ដោយៈ ភ្នំខៀវ / បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបង ត្រៀមបង្ហូរទឹកស្ទឹងសង្កែ ចេញមួយភាគធំ ដើម្បីសម្អាតបរិស្ថានដងស្ទឹង និងរៀបចំច្រាំងស្ទឹង ជាច្រើនកន្លែង ឲ្យមានសោភ័ណភាពឡើងវិញ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីពេលកន្លងមកថ្មីៗនេះ បានលើក ឡើងថាៈ អាជ្ញាធរ ត្រៀមនឹងបង្ហូរទឹកស្ទឹងសង្កែ មួយភាគធំ ទម្លាក់ទៅកាន់ផ្នែក​ខាងក្រោម បឹងទន្លេសាប ដើម្បីសម្អាតអនាម័យ បរិស្ថានបាតស្ទឹង ដងស្ទឹង ពិសេសត្រង់ចំណុចទីប្រជុំជនក្រុង ដែលមានប្រវែង ជាច្រើនគីឡូម៉ែត្រ។ ការស្តារកែលម្អ និងបង្ហូរទឹកស្ទឹងមួយភាគ ចេញដោយមន្ត្រីជំនាញនេះ គ្រោងនឹងធ្វើឡើង​នៅដើមខែមករា ឆ្នាំ២០២៣ នេះ។

ជាមួយគម្រោងផែនការ ការលើកកម្ពស់សោភ័ណភាពដងស្ទឹងខាងលើ អភិបាលខេត្ត លោក សុខ លូ បានជំរុញដល់បណ្តាអាជ្ញាធរមូលដ្ឋាន ជាប់ដងស្ទឹងចំនួន ៥ក្រុង ស្រុក រួមមាន: ក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកសង្កែ និងស្រុកឯកភ្នំ ថែមទាំងបំផុសដល់ប្រជាពលរដ្ឋ ឲ្យចូលរួម ក្នុងយុទ្ធនាការប្រមូល សំរាម និងពន្លឿនចុះណែនាំដល់ពលរដ្ឋទាំងអស់ ឲ្យចូលរួមថែរក្សាអនាម័យ កុំឲ្យចោលសំរាម ក្នុងស្ទឹងសង្កែ ឬក្នុងព្រែក ប្រឡាយ បឹងបួទាំងឡាយ សំដៅលើកស្ទួយមុខមាត់ ក្នុងមូលដ្ឋានជៀសផុតពីជំងឺផ្សេងៗ និងលើកកម្ពស់ដល់ វិស័យទេចរណ៍ ឲ្យល្អប្រសើរ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមានចំនួន កាន់តែច្រើនថែមទៀត។

បណ្តោយស្ទឹងសង្កែ ដែលឋិតក្នុងគម្រោងសម្អាតអនាម័យ មិនធ្លាប់មានពីមុន មកនេះ ត្រង់ចំណុចទទួលទឹក ចាប់ពីស្រុកបាណន់ លាតសន្ធឹងកាត់ក្រុងបាត់ដំបង ដល់ទំនប់ស្ទាក់ទឹក សាលាតាអនរបស់ស្រុកឯកភ្នំ មានប្រវែងរាប់សិបគីឡូម៉ែត្រ ដោយឡែក ចំពោះទីកន្លែងច្រាំងស្ទឹង ដែលត្រូវរៀបចំកែលម្អ សាងសង់ឡើងវិញ ក្នុងទីប្រជុំជនក្រុង មានចំនួន ៥ ទីតាំង។

ក្រោយបញ្ចប់គម្រោងមន្ត្រីជំនាញ នឹងបើកទម្លាក់ទឹកចុះមកវិញ ដោយរក្សាទឹក ក្នុងកម្ពស់ពី ១២ ម៉ែត្រ ដល់ជាង ១៣ ម៉ែត្រ ខណ:ទឹកស្ទឹងសង្កែ​ក្រោមសភាព ថ្លាឆ្វេង បច្ចុប្បន្នមានកម្ពស់ ១០,៣០ ម៉ែត្រប៉ុណ្ណោះ៕/V/R