ដោយៈ សុផល / ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ នាឱកាសឆ្លងឆ្នាំសកល ២០២២ ឆ្លងចូល ២០២៣ (៣១ ខែធ្នូ ឆ្នាំ២០២២ ឆ្លងចូលថ្ងៃ១ ខែមករា ឆ្នាំ២០២៣) នៅទូទាំងប្រទេស ទទួលបានភ្ញៀវ សរុបប្រមា​ណ ២.០២២.​៩២០ ​នាក់​ ក្នុងនោះភ្ញៀវជាតិ ២.០០៦.១១​៧ នាក់ និងភ្ញៀវបរទេស ១៦.៨០៣ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ មួយចំនួន រួមមាន រាជធានីភ្នំពេញ ទទួលបាន ទេសចរ ៤៥៥.៨៣២ នាក់ , ខេត្តព្រះសីហនុ ៣៣៨.៥៥២ នាក់ , ខេត្តសៀមរាប ៣៣៧.៧៦៩ នាក់ , ខេត្តកំពត ៣៣០.៦៥៩ នាក់, ខេត្តបាត់ដំបង ១៥៨.១១០ នាក់, ខេត្តកែប ៨៨.៣៥៦ នាក់, ខេត្តត្បូងឃ្មុំ ៨៤.៦៨៣ នាក់, ខេត្តកំពង់ចាម ៧៦.៩០១ នាក់។

លោក ថោង ខុន បានឱ្យដឹងថាៈ តួលេខខាងលើ មានការកើនឡើង ៧៦,៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកល ឆ្នាំ២០២២។

រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកនានា បានរៀបចំជាពិធីអបអរសាទរ និងទទួល អំណរឆ្នាំថ្មី ការប្រគំតន្រ្តី ការតុបតែងលម្អក្រុង ដាក់ភ្លើងបំភ្លឺ ការរៀបចំពិធីរាប់ ថយក្រោយ (Countdown) បាញ់កាំជ្រួចអបអរសាទរ និងការបង្ហោះគោម ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ចំពោះ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋ ប្រមាណជាង ៤៥ ម៉ឺននាក់ បានដើរកម្សាន្ត នៅគោលដៅសំខាន់ៗ ដូចជានៅ តំបន់កោះពេជ្រមាត់ទន្លេ មុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមាន ឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោ ជាដើម។ គោលដៅទេសចរណ៍នានា ទូទាំង ប្រទេស សុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរ យ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ ស្ទើរពេញ ១០០%។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួន បានជ្រើសរើសយកការជួបជុំ នៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្ត ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀត បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំ នៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្ត មនុស្សពេញវ័យ និង Sky Bar ជាដើម។

លោកបានបន្តថាៈ បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មួយចំនួន បាននិងកំពុងបន្តដំណើរកម្សាន្ត រហូតដល់ថ្ងៃចន្ទ ហើយខ្លះទៀត បានវិលចូលរាជធានីភ្នំពេញវិញ ជាបណ្តើរៗ នាថ្ងៃអាទិត្យនេះ។

បើតាមការបញ្ជាក់របស់លោក ថោង ខុន ថាៈ ក្នុងពេញ មួយឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរជាតិ ដើរកម្សាន្តក្នុងប្រទេស ចំនួនជាង ១៣ លាននាក់ ហើយ លើសផែនការ ដែលបានគ្រោងទុក ក្នុងផែនទីចង្អុលផ្លូវ។ រីឯទេសចរអន្តរ ជាតិ តាមការប៉ាន់ស្មានបានប្រមាណជាង ២,២ លាននាក់៕/V/R