពិសោធន៍របស់កម្ពុជា សម្តេចតេជោ ចាត់ទុកថា វិធានការចាក់វ៉ាក់សាំងកូវីត១៩ នៅតែជាជំរើសល្អ មិនអាចមើលរំលងបាន សម្រាប់ថែរក្សាអាយុជីវិតប្រជាជន ,រក្សាប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងដំណំពីកូវីត១៩។
១៦១- ភ្នំពេញ សាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំងបន្ថែមទៀត ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍
រាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពកកស្ទះចរាចរណ៍។ ទីតាំង ដែលត្រូវសាងសងស្ពានអាកាសទាំង ២ទីតាំងនោះ គឺនៅត្រង់ចំណុចស្តុបស៊ិនជូរី ប្លាស្សា និងស្តុបច្រមុះជ្រូកក្បាលថ្នល់។ មកដល់ពេលនេះ នៅភ្នំពេញ មានស្ពានអាកាសចំនួន ៧ទីតាំង រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសផ្សារដីហុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសកាត់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ កំពុងសាងសង់។
១៦២-សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច រក្សាភាពស្ងប់ស្ងាត់ ដោយចាត់ទុកការជេរប្រមាថរបស់លោក ខឹម វាសនា ជាអន្ទាក់នយោបាយ
នាថ្ងៃទី៣១ ខែសីហានេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ២កន្លែង នៅក្នុងរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច រក្សាភាពស្ងប់ស្ងាត់ ដោយចាត់ទុកការជេរប្រមាថរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP ជាអន្ទាក់នយោបាយ។ យ៉ាងណាក៏ដោយ សម្តេចតេជោ ក៏បានដាក់ចេញបទបញ្ជាដាច់ណាត់ ឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច រក្សាឱ្យបាននូវកិច្ចការពារសន្តិសុខ បញ្ជៀសបាតដៃទី៣ និងទប់ស្កាត់ឱ្យខានតែបាននូវការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ផងដែរ។
១៦៣- សម្ដេចតេជោ ហ៊ុន សែន ប្រកាសសាងសង់ស្ពានថ្មី ៣កន្លែងទៀត និងសាងសង់ផ្លូវក្រោមដីជំនួសឱ្យផ្លូវលើអាកាស នៅភ្នំពេញ
ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ២កន្លែង នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល កំពុងសិក្សាលទ្ធភាព និង រៀបចំនីតិវិធីសាងសង់ស្ពានថ្មី ៣ទីតាំងបន្ថែមទៀត ក៏ដូចជាគ្រោងសាងសង់ផ្លូវក្រោមដី ជំនួសអោយផ្លូវលើអាកាស នៅរាជធានីភ្នំពេញ នាពេលអនាគត។
១៦៤- ពលរដ្ឋ បានរំសាយការជួបជុំពីដីចំការលោក ខឹម វាសនា ហើយ នៅឡើយតែអ្នកស្ម័គ្រស្មោះតិចតួច ដែលអាជ្ញាធរ កំពុងពិនិត្យតាមដានបន្ត
គិតត្រឹមថ្ងៃទី៦ ខែកញ្ញា អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា ពលរដ្ឋ ដែលបានមកប្រមូលផ្តុំជួបជុំក្នុងដីចំការលោក ខឹម វាសនា នៅជើងភ្នំគូលែន ក្នុងខេត្តសៀមរាប ក្រោមហេតុផលខ្លាចពីទឹកជំនន់ ជន់លិចផែនដី បានរំសាយការជួបជុំហើយ នៅឡើយតែមនុស្សមួយចំនួន ដែលមានជាង ១០០០នាក់ មិនព្រមចាកចេញ។ អ្នកបន្តស្នាក់នៅចម្ការនោះ តាមការស្នើសុំរបស់លោក ខឹម វាសនា អាជ្ញាធរខេត្តសៀមរាបអះអាងថា នឹងធ្វើអត្តសញ្ញាណកម្ម ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។ ប៉ុន្តែតំណាងលោក ខឹម វាសនា បានសរសេរលិខិត ស្នើសុំឱ្យអាជ្ញាធរសមត្ថកិច្ច អន្តរាគមន៍ ដេញអ្នក ដែលមិនមែនជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាង ១ពាន់នាក់ ដែលមិនព្រមចាកចេញពីចំការរបស់លោក ខឹម វាសនា ហើយបើករបាំង ឈប់បិទខ្ទប់ដីចំការនោះទៀត។
១៦៥- សម្តេចតេជោ ហ៊ុន សែន ដាក់ចេញគោលនយោបាយគន្លឹះ ដោះស្រាយបញ្ហាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ
កាលពីថ្ងៃទី១៣ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប ដែលបានស្ម័គ្រចិត្ត ទៅរស់នៅទីតាំងថ្មី នៅតំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី។ ក្នុងពិធីនោះ សម្តេចតេជោ បានប្រកាសដាក់ចេញគោនយោបាយគន្លឹះជាច្រើន សំដៅដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ មានជាអាទិ៍ ផ្តល់ថវិកា, ការដឹកជញ្ជូនសម្ភារៈពីទីតាំងចាស់ ទៅទីតាំងថ្មី ការកសាងផ្លូវ ប្រព័ន្ធលូ ទឹកស្អាត ភ្លើងអគ្គិសនី ប្រព័ន្ធសេវាទូរស័ព្ទ សាលារៀន មន្ទីពេទ្យ ក៏ដូចជាការផ្តល់ប័ណ្ណក្រីក្រ និងប័ណ្ណទទួលថវិកាពីកូវីតដ ១៩ ជូនប្រជាពលរដ្ឋទាំងនោះ ជាដើម។
១៦៦- សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ លោក អាបេ
កាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមពិធីបុណ្យសពរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីខែដើមខែកក្កដាកន្លងទៅ។ ពិធីបុណ្យថ្នាក់ជាតិនៅទីក្រុងតូក្យូនេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅទីក្រុងតូក្យូ ដើម្បីជាការផ្តល់តម្លៃ និងកិត្តិយសជូនដល់សពរបស់លោក អាបេ ដែលជាមេដឹកនាំដ៏ល្បាញល្បី។
១៦៧- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុវត្តន៍វិធានការក្តៅ ចំពោះអ្នករស់នៅតំបន់អង្គរ ដែលជឿតាមការញុះញុងពីជនអគតិ មិនព្រមចាកចេញ
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ កាលពីថ្ងៃចន្ទ ទី៣ ខែតុលា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងដោះស្រាយបញ្ហានៅតំបន់អង្គរ អោយបានចប់សព្វគ្រប់ ដោយមិនបន្តអង្គុយបក់ផ្សែងទៀតទេ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានប្រកាសអនុវត្តន៍វិធានការក្តៅ ចំពោះពលរដ្ឋអ្នករស់នៅតំបន់អង្គរ ដែលជឿតាមការញុះញ៉ុងពីជនអគតិ មិនព្រមចាកចេញ។ សម្តេចព្រមានថា នៅពេលប្រើវិធានការក្តៅនោះ រាជរដ្ឋាភិបាល នឹងមិនផ្តល់សំណង សូម្បីតែ ១សេន។ សម្តេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ត្រូវតែសង្គ្រោះ តាមរយៈការបញ្ចប់បញ្ហានៅតំបន់អង្គរ ដោយមិនបណ្តែតបណ្តោយរហូតដល់អង្គរ ត្រូវដកចេញពីបញ្ជីរបស់អង្គការ យូនីស្កូ នោះទេ។
១៦៨- សម្ដេចតេជោ ហ៊ុន សែន ជួបពិក្សាការងារជាមួយនាយករដ្ឋមន្ត្រីគុយបា និងអញ្ជើញជាសាក្សីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន នៅថ្ងៃនេះ
នាយករដ្ឋមន្ត្រីគុយបា ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានអញ្ជើញមកបំពេញទស្សនកិច្ច ៣ថ្ងៃ នៅកម្ពុជា នាថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា។ នៅពេលចុះពីយន្តហោះ នៅរសៀលថ្ងៃទី៤ ខែតុលា ឯកឧត្តមនាយករដ្ឋមន្ត្រីគុយបា បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សំដៅរិះរកយន្តការរួមថ្មីៗបន្ថែមទៀត ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដែលជាផលប្រយោជន៍រួម សម្រាប់ប្រជាជន និងប្រទេសជាតិទាំងពីរ កម្ពុជា និងសាធារណរដ្ឋគុយបា។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយករដ្ឋមន្ត្រីគុយបា ក៏បានអញ្ជើញជាអធិបតី ធ្វើជាសាក្សីរួមគ្នា ក្នុងពិធីចុះហត្ថលេខាទ្វេភាគី ដែលជាអនុស្សរណៈរួមគ្នា រវាងកម្ពុជា និងគុយបា ផ្តោតលើវិស័យកីឡា អប់រំ និងវប្បធម៌ ផងដែរ។
១៦៩- សម្ដេចតេជោ ប្រកាសឱ្យប្រជាពលរដ្ឋ នៅឃុំព្រះដាក់ រក្សាភាពអត់ធ្មត់ ដោយរាជរដ្ឋាភិបាល គ្មានផែនការបណ្ដេញពលរដ្ឋចេញនោះទេ
ក្នុងឱកាសអញ្ជើញជាអធិបតីចែករំលែកទស្សនទាន ក្នុងវេទិកាស្ដីពីចក្ខុវិស័យប្រទេកម្ពុជា ឆ្នាំ២០២២ កាលពីថ្ងៃទី៦ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវ ឱ្យប្រជាពលរដ្ឋ ដែលបានប្រមូលផ្តុំតវ៉ានៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែតុលា សូមរក្សាភាពអត់ធ្មត់ និងស្ងប់ស្ងាត់។ សម្ដេចតេជោ បញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជា គ្មានផែនការបណ្ដេញប្រជាពលរដ្ឋ នៅឃុំព្រះដាក់ ឱ្យចេញទៅរស់នៅក្នុងតំបន់ណាមួយផ្សេងឡើយ។
១៧០- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការសម្រេចដករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺមិនខុសរដ្ឋធម្មនុញ្ញនោះទេ
នៅក្នុងពិធីបិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ កាលពីរសៀលថ្ងៃទី១០ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចដករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី៨ ខែតុលា គឺមិនខុសនឹងរដ្ឋធម្មនុញ្ញនោះទេ។
១៧១-សម្ដេចតេជោ ហ៊ុន សែន ស្នើតែងតាំងលោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតជ័យលាភីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ កាលពីព្រឹកថ្ងៃទី១១ ខែតុលា បានប្រកាសពីគម្រោង ក្នុងការទូលថ្វាយព្រះមហាក្សត្រ ដើម្បីតែងតាំងលោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី។ ការតែងតាំងនេះ បានធ្វើឡើង បន្ទាប់ពីលោក វេង សាខុន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឯកឧត្តម ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃសៅរ៍ ទី៨ ខែតុលាកន្លងទៅ។ ក្រៅពីប្រកាសតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីសម្ដេចតេជោ ក៏បានបញ្ជាក់ជាផ្លូវការពីមូលហេតុនៃការបញ្ចប់តំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយសារតែលោក មិនធ្វើតាមការចង់បានរបស់សម្តេច។
១៧២- សម្តេចតេជោ ហ៊ុន សែន ប្រកាសជោគជ័យលើការប្តឹងប្រឆាំងលោក សម រង្ស៊ី នៅតុលាការបារាំង ជុំវិញមរណភាពលោក ហុក ឡង់ឌី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) កាលពីថ្ងៃទី១១តុលា បានប្រកាសពីភាពជោគជ័យជុំវិញការដាក់ពាក្យបណ្ដឹងលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ជុំវិញមរណភាពលោក ហុក ឡង់ឌី នៅតុលាការប្រទេសបារាំង។ សម្ដេច ហ៊ុន សែន ផ្អែកតាមសាលក្រមតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានអះអាងថា តុលាការ បានរកភាពស្អាតស្អំឱ្យសម្តេច ដោយមិនជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់លោក ហុក ឡង់ឌី ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីឆ្នាំ២០០៨ នោះទេ។ សម្ដេច ហ៊ុន សែន បានបន្ថែមថា នៅក្នុងសវនាការបារាំងនោះ លោក សម រង្ស៊ី គ្មានភស្តុតាងអ្វីចោទមកសម្ដេច ជុំវិញករណីមរណភាពលោក ហុក ឡង់ឌី ឡើយ។
១៧៣-ទឹកជំនន់ បង្កផលប៉ះពាល់ដល់ ២៣ខេត្ត និងមានប្រជាជនជាង ៤ពាន់គ្រួសារ ត្រូវជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព
យ៉ាងណោចណាស់ មាន ២៣ខេត្តហើយ បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងមានប្រជាជនប្រមាណ ៤៥៥៦គ្រួសារ ដែលស្មើនឹងជាង ២ម៉ឺននាក់ ត្រូវបានជម្លៀសពីផ្ទះលិចទឹក ទៅកាន់ទីទួលសុវត្ថិភាព។ ក្នុងនោះ ទឹកជំនន់ ក៏បានលិចដំណាំស្រូវប្រមាណជាង ១៩ម៉ឺនហិកតា ផងដែរ។
១៧៤-សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខក្រុមគ្រួសារក្មេងៗ ជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកចម្លង នៅខេត្តកណ្តាល
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃទី១៤ ខែតុលា បានប្រកាស ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសិស្សសាលា ដែលជាជនរងគ្រោះ ក្នុងឧបទ្ទវហេតុលិចទូកចម្លង កាលពីយប់ថ្ងៃទី១៣ ខែតុលា នៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ហេតុការណ៍នោះ មានកុមារ ជាសិស្សជំទង់ ១១នាក់ បានស្លាប់។
១៧៥- ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
កាលពីព្រឹកថ្ងៃទី១៤ ខែតុលា រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តជូនលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សមាជិករដ្ឋសភា ដែលជាអ្នកតំណាងរាស្ត្រ ១១១រូប រួមទាំងសម្តេចតេជោ ហ៊ុន សែន ផង បានបោះឆ្នោតជាសម្ងាត់ ដោយគាំទ្រជាឯកច្ឆន្ទ ក្នុងសំឡេង ១១១ លើ ១១១សំឡេង។ ប៉ុន្មានម៉ោងក្រោយពីរដ្ឋសភា ប្រជុំបោះឆ្នោតរួចមក គឺនៅរសៀលថ្ងៃទី១៤ ខែតុលា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានដកតំណែង កាលពីថ្ងៃទី៨ ខែតុលា។
១៧៦- សម្តេចតេជោ ហ៊ុន សែន ណែនាំមន្ត្រីក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត អន្តរាគមន៍ដោះស្រាយបន្ទាន់ ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ក្នុងកម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១៧ ខែតុលា សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំសាជាថ្មីដល់មន្ត្រីក្រសួងកសិកម្ម អាជ្ញាធខេត្ត និងមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវរួមគ្នា ដោះស្រាយជាបន្ទាន់ ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ តាមរយៈការផ្តល់ពូជស្រូវ និងពូជដំណាំរួមផ្សំ ដោយមិនត្រូវ បណ្តែតបណ្តោយនោះឡើយ។ ជាមួយគ្នានេះ សម្តចនាយករដ្ឋមន្ត្រី ក៏បានសំណូមពរ អោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ យោគយល់ និងជួយសម្រួលអត្រាការប្រាក់ ជូនពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយទឹកជំនន់ផងដែរ។ សេចក្តីណែនាំ និងការអំពាវនាវនេះ បានធ្វើឡើង ខណៈដែលរដ្ឋមន្ត្រីថ្មី ក្រសួងកសិកម្ម លោក ឌិត ទីណា ត្រូវបានប្រកាសចូលកាន់តំណែង ជំនួសលោក វេង សាខុន កាលពីរសៀលថ្ងៃទី១៧ ខែតុលា។
១៧៧- សម្តេចតេជោ គ្រោងចុះតាមខេត្ត សួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅជុំវិញបឹងទន្លេសាប
កាលពីខែតុលា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងរបស់សម្តេច អញ្ជើញ ធ្វើដំណើរទៅកាន់ខេត្តចំនួន៤ នៅជុំវិញបឹងទន្លេសាប ដើម្បីជួប និងដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ បេសកកម្មនេះ បានចាប់ផ្តើមនៅថ្ងៃ២០តុលា មុនគេ នៅខេត្តសៀមរាប ដោយសម្តេចតេជោ ចំណាយពេល ៥ថ្ងៃ ៤យប់ មុននឹងបន្តទៅកាន់ខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។
១៧៨-ប្រធានាធិបតី ទីម័រឡេស្តេ ផ្តើមបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ខែតុលា
កាលពីថ្ងៃទី១៩ ខែតុលា ប្រធានាធិបតីទីម័រឡេស្តេ ឯកឧត្តម ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ៣ថ្ងៃ នៅកម្ពុជា។ ក្នុងរយៈពេល ៣ថ្ងៃនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ខ្លួន នៅកម្ពុជា ប្រធានាធិបតីទីម័រឡេស្តេ ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ជួបពិភាក្សាការងារជាមួយសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជួបឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ក៏ដូចជា អញ្ជើញធ្វើបាឋកថាជាសាធារណៈ នៅសាកលវិទ្យាល័យល្បីៗ នៅរាជធានីភ្នំពេញ ព្រមទាំងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងវេទិកាកម្ពុជា-ទីម័រខាងកើត និងអញ្ជើញជាអធីបតីសាក្សីជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគីសំខាន់ៗមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងទីម័រខាងកើត ផងដែរ។
១៧៩-សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត
កាលពីថ្ងៃទី២០ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។ សម្តេចតេជោ ក៏បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ គ្រប់អាយុបោះឆ្នោត គឺអាយុ ១៨ឆ្នាំឡើងទៅ សូមទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោត នៅតាមសាលាឃុំសង្កាត់ ដែលខ្លួនរស់នៅ ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
១៨០-សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ ដោយមិនរង់ចាំ ៥ឆ្នាំ ដូចមុនឡើយ
នៅថ្ងៃទី២១ ខែតុលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់នូវប័ណ្ណកម្មដីធ្លីសិទ្ធិស្របច្បាប់ជូនពលរដ្ឋ អតីតអ្នករស់នៅក្នុងតំបន់អង្គរ ដែលបានស្ម័គ្រចិត្ត ចាកចេញមករស់នៅតំបន់ថ្មី នៅក្នុងឃុំរុនតាឯក ដោយមិនរង់ចាំរហូតដល់ ៥ឆ្នាំ ក្នុងនាមជាអ្នកកាន់កាប់ដីសម្បទានសង្គមកិច្ចនោះទេ។ ក្រៅពីប្រកាសផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋហើយនោះ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃនេះ ក៏បានប្រកាសរុះរើសាលាស្រុកបន្ទាយស្រី បច្ចុប្បន្នមក នៅក្នុងឃុំរុនតាឯក នឹងរុះរើសាលាស្រុកអង្គរធំ បច្ចុប្បន្នមកនៅតំបន់ពាក់ស្នែងវិញ។ រីឯឃុំព្រះដាក់ ក្នុងស្រុកបន្ទាយស្រី នៅបន្តរក្សាដូចដើមដដែលតែហាមឃាត់ មិនឲ្យសាងសង់សំណង់ថ្មី ដែលផ្ទុយពីគោលការណ៍អនុញ្ញាតរបស់អាជ្ញាធរជាតិអប្សរា។
១៨១- សម្តេចតេជោ ហ៊ុន សែន ណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ រួមគ្នាបន្តចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងពិនិត្យលទ្ធភាពផលិតពូជស្រូវ
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងជាង ១ម៉ឺន ១ពាន់គ្រួសារ នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៤ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ រួមគ្នា បន្តចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់បន្តទៀត។ បន្ថែមលើសពីនេះ ក្រសួងកសិកម្ម ក៏ត្រូវនាំមុខ ក្នុងការពិនិត្យលទ្ធភាពផលិតពូជស្រូវ ទុកជូនប្រជាកសិកបន្ថែមផងដែរ។
១៨២- សម្តេចតេជោ ហ៊ុន សែន អបអរសាទរឯកឧត្តម ស៊ី ជីនពីង ដែលជាប់ឆ្នោតជាថ្មី ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា បានផ្ញើសារអបអរសាទរជូនឯកឧត្តម ស៊ី ជីនពីង ដែលជាប់ឆ្នោត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី២០។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបិទបញ្ចប់ដោយជោគជ័យ នៃ សមាជជាតិ លើកទី២០ នៃគណបក្សកុម្មុយនីស្តចិន នឹងផ្ដល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិន ក្លាយជាប្រទេសសង្គមនិយមទំនើប។
១៨៣- សម្ដេចតេជោ ហ៊ុន សែន គាំទ្រអ៊ុយក្រែន ប្រឆាំងការឈ្លានពាន តែបន្តជំរុញលើកទឹកចិត្តឱ្យមានការចរចា
កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក្នុងជំនួបតាមទូរសព្ទជាមួយឯកឧត្តមប្រធានាធិបតីអ៊ុយក្រែន សម្តេចបានបញ្ជាក់នូវជំហររបស់កម្ពុជាសាជាថ្មីម្ដងទៀត គឺកម្ពុជាគោរពគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាពបូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសណាមួយនោះឡើយ។ ទោះជាយ៉ាងនេះក្តី សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក៏នៅតែទទូចឲ្យភាគីទំនាស់ស្រួចស្រាវទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី ស្វែងរកកិច្ចចរចា ដើម្បីបញ្ចប់ស្ថានភាពលំបាកស្មុគស្មាញនាពេលបច្ចុប្បន្ន ដែលបង្កពីសង្គ្រាម។
១៨៤- សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ជួបប្រជុំជាមួយអន្តរសភាអាស៊ាន
កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ានប្តូរវេន បានអញ្ជើញចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំអន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា (AIPA)។ ជំនួបប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំសភាអាស៊ានអាយប៉ា បានរៀបចំធ្វើ នៅសណ្ឋាគារសុខាភ្នំពេញ មុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៤០ និងលើកទី៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលអាស៊ាន ប្រារព្ធពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា។ រីឯកិច្ចប្រជុំកំពូលអាស៊ាន និងប្រទេសដៃគូអាស៊ាន បានធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីរសៀលថ្ងៃទី១១វិច្ឆិកា រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា។
១៨៥- អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណជិត ២ពាន់នាក់ ចូលរួមយកព័ត៌មាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅភ្នំពេញ
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណជាង ១៧០០នាក់ បានចុះឈ្មោះ ចូលរួមយកព័ត៌មាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ ដើម្បីធានាដល់ដំណើរការផ្សព្វផ្សាយអំពីកិច្ចប្រជុំឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ ក្រសួងព័ត៌មាន បានរៀបចំមណ្ឌលព័ត៌មាន នៅសណ្ឋាគារ សុខា ភ្នំពេញ ដែលជាកន្លែងរៀបចំកិច្ចប្រជុំ ដោយផ្តល់សេវាអ៊ីនធឺណែត ផ្តល់ព័ត៌មានអំពីកិច្ចប្រជុំ ទាំងខ្លឹមសារ ទាំងរូបភាព និងផ្តល់អាហារ ដល់អ្នកសារព័ត៌មាន ជាដើម។
១៨៦- ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដាក់ឱ្យប្រើប្រាស់ ខណៈផ្លូវល្បឿនលឿនទី២ តភ្ជាប់ពីភ្នំពេញ-បាវិត គ្រោងសាងសង់ នៅឆ្នាំ២០២៣
កាលពីថ្ងៃទី១ ខែតុលា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃ រយៈពេល ១ខែ។ ចាប់ពីថ្ងៃទី១វិច្ឆិកា ផ្លូវល្បឿនលឿននេះ គិតថ្លៃពីអ្នកដំណើរ។ ដោយឡែក កាលពីថ្ងៃទី១០វិច្ឆិកា លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានចុះហត្ថលេខារួមគ្នាមួយ លើកិច្ចព្រមព្រៀង ស្ដីពី គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត។ តាមរយៈកិច្ចព្រមព្រៀងនេះ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នៅឆ្នាំ២០២៣ ដោយត្រូវចំណាយថវិកាសាងសង់ប្រមាណ ១៦៣៨ លានដុល្លារអាម៉េរិក។
១៨៧- សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅប្រទេសថៃ
បន្ទាប់ពីដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបញ្ចប់ដោយជោគជ័យរួចមក នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីរាជធានីភ្នំពេញ តាមជើងយន្តហោះពិសេសដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំទាំងពីរនេះ ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន ប្រកាសពីប្រទេសឥណ្ឌូនេស៊ីមកថា សម្តេចត្រូវបានធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ១៩។ ដូច្នេះសម្តេច និងគណៈប្រតិភូកម្ពុជា បានវិលត្រឡប់មកកម្ពុជាវិញ ជាបន្ទាន់ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា។ យ៉ាងណាក៏ដោយ កាលណោះ សម្តេចតេជោ ហ៊ុន សែន បន្តមានសុខភាពល្អ ក្រោយរកឃើញវិជ្ជមានកូវីត១៩។
១៨៨- សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាជាតិ លើកទី៣
នៅព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញបើកការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ទល់មុខនឹងវិមានឈ្នះឈ្នះ ជិតស្ពានព្រែកព្នៅ។ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា។
១៨៩- គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដែលកំណត់ដោយក្រសួងផែនការ ទទួលបានប្រាក់ឧបត្ថម្ភ លើកទី១ ចាប់ពីថ្ងៃទី ១០ធ្នូតទៅ
ក្រុមគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលត្រូវបានកំណត់ដោយក្រសួងផែនការ ចាប់ផ្តើមទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ចាប់ពីថ្ងៃទី ១០ធ្នូនេះតទៅ។ គ្រួសារនីមួយៗ ទទួលបានចំនួនទឹកប្រាក់ផ្សេងៗគ្នា ទៅតាមតំបន់ ដែលត្រូវបានកំណត់ ដូចជា នៅរាជធានីភ្នំពេញ នៅតាមទីប្រជុំជន និងនៅតាមជនបទ។
១៩០-កូរ៉េខាងត្បូង ផ្តល់ថវិកា ១៥០០លានដុល្លារ ដើម្បីសាងសង់ស្ពានភ្នំពេញ-ជ្រោយចង្វា-អរិយក្សត្រ និងអភិវឌ្ឍន៍វិស័យបញ្ជូនអគ្គិសនី នៅខេត្តព្រះសីហនុ
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ឬប្រទេសកូរ៉េខាងត្បូង បានសម្រេចផ្តល់នូវកម្ចីសម្បទាន ១៥០០លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍប្រទេស ក៏ដូចចាការសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្ជាប់ពីផ្សារចាស់-ជ្រោយចង្វា និងពីជ្រោយចង្វារ ទៅអរិយក្សត្រ រួមទាំងអភិវឌ្ឍវិស័យអគ្គិសនី នៅខេត្តព្រះសីហនុ។ ពិធីចុះហេត្ថលេខា ប្រគល់ និងទទួលថវិកាទាំងនេះ បានរៀបចំធ្វើ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ជាសាក្សីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។
១៩១- សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដឹកនាំកិច្ចប្រជុំអាស៊ាន-អឺរ៉ុប និងទស្សនកិច្ច នៅបារាំង
កាលពីថ្ងៃទី១១ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក ដើម្បីដឹកនាំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ។ នៅពេលទៅដល់ទឹកដីអឺរ៉ុបភ្លាម ក្រៅពីកម្មវីធីដែលបានគ្រោងទុក សម្តេចក៏បានជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋខ្មែរស់ នៅបែលហ្ស៉ិក និងនៅតំបន់អឺរ៉ុប មុននឹងសម្តេច ធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំ និងបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ។
១៩២- សម្តេចតេជោ ហ៊ុន សែន៖ វត្តមានរបស់សម្តេច នៅអឺរ៉ុប ពេលនេះ ជាការធ្វើដំណើរ ទៅវាយដល់ផ្ទះក្រុមប្រឆាំង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ បានធ្វើដំណើរ ទៅដល់ប្រទេសបារាំង ដោយសុវត្ថិហើយ ដើម្បីចូលរួមសន្និសីទ គាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងចូលរួមកម្មវិធីសំខាន់ៗមួយចំនួនទៀត ជាមួយប្រធានាធិបតីបារាំង។ មុនធ្វើដំណើរទៅដល់បារាំង ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលខ្មែរជិត ២ពាន់នាក់ នៅទ្វីបអឺរ៉ុប ដែលរៀបចំធ្វើ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក សម្តេច ហ៊ុន សែន អះអាងថា វត្តមានរបស់សម្តេចនៅអឺរ៉ុប ជាពិសេសនៅប្រទេសបារាំង ជាការធ្វើដំណើរទៅវាយដល់ផ្ទះក្រុមប្រឆាំង ដែលទំនងសម្តេច ហ៊ុន សែន ចង់សំដៅដល់លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង។
១៩៣- សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរកម្ពុជា គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់បារាំង ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន តាមរយៈការចរចា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ក្នុងសន្និសីទអន្តរជាតិ ស្តីពី អ៊ុយក្រែន នៅក្នុងទីក្រុងប៉ារីស កាលពីយប់ថ្ងៃទី១៣ ខែធ្នូ បានបញ្ជាក់សាជាថ្មីនូវជំហរកម្ពុជា គឺប្រឆាំងនឹងការរំលោភបំពានពីប្រទេសមួយ ទៅលើបូរណភាពទឹកដីរបស់ប្រទេសមួយផ្សេងទៀត។ សម្តេច បានប្រកាសគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន តាមរយៈការចរចា។
១៩៤- សម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»
កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»។ ពានរង្វាន់នេះ ផ្តល់ជូនពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក។ ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនសម្តេចតេជោក្រោមហេតុផលថា សម្តេច ហ៊ុន សែន បានលះបង់ និងបង្កើតស្នាដៃល្អៗជាច្រើន ចំពោះប្រជាជនកម្ពុជា និងតំបន់អាស៊ាន ក្នុងរយៈពេលជាង ៤ ទសវត្សរ៍កន្លងទៅនេះ។
១៩៥- លទ្ធផលប្រឡងបាក់ឌុប៖ ឆ្នាំនេះ សិស្សប្រឡងជាប់ច្រើនជាងឆ្នាំមុន តែនិទ្ទេស A ថយចុះ
កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងបាក់ឌុប។ ក្នុងចំណោមបេក្ខជនជិត ១៣ម៉ឺននាក់ គឺឆ្នាំនេះ មានសិស្សប្រលងជាប់ជាង ៩ម៉ឺននាក់ ស្មើនឹងជាង ៧២%។ ក្នុងនោះ និទ្ទេស A ១០៤៩នាក់, និទ្ទេស B ៧២៣២នាក់, និទ្ទេស C ១៩០៥៣នាក់, និទ្ទេស D ៣១ ១៦៦នាក់ និងនិទ្ទេស E ៣២ ៤៥០នាក់។ ចំនួនបេក្ខជនប្រឡងបាក់ឌុប នៅឆ្នាំនេះ ជាប់ច្រើនជាងឆ្នាំមុន ប៉ុន្តែសិស្សពូកែ ឆ្នើម ប្រឡងជាប់និទ្ទេស A ថយចុះប្រមាណ ៧០០នាក់ បើធៀបនឹងឆ្នាំ២០២១។ ក្រោយប្រកាសលទ្ធផល មានបេក្ខជនមួយចំនួន តវ៉ា ដោយស្នើឱ្យក្រសួងពិនិត្យផ្ទៀងផ្ទាត់លទ្ធផលពិន្ទុរបស់ខ្លួនឡើងវិញ។
១៩៦-សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យចាក់វ៉ាក់សាំងដូសជំរុញ ទី៦ ដើម្បីការពារកូវីដ
កាលពីយប់ថ្ងៃទី២៩ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានចេញសារជាសំឡេងជូនជនរួមជាតិ ដោយសម្តេច ប្រកាសឱ្យចាក់វ៉ាក់សាំង ដូសទី៦ សម្រាប់អ្នកពេញវ័យ ហើយថ្នាំវ៉ាក់សាំង ត្រូវចាក់រៀងរាល់ ៦ខែម្តង ដោយសារតែនៅក្នុងតំបន់ និងពិភពលោក ចាប់ផ្តើមឆ្លងឡើងវិញ។ វ៉ាក់សាំង ជួយយើង មិនឱ្យឆ្លង ហើយបើឆ្លង មិនឱ្យធ្ងន់ធ្ងរ។ «កុមារ អាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ត្រូវចាក់ដូសទី៤។ ការវ៉ាក់សាំង ដូសទី៥ ដល់កុមារ ពីអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ។ ការចាក់វ៉ាក់សាំងដូសទី៦ ជូនមន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ»។
ក្រសួងសុខាភិបាល បានប្រកាសយកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៦ សម្រាប់មនុស្សពេញវ័យ មន្ត្រីរាជការជួរមុខ និងអាជ្ញាធរសមត្ថកិច្ច រួមទាំងចាក់ដូសជំរុញទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ និងដូសទី៥ ដល់កុមារអាយុចាប់ពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅតាមមន្ទីរពេទ្យរដ្ឋធំៗ ជាច្រើន នៅរាជធានីភ្នំពេញ។
១៩៧-ឆេះកាស៊ីណូ នៅប៉ោយប៉ែត សម្លាប់មនុស្ស ២៦នាក់ និងរបួស ៥៧នាក់
អគ្គិភ័យ បានឆេះកាស៊ីណូ នៅជាប់ព្រំដែនប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ កាលពីម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ មូលហេតុ ត្រូវបានគេរាយការណ៍ជំហានដំបូងថា បណ្តាលមកពីឆ្លងចរន្ដអគ្គិសនី ហើយបានរីករាលដាលតែម្ដង។ ភ្លើងឆេះកាស៊ីណូនេះ បានបន្តរហូតដល់ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ទីតាំងដែលឆេះនេះ មានពីរអគារ ដោយក្នុងនោះ ឆេះផ្ដើមដំបូងចេញពីអគារ ហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។ កាស៊ីណូនេះ មានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង ៤០០នាក់។ ក្រោយបិទបញ្ចប់ប្រតិបត្តិការរុករក និងជួយសង្គ្រោះ អាជ្ញាធរសមត្ថកិច្ច បានរកឃើញអ្នកស្លាប់សរុប ២៦នាក់ និងអ្នករបួសចំនួន ៥៧នាក់។ ក្នុងនោះ ទាំងអ្នករបួស និងទាំងអ្នកស្លាប់ មិនមានជនជាតិខ្មែរឡើយ៕/V