ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ២០ ម៉ឺននាក់ ចូលលេងកម្សាន្ត ក្មុងខេត្តបាត់ដំបង នាថ្ងៃឆ្លងឆ្នាំសកល ២០២២-២០២៣។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះ បានបង្ហាញឲ្យ ដឹងថាៈ ពិធីឆ្លងឆ្នាំសកល ឆ្នាំ២០២២ ចូលឆ្នាំ ២០២៣ ខេត្តបាត់ដំបង បានទទួល ភ្ញៀវទេសចរ ទាំងភ្ញៀវជាតិ អន្តរជាតិ កើនឡើងខ្ពស់ ជាងឆ្នាំ ២០១៩-២០២០ ដោយឆ្នាំនេះ ភ្ញៀវមានសរុបចំនួន ២១១.០៣៨ នាក់ ខណ:ឆ្នាំកន្លងទៅ មានត្រឹមចំនួន ៨៩.៧២៥ នាក់ គឺកើនឡើង ១៣៥,២១%។

ចំំនួនភ្ញៀវទេសចរ ដែលកើនឡើង ក្នុងឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ចំនួនជាង ២១ ម៉ឺននាក់នេះ គិតត្រឹមថ្ងៃទី ២៩- ៣០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ រយៈពេល ៣ ថ្ងៃនេះ ភ្ញៀវទេសចរ បានសម្រុកចូល តាមគោលដៅទេសចរណ៍ នានា ដើម្បីលំហែលេងកម្សាន្ត ពេលថ្ងៃ ខ្លះទៀត បានសម្រាកកាយឆ្លងឆ្នាំ ពេលរាត្រី និងភ្ញៀវទេសចរ មួយចំនួនទៀត បានចូលមកអបអរសាទរ ក្នុងពិធីឆ្លងឆ្នាំ នៅក្នុងទីប្រជុំជន ក្រុងបាត់ដំបង ដែលរៀបចំ ដោយរដ្ឋបាលខេត្ត។

មន្ត្រីជំនាញខាងលើ បានបន្តថាៈ ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំថ្មីនេះ គណ:កម្មការ រៀបចំបុណ្យជាតិ អន្តរជាតិខេត្ត បានរៀបចំកម្មវិធី ដាក់បង្ហាញម្ហូបអាហាររបស់ អ្នករស់នៅ ក្នុងបាត់ដំបងផ្ទាល់ ជាព្រឹត្តិការណ៍មួយប្លែក និងថ្មី ហើយភ្ញៀវទេសចរ ទទួលបានព័ត៌មាន បានមុនគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យទាក់ទាញ ដល់ភ្ញៀវទេសចរក្នុង និងក្រៅតំបន់ យ៉ាងច្រើនកុះករ ពិសេសនោះផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ វិញទៀតសោត បានដំណើរការ ទៅប្រកបដោយភាពរលូន តាំងពីដើម ដល់ចប់កម្មវិធី៕/V-PC