រី​យ៉ូ ហ្វឺ​ឌី​ណាន កោតសរសើរ រ៉ូ​ម៉េ​លូ លូ​កា​គុ ដែល​បំពេញ​តួនាទី​ផ្នែក​កណ្តាល​បានល្អ​

1119
ចែករម្លែក

​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) បាន​បំពេញ​តួនាទី​ផ្នែក កណ្តាល​បានល្អ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ប្រេ​ស៊ី​ល​កាលពី​យប់​ថ្ងៃ​សុក្រ ដើម្បី​បង្ហាញថា​ខ្លួន​អាច​លេង​ក្នុង ព្រឹត្តិការណ៍​ធំៗ​បាន ហើយ រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand) ពិតជា​ចាប់អារម្មណ៍ នឹង​ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ​រូបនេះ​។​
​ ​
​លូ​កា​គុ ធ្វើ​បានល្អ ខណៈពេល​ក្រុម​បែលហ្ស៊ិក​ធ្វើបាន​សម្រេច​ជាថ្មី​ម្តងទៀត​នៅ​ព្រឹត្តិការណ៍ វើ​ល​ខាប់​នេះ ដោយ​យកឈ្នះ​ក្រុម​ប្រេ​ស៊ី​ល​២-១ និង​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រឹ​ត្ត​។​
​ ​
​គ្រាប់​បាល់​របស់ ខេ​វិ​ន ដឺ​ប្រា​ញ់ (Kevin De Bruyne) និង​ការធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ ហ្វឺ​ណាន​ឌី​ញ៉ូ (Fernandinho) ជួយ​ឲ្យ​ក្រុម​បែលហ្ស៊ិក​ទទួលបាន​ជោគជ័យ ប៉ុន្តែ​មួយផ្នែក ដោយសារតែ​ទម្រង់​លេង​ដ៏​ល្អ​របស់ លូ​កា​គុ​។​

​ដោយ​ទស្សនា​ពី​ស្ទូ​ឌី​យោ​របស់​ទូរទស្សន៍ BBC ហ្វឺ​ឌី​ណាន បាន​ប្រដូច​ការបង្ហាញ​សមត្ថភាព​របស់ លូ​កា​គុ ទៅនឹង​ការប្រកួត​តាម​សាលា​ដែលមាន​កីឡាករ​ម្នាក់​គឺជា​កម្លាំង ស្នូល​សម្រាប់​ក្រុម ទាំងមូល​។​
​ ​
​ហ្វឺ​ឌី​ណាន បាន​និយាយថា “​វា​ហាក់ដូចជា​លេង​នៅតាម​សាលា ហើយ​អ្នកមាន​កីឡាករ​អាយុ​១៦​ឆ្នាំ ម្នាក់​លេង​ជាមួយ​ក្រុម​កីឡាករ​ដែល​មាន​អាយុ​១១​ឆ្នាំ​។ មានន័យថា គាត់​ធំ​និង​ខ្លាំងណាស់​មិន​ងាយ អ្នកណា​ប្រជែង​យក​បាល់​បាន​”​។​
​ ​
​ការប្រៀបធៀប​របស់ ហ្វឺ​ឌី​ណាន ត្រូវបាន​គាំទ្រ​ដោយ​មិត្ត​រួម​ជាតិ អា​ឡែ​ន សៀ​រើ (Alan Shearer) ដែល​បាន​អះអាងថា កីឡាករ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​ធ្វើ​បានល្អ​មែនទែន នៅ​តំបន់​កណ្តាល​។​
​ ​
​សៀ​រើ បាន​និយាយថា “​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំងណាស់​ជាមួយ លូ​កា​គុ​។ ល្បឿន កម្លាំង ការ​បណ្តើ​របាល់ បច្ចេកទេស​។ លូ​កា​គុ បំពេញ​តួនាទី​នេះ​បានល្អ​មែនទែន បន្ទាប់ពី​មានការ​ស្នើ ឲ្យ​គាត់​បំពេញ​តួនាទី​ផ្សេង ដើម្បី​បង្កើត​ឱកាស​សម្រាប់ ហា​ហ្សា​ដ និង ដឺ​ប្រា​ញ់​”​។​
​ ​
​លក្ខណៈ​មិនមាន​ភាព​អាត្មានិយម​របស់ លូ​កា​គុ បាន​ជួយ​ក្រុម​ទាំងមូល​លេង​បានល្អ និង​ឈ្នះ​ការប្រកួត​សម្រាប់​ក្រុម​បែលហ្ស៊ិក ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​ឱកាស​លើក​ស្បែក​ជាងមាស​របស់ លូ​កា​គុ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)

ទីតាំងផ្សាយពាណិជ្ជកម្ម