ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការិយាល័យរដ្ឋអាជ្ញារបស់រដ្ឋឈីហួហួ (Chihuahua) បាននិយាយថា ខ្មាន់កាំភ្លើងបានវាយប្រហារពន្ធនាគារមួយក្នុងទីក្រុងស្យូដាដ វ៉ារ៉េស (Ciudad Juarez) ភាគខាងជើងប្រទេសម៉ិកស៊ិក កាលពីថ្ងៃអាទិត្យទី១មករា ដោយបណ្តាលឱ្យមនុស្ស ១៤ នាក់ស្លាប់ និងអនុញ្ញាតឱ្យអ្នកទោស ២៤ នាក់រត់គេចខ្លួន។
ការិយាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្មាន់កាំភ្លើងមិនស្គាល់មុខប៉ុន្មាននាក់នៅលើរថពាសដែកបានចូលរួមក្នុងការវាយប្រហារហើយអ្នកស្លាប់រួមមានឆ្មាំពន្ធនាគារនិងភ្នាក់ងារសន្តិសុខចំនួន ១០ នាក់។
ប្រហែលប្រាំម៉ោងបន្ទាប់ពីការវាយប្រហារទាំងព្រលឹមបានចាប់ផ្តើម កងកម្លាំងសន្តិសុខបានគ្រប់គ្រងស្ថានការណ៍ដែលបានផ្ទុះឡើងទៅជាការប្រយុទ្ធគ្នាផងដែររវាងអ្នកទោសនៅក្នុងពន្ធនាគាររដ្ឋដ៏ធំនៅជិតព្រំដែនម៉ិកស៊ិកជាមួយសហរដ្ឋអាម៉េរិក។
សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅប៉ុន្មាននាទីមុនការវាយប្រហារ បុរសប្រដាប់អាវុធបានបាញ់ទៅលើប៉ូលិសក្រុងនៅតាមមហាវិថីក្បែរនោះ ដោយដេញតាមរថយន្តមួយ ដែលចុងបញ្ចប់បានចាប់យករថយន្តនោះនិងបុរសបួននាក់។
ការិយាល័យបាននិយាយថា ក្រោយមក ជនវាយប្រហារនៅក្នុងរថយន្ត Hummer បានបាញ់ទៅលើភ្នាក់ងារសន្តិសុខមួយក្រុមផ្សេងទៀតនៅខាងក្រៅពន្ធនាគារ។
ទិដ្ឋភាពនៃភាពចលាចលបានបន្តកើតមាន ខណៈសាច់ញាតិរបស់អ្នកទោសមួយចំនួនបានរង់ចាំការចូលរួមអបអរឆ្នាំថ្មីនៅខាងក្រៅបរិវេណពន្ធនាគារ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅខាងក្នុងអ្នកទោសមួយចំនួនបានដុតបំផ្លាញវត្ថុផ្សេងៗ ហើយបានប៉ះទង្គិចជាមួយឆ្មាំពន្ធនាគារ។
រដ្ឋអាជ្ញាបាននិយាយថា ការវាយប្រហារនៅពន្ធនាគារ ដែលជាកន្លែងអ្នកទោសមកពីក្រុមឧក្រិដ្ឋជននិងក្រុមជួញដូរគ្រឿងញៀនផ្សេងគ្នា ត្រូវបានដាក់នៅក្នុងគុកដាច់ដោយឡែកក៏បានបណ្តាលឱ្យមនុស្ស ១៣ នាក់រងរបួសផងដែរ។
រដ្ឋអាជ្ញាបាននិយាយថា មនុស្សបួននាក់ត្រូវបានឃុំខ្លួន ដោយមិនបានបញ្ជាក់ថាតើពួកគេជាអ្នកទោសឬជនវាយប្រហារប្រដាប់អាវុធនោះទេ។
មិនមានព័ត៌មានលម្អិតអំពីរបៀបដែលអ្នកទោសដែលរត់គេចខ្លួនទាំង ២៤ នាក់នោះអាចរត់ចេញបាននោះទេ៕
សមាជិកនៃកងទ័ពម៉ិកស៊ិកការពារនៅខាងក្រៅពន្ធនាគារក្នុងក្រុងស្យូដាដ វ៉ារ៉េស បន្ទាប់ពីការវាយប្រហារនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣