ដោយ: សុខ សុភ័ណ្ឌ/កំពង់ស្ពឺ:ក្នុងឱកាសជួបជុំដ៏សប្បាយរីករាយ នៃរាត្រី អបអរសាទរ ព្រឹត្តិការណ៍ឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសាកល នៅពហុកីឡដ្ឋាន ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ បានមានប្រសាសន៍ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍ និងសុខសន្តិភាពរបស់ ប្រទេសកម្ពជា និងបានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ រហូតទទួលបានជោគជ័យ ដែលអនុញ្ញាតឱ្យមានការដំណើរការ ជាប្រក្រតីភាព ឡើងវិញ លើផ្នែកសង្គម-សេដ្ឋកិច្ច។
លោកបានមានប្រសាសន៍ថាៈ ការណ៍នេះ បានអនុញ្ញាតឱ្យយើង មានលទ្ធភាពគិតគូររៀបចំ សកម្មភាពប្រមូលផ្ដុំនានា ទូទាំងប្រទេស ជាក់ស្ដែង ដូចជាការរៀបចំ ព្រឹត្តិការណ៍ឆ្លងឆ្នាំសាកល នៅពហុកីឡដ្ឋានខេត្តកំពង់ស្ពឺនេះផ្ទាល់។
លោកបានគូសបញ្ជាក់ថាៈ បើគ្មានសុខសន្តិភាព យើងក៏ពុំមានឱកាសបានជួបជុំ បែបនេះដែរ។ នេះជាមោទកភាពមួយ ដែលកម្ពុជាយើង ជាប្រទេសតូច តែមានបេះដូងធំ មានសមត្ថភាពគ្រប់គ្រង និងការពារបូរណភាពទឹកដី ធានាបាននូវ សុខមាលភាពរបស់ប្រជាជន ជាពិសេសធានាបាននូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់។
ក្នុងព្រឹត្តិកាណ៍ឆ្លងឆ្នាំសាកល រយៈពេល ៤ថ្ងៃនេះ មានកម្មវិធីកម្សាន្តសប្បាយៗ ជាច្រើន ជាពិសេសការរៀបចំឱ្យមានកម្មវិធីប្រដាល់សេរីគុនខ្មែរ ការប្រគំតន្រ្តីដ៏ធំ អមជាមួយដោយការបាញ់កាំជ្រួច អបអរ ដែលផ្ដល់នូវភាពកម្សាន្តសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺផ្ទាល់ ក៏ដូចជាបងប្អូន មកពីរាជធានី -ខេត្ត ផ្សេងៗផងដែរ។
លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរខេត្ត ស្ថាប័នជាដៃគូ សហការ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍ អបអរ ពិធីឆ្លងចូលឆ្នាំសាកល ឆ្នាំថ្មី ២០២៣ ក្នុងទីតាំងកីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយ ភាពអធិកអធម តាមការគ្រោងទុក៕/V/R