ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ផាយ
កិរិយាសព្ទ
បោលបោះជើងទាំង ៤ យ៉ាងខ្លាំងពេញទំហឹង (សេះ)
សេះផាយ ( ម. ព. បំផាយ ផង ) ។
រើឬកញ្ជ្រោលងាកគូទចេញក្រៅទម្លាក់នឹម ( គោ )
គោផាយទម្លាក់នឹម ។
រត់សាយឬធាក់ភាយឡើងលើឬចុះក្រោម (ខ្យល់ក្នុងសព៌ាង្គកាយ)
ខ្យល់ផាយ ឬ ផាយខ្យល់ ។
ទាសចិត្តចេញពីគូស្រករ (ក្បត់ចិត្ត, ផិតក្បត់)
ផាយចេញពីប្ដី (ព. សា.) ។
ផាយផិត កិ. ទាសចិត្តរសាយឃ្លាតក្លាយជាផិតក្បត់
ស្រីបង្ហិនប្ដី ផាយផិតអប្រីយ៍ ឥតសារឥតស័ព្ទ…(ច្បាប់ស្រីជាព្រះរាជនិពន្ធនៃព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី. . .) ។
នាមសព្ទ
ឈ្មោះអាវវែងធ្វើដោយសំពត់ស្បៃសម្រាប់ពាក់លើអាវធម្មតា ប្រើក្នុងវេលាធ្វើការមង្គលផ្សេងៗ
ពាក់អាវផាយតាមប្រពៃណី ។
ផាយោង
នាមសព្ទ
(ស. ផាយោង អ.ថ. ផាយ៉ោង) សំពត់បន្ទះវែង សម្រាប់ទាញយោងតពីសាកសពឬពីអដ្ឋិធាតុមកដល់ដៃព្រះភិក្ខុសង្ឃចាប់កាន់សូត្រធម៌បង្សុកូល; ហៅថា ទូ ឬ សំពត់ទូ ក៏បាន (ប្រើតាមទំនៀមប្រទេស) ។
បំផាយ
កិរិយាសព្ទ
ធ្វើឲ្យផាយ គឺបំបោលឲ្យបោះជើងទាំង ៤ ទៅមុខស្មើគ្នាពេញកម្លាំង ( ចំពោះតែសេះ )
បំផាយសេះឲ្យបានឆាប់ទាន់ពេលប្រជុំ ។
ផុយផាយ
គុណសព្ទ
ដែលកញ្ជះកញ្ជាយ, ចាយវាយឥតសណ្តាប់; សើវ៉ើ
ស្រីផុយផាយ; ភរិយាផុយផាយ ។ ( ព. កា. ) : អ្នកបួសឥតក្រឹត្យ ចាស់ឥតប្រព្រឹត្តខ្សត់ច្រើនប្រមាទ ភរិយាផុយផាយ ចាយវាយឥតខ្នាត ពលពាលសុទ្ធសាធ ប្រដៅក្របាន ។ ( សាស្ត្រាច្បាប់ រាជនេតិ ព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។
ផាត់ជាយ
នាមសព្ទ
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ ជាបទភ្លេងធំ សម្រាប់ប្រើក្នុងពិធីផ្សេងៗ មានពិធីមង្គលការអាពាហ៍ពិពាហ៍ជាដើម ។ ផាត់ជាយក្លាយ បទភ្លេងផាត់ជាយដែលមានលំនាំក្លាយពីបទផាត់ជាយមុន ( ជាបទភ្លេងធំដែរ, សម្រាប់ប្រើក្នុងចម្រៀងតជាដើម ) ។