ដោយៈប.ខុន
/ភ្នំពេញៈនៅថ្ងៃទី៣១ខែធ្នូដែលជាថ្ងៃឆ្លងឆ្នាំសកលមានភ្ញៀវទេសចរណ៍ផ្ទៃក្នុងជាងបីសែននាក់បានទៅលេងកម្សាន្តនៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុហើយនៅថ្ងៃទី០១ខែមករាក៏មានភ្លៀវប្រហាក់ប្រហែលនឹងថ្ងៃទី៣១ខែធ្នូដែរដែលបានកម្សាន្តនៅតាមឆ្នេរប្រវែងជាង១០គីឡូម៉ែត្រនេះ។

លោកសរ កក្កដា អភិបាលក្រុងព្រះសីហនុខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២ខែមករាឆ្នាំ២០២៣ថាចំនួនភ្ញៀវទេសចផ្ទៃក្នុងមកកម្សាន្តខេត្តព្រះសីហនុក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២៣ ថ្ងៃទី៣១ខែធ្នូ មានចំនួន៣៣៨.៥៥២នាក់ និងនៅថ្ងៃទី០១មករាក៏មានចំនួនប្រហាក់ប្រហែលនឹងថ្ងៃទី៣១ធ្នូដែរ ។ នៅក្នុង ឱកាសមានភ្លៀវទេសចរណ៍មកកម្សាន្តច្រើនរហូតកកកុញចររាចរតាមដងផ្លូវនេះមិនមានបញ្ហាអ្វីកើតឡើងទេទាំងសន្តិសុខនិងសណ្តាប់ធ្នាប់ដោយសារយើងមានកម្លាំងរៀបចំថែរក្សាការពារ២៤ម៉ោង។

ទោះជាយ៉ាងណាលោកអភិបាលក្រុងបានបញ្ជាក់ថាករណីមានឆ្លៀតឱកាសជួលតុកៅអីលើឆ្នេរសាធារណៈយកតម្លៃ២០ដុល្លារ ក្នុងថ្ងៃឆ្លងឆ្នាំសកល ត្រូវបានអាជ្ញាធរចាត់វិធានការភ្លាមៗបន្ទាប់ពីមានការសម្តែងមតិនៅតាមបណ្តាញសង្គម ដោយចុះធ្វើការដកហូតយកតុកៅអីទាំងនោះមករក្សាទុកនៅរដ្ឋបាលសាលាក្រុងព្រះសីហនុនិងក៏មាន ជនឆ្លៀតឱកាសបោះតង់ទុកជួលឱ្យភ្ញៀវដែរ តែត្រូវបានលុបបំបាតអស់។
រដ្ឋបាលក្រុងព្រះសីហនុនៅថ្ងៃទី៣១ខែធ្នូបានជូនដំណឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដល់សាធារណជនជ្រាបថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេងឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។បើបងប្អូនប្រជាពលរដ្ឋឃើញមានករណីដូចខាងលើនេះសូមទាក់ទងក្រុមការងារតាមរយៈទូរស័ព្ទលេខ០៩៦ ៧២៣ ៦៦០០៕/PC

ទិដ្ឋភាពភ្ញៀវកម្សាន្តតាមឆ្នេរខេត្តព្រះសីហនុ