ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកឃ្លាំមើលឧស្សាហកម្មភាពយន្តគឺក្រុមហ៊ុន Exhibitor Relations បានរាយការណ៍កាលពីថ្ងៃអាទិត្យទី១មករាថា រឿង “Avatar: The Way of Water” បានកើបលុយប្រមាណ ៨២,៤ លានដុល្លារអាម៉េរិកនៅចុងសប្តាហ៍ថ្ងៃឈប់សម្រាកនេះនៅអាម៉េរិកខាងជើងដោយរុញច្រានចំណូលឱ្យលើសពីចំនួនសរុបជាសកល១ពាន់លានដុល្លារក្នុងរយៈពេលដ៏ខ្លី។
ការបញ្ចាំងក្នុងស្រុករយៈពេលបួនថ្ងៃសម្រាប់រឿងបែបវិទ្យាសាស្ត្រនេះបាននាំមកនូវចំណូលសរុបក្នុងស្រុក ៤៤០,៥ លានដុល្លារ បន្ថែមពីលើចំណូល ៩៥៧ លានដុល្លារដែលរកបាននៅក្រៅប្រទេស។មានភាពយន្តតែបួនប្រាំរឿងប៉ុណ្ណោះអាចរកចំណូលបាន ១ ពាន់លានដុល្លារឡើងទៅក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃការដាក់បញ្ចាំង។
ប៉ុន្តែអ្នកដឹកនាំរឿងលោក ជែម ខេមរ៉ូន (James Cameron) បានប៉ាន់ប្រមាណថា ភាពយន្តសតវត្សរ៍ទី ២០ ដែលចំណាយថវិកាខ្ពស់នេះត្រូវកើបលុយឱ្យច្រើនជាងនេះពីរដងទើបអាចបំបែកឯតទគ្គកម្មចាស់បាន។ រឿងដើម Avatar កើបលុយកំណត់ត្រា ២,៩ ពាន់លានដុល្លារ។
ចំណាត់ថ្នាក់ទីពីរនៅក្នុងរោងកុនអាម៉េរិកខាងជើងបានទៅលើភាពយន្តរបស់ផលិតកម្ម Universal គឺរឿង “Puss in Boots: The Last Wish” ដែលជាភាពយន្តគំនូរជីវចលដែលទិញ Franchise ពីរឿង “Shrek” ដ៏ពេញនិយម។ វាកើបលុយបាន ២២ លានដុល្លារសម្រាប់រយៈពេលពីថ្ងៃសុក្រដល់ថ្ងៃចន្ទ៕
តារាស្រី Zoe Saldana មកដល់សម្រាប់ការដាក់បញ្ចាំងរឿង Avatar: The Way of Water កាលពីថ្ងៃទី១២ធ្នូឆ្នាំ២០២២