ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការវាយលុកថ្ងៃចូលឆ្នាំថ្មីរបស់រុស្ស៊ីលើអ៊ុយក្រែនបានបណ្តាលឱ្យមនុស្សបួននាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅចុងសប្តាហ៍ខណៈរដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃអាទិត្យទី១មករាបានអះអាងថាបានរារាំង “ការវាយប្រហារភេរវកម្ម” របស់រដ្ឋាភិបាលក្រុងគៀវមកលើមាតុភូមិរបស់ខ្លួន។
រដ្ឋធានីអ៊ុយក្រែននិងទីក្រុងផ្សេងទៀតបានរងការបាញ់ប្រហារពីមីស៊ីលនិងដ្រូនដែលផលិតដោយអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សបីនាក់។
យ៉ាងហោចណាស់មានដ្រូនមួយមានពាក្យរុស្ស៊ីថា “សួស្តីឆ្នាំថ្មី” គូរលើវាពណ៌ក្រហម នេះបើយោងតាមរូបភាពដែលចេញផ្សាយដោយអាជ្ញាធរអ៊ុយក្រែន។
អាជ្ញាធរបាននិយាយថា ការវាយប្រហារថ្មីកាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្សម្នាក់នៅក្នុងតំបន់ហ្សាផូរីហ្សហ្សាភាគខាងត្បូងនិងបីនាក់ទៀតរងរបួស។
លោក មីខាអ៊ីឡូ ផូដូលយ៉ាក់ (Mykhailo Podolyak) ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបានសង្កត់ធ្ងន់ថាការវាយប្រហារក្នុងឆ្នាំថ្មីរបស់រុស្ស៊ីបានកំណត់គោលដៅលើតំបន់កណ្តាលក្រុងធំៗ ហើយបានចង្អុលបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់មូស្គូ។
លោកបានសរសេរលើ Twitter ថា “រុស្ស៊ីលែងមានគោលដៅយោធាទៀតហើយ ហើយកំពុងព្យាយាមសម្លាប់ជនស៊ីវិលឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងបំផ្លាញទីតាំងស៊ីវិលបន្ថែមទៀត។ វាជាសង្គ្រាមដើម្បីសម្លាប់មនុស្ស”។
ក្រុមមន្ត្រីបាននិយាយថា នៅក្នុងការវាយប្រហារឆ្នាំថ្មីនៅតំបន់ឃើសុនភាគខាងត្បូង ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់បានស្ថិតក្រោមការវាយប្រហាររបស់រុស្សីពីរដង ហើយការវាយប្រហារលើកទីពីរកើតឡើងនៅពេលដែលរូបគេកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។
ការវាយប្រហារនេះបានកើតឡើងនៅពេលដែលការលុកលុយរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ឈានចូលខែទី ១១ របស់ខ្លួន៕
រដ្ឋធានីអ៊ុយក្រែននិងទីក្រុងផ្សេងទៀតបានរងការបាញ់ប្រហារពីមីស៊ីលនិងដ្រូន