ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមន្ទ មេបញ្ជាការកងទ័ពជេីងគោក​បានផ្ញេីសារជូនពរ ជូននាយទហាន នាយទាហានរង និងពលទាហានកងទ័ពជេីងគោក​ ​ នៃកងយោធពលខេមរភូមិន្ទ​ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល​គ្រិស្តករាជ ២០២៣ ។

ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្ស ដ៏ឧត្ដុង្គឧត្តម នៃទិវាចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៣ តាងនាមថ្នាក់ដឹកនាំកងទ័ពជើងគោក នៃកងយោធពល ខេមរភូមិន្ទ និងក្នុងនាមលោកផ្ទាល់ សូមផ្ញើជូននូវការសាកសួរសុខទុក្ខ ពោរពេញ ដោយមនោសញ្ចេតនានឹករឭក ស្រឡាញ់រាប់អាន យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះនាយទាហាន នាយទាហានរង​និងពលទាហានកងទ័ពជើងគោក ទាំងអស់ ដែលកំពុងបំពេញភារកិច្ច នៅតាមបណ្តាកងឯកភាពនានា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​សូមផ្ញើជូននូវការសួរសុខទុក្ខ ទៅដល់អតីតយុទ្ធជន និងយោធិន ដែលកំពុងមានជំងឺ របួស ពិការ និងអ្នកកំពុង សម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យនានា សូមឱ្យបានឆាប់ជាសះស្បើយ ត្រឡប់មានសុខភាពល្អបរិបូណ៍ កម្លាំងរឹងមាំ​និងប្រកបដោយសេចក្តីសុខ គ្រប់ពេលវេលា។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​សូមសម្តែង នូវការកោតសរសើរ យ៉ាងស្មោះ ចំពោះជោគជ័យ ដ៏ត្រចះត្រចង់ និងសមិទ្ធផល យ៉ាងធំធេង ក្នុងឆ្នាំកន្លងមក ដែលនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកទាំងអស់ បានខិតខំប្រឹងប្រែងពុះពារ និងជម្នះគ្រប់ការលំបាក ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពារផលប្រយោជន៍ យុទ្ធសាស្ត្ររបស់ប្រទេសជាតិ ដើម្បីបន្តគាំទ្រ និងអនុវត្តតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ នៃរដ្ឋសភា សំដៅថែរក្សាសុខ សន្តិភាព ស្ថិរភាពនៅផ្ទៃក្នុងប្រទេស សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ទន្ទឹមនឹងជោគជ័យ លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពេញមួយឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសកម្ពុជា ក៏បានឆ្លងកាត់នូវ សភាពការណ៍សំខាន់ៗជាច្រើន រួមទាំងការសម្រេចបាន នូវសមិទ្ធផលធំៗ គ្រប់ទិដ្ឋភាព ទាំងផ្នែកនយោបាយ, ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ដែលសុទ្ធសឹងជាជំហាន ឈានឆ្ពោះទៅមុខ ប្រកបដោយសុទិដ្ឋិនិយមរបស់ជាតិ និងប្រជាជនកម្ពុជា នៅក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ឆ្នាំ២០២២ គឺជាឆ្នាំដ៏ មមាញឹកមួយ សម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ដែលត្រូវទទួលភារកិច្ច ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ និងអន្តរជាតិសំខាន់ៗជាច្រើន ជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយមានការចូលរួម ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលជាច្រើន មកពីក្នុងតំបន់ និងក្រៅតំបន់។

ជាការពិតណាស់ សមិទ្ធផលដ៏ធំធេងទាំងនេះ គឺពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ពីការខិតខំប្រឹងប្រែងតស៊ូ លះបង់ពុំខ្លាចនឿយហត់ គួបផ្សំនឹងស្មារតីទទួលខុសត្រូវ ខ្ពស់របស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពល ខេមរភូមិន្ទ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន។

ជាទីបញ្ចប់ ក្នុងឱកាសនៃទិវាចូលឆ្នាំសកល គ្រិស្តសករាជ ២០២៣ ​សូមបួងសួង ដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល មហាប្រសើរ ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ​ទាំងអស់ សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ច ព្រមជាមួយនឹងពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕/V/R