ប្រែសម្រួលៈបំណង(ស៊ីនហួរ,នីកេអាស៊ី)៖ គណៈរដ្ឋមន្ត្រីឡាវបានធ្វើការរុះរើនៅក្នុងកិច្ចប្រជុំរបស់សភាជាតិឡាវនៅក្នុងទីក្រុងវៀងចន្ទន៍កាលពីថ្ងៃសុក្រ នេះបើតាមរបាយការណ៍ក្នុងទូរទស្សន៍រដ្ឋ។
លោកផានខាម វីផាវ៉ាញ់(Phankham Viphavanh)វ័យ៧២ឆ្នាំ ដែលត្រូវសភាជ្រើសតាំងជានាយករដ្ឋមន្ត្រីឡាវកាលពីខែមីនាឆ្នាំ២០២១ បានឡើងថ្លែងនៅក្នុងសភាជាតិថា លោកសុំលាឈប់ពមុខតំណែងដោយសារដល់អាយុចូលនិវត្តន៍និងមានបញ្ហាសុខភាព។
លោកថា សុខភាពមិនអំណោយផលរបស់លោករារាំងមិនអោយលោកបំពេញការងារខ្លាំងដើម្បីដោះស្រាយការលំបាកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាពេលបច្ចុប្បន្នដែលប្រទេសកំពុងប្រឈម។
លោកធ្លាប់បំរើការជាអនុប្រធានាធិបតី ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងអប់រំ និងអភិបាលខេត្ត។
កិច្ចប្រជុំក៏បានអនុម័តការតែងតាំងពីប្រធានាធិបតីឡាវ អោយលោក សូណេសាយ ស៊ីផានដន (Sonexay Siphandone)ជានាយករដ្ឋមន្ត្រីថ្មី ជាមួយនឹងសម្លេងគាំទ្រច្រើនលើលប់១៤៩សម្លេងក្នុងចំណោមសមាជិកសភា១៥១រូប។
លោក សូណេសាយ ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សបដិវត្តន៍ប្រជាជនឡាវ។លោកបានបំរើការជាឧបនាយករដ្ឋមន្ត្រីមុនត្រូបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ក្រោយត្រូវបានជ្រើសតាំង លោក សូណេសាយ ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតី ខាំតៃ សូផាដន បានអរគុណសមាជិកសភាដែលបានគាំទ្រលោកក្នុងសម្លេង១៤៩-២ និងបានប្តេជ្ញាខិតខំបំពេញភារកិច្ចថ្មីអោយអស់ពីសមត្ថភាព។
លោកត្រូវបានស្រង់សម្តីដែលបាននិយាយថា«ខ្ញុំនឹងលើកតម្កើងស្មារតីបដិវត្តន៍អោយឡើងឡើងមួយកំរិតទៀត។ខ្ញុំយល់ថា វាជាតួនាទីលំបាកនិងប្រឈមមួយ ដោយទាមទារអោយខ្ញុំចូលដឹកនាំការដឹកនាំរបស់រដ្ឋាភិបាលឡាវលើកទី៩ ព្រមទាំងគ្រប់គ្រង ការពារនិងអភិវឌ្ឍប្រជាជាតិយើង»។
«ខ្ញុំសូមសន្យាខិតខំបំពេញភារកិច្ចអោយអស់ពីសមត្ថភាពនិងលទ្ធភាព ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់របស់សាធារណរដ្ឋប្រជាមានិតឡាវ»។
លោកបណ្ឌិត សូណេសាយ ក៏បានលើកសរសើរកិច្ចខិតខំរបស់នាយករដ្ឋមន្ត្រីចេញពីតំណែងខាម វីផាវ៉ាញ់ និងបានអរគុណលោកចំពោះការបំពេញភារកិច្ចរបស់លោក។
សូមបញ្ជាក់ថា ឡាវកំពុងជួបការលំបាកបង្កឡើងដោយការធ្លាក់ថ្លៃរូបិយបណ្ណក្នុងស្រុកនិងកំណើនអតិផរណា។ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍កាលពីខែវិច្ឆិការបស់ខ្លួនថាបំណុលសាធារណៈរបស់ប្រទេសនេះឡើងហួស១០០ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅត្រឹមចុងឆ្នាំ២០២២៕
អោយលោក សូណេសាយ ស៊ីផានដន ក្លាយជានាយករដ្ឋមន្ត្រឡាវថ្មីក្រោយទទួលបានការគាំទ្រពីសមាជិកសភាជិត១០០ភាគរយ