ដោយៈ ប.ខុន / ភ្នំពេញៈ ក្រោយពីផ្ទៃមេឃ មានសភាពអួរអាប់ និងភ្លៀងផ្សែងក្រូច កើតមានលើផ្នែកខ្លះ ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១ និង ២ ខែមករា ដោយសារ ឥទ្ធិពលសម្ពាធទាប កើតមាននៅតាមឆ្នេរ ប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចដល់បង្គួរ នៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស និងមានខ្យល់បក់ បោកខ្លាំងលើផ្ទៃសមុទ្រ នៅអំឡុងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា និងសីតុណ្ហភាព អប្បបរមា អាចងើបឡើងវិញ រង្វង់ ២០ អង្សាសេវិញ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថាៈ ផ្ទៃមេឃអាប់អួរ និងមានភ្លៀងរលឹមផ្សែងក្រូច នៅកន្លែងខ្លះ កាលពីថ្ងៃទី១ មករា និងថ្ងៃទី២ មករា នេះ ដោយសារសម្ពាធទាបខ្សោយមួយ កើតមាននៅតាមឆ្នេរ ភាគកណ្តាល ប្រទេសវៀតណាម ជាមួយខ្យល់មូសុងឦសាន កម្រិតមធ្យម និងទ្រនុងសម្ពាធខ្ពស់ បន្តរុញចុះមកពីប្រទេសចិន។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ សីតុណ្ហភាព អប្បបរមា នៅពេល ពីរ-បីថ្ងៃ ខាងមុខ អាចនឹងងើបឡើងវិញបន្តិច ដោយសារ ឥទ្ធិពលសម្ពាធទាបសកម្មមួយ កើតមាននៅក្នុងសមុទ្រចិនខាងត្បូង ដែលបានជាពីរ នៅពេលវាដើរមកជិតដល់ ឆ្នេរប្រទេសវៀតណាម  ដោយមួយផ្នែក បានបែកចុះ ទៅក្រោម (ត្បូង) និងមួយផ្នែក ដើរឡើងតាមឆ្នេរប្រទេសវៀតណាម ទៅខាងជើង ធ្វើឱ្យមានភ្លៀងធ្លាក់ រាយប៉ាយក្នុងកម្រិត ពីតិចដល់បង្គួរ នៅស្ទើរទូទាំងប្រទេស កម្ពុជា នៅអំឡុងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា។

លោក ចាន់ យុត្ថា បានបញ្ជាក់ថាៈ ក្រៅពីមានភ្លៀងធ្លាក់រាយប៉ាយ អាចកើតមាន ទៅដល់តំបន់ខ្ពង់រាបនេះ នៅតំបន់មាត់សមុទ្រ អំឡុងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា អាចមានខ្យល់បក់បោក ក្នុងល្បឿនលើសពី ២០ ម៉ែត្រ ក្នុងមួយវិនាទី នាពេលព្រឹក និងពេលរសៀល នៅក្នុងរង្វង់ ២០ ម៉ែត្រ ក្នុងមួយវិនាទី នៅលើផ្ទៃសមុទ្រ។ នៅអំឡុងពេលមានភ្លៀងធ្លាក់ សីតុណ្ហភាព ងើបឡើងវិញបន្តិច ជាទូទៅ នៅតំបន់ខ្ពង់រាប អាចស្ថិតក្នុងរង្វង់ ២០ អង្សាសេ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករអាកាសធាតុ សម្រាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ថាៈ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន ក្នុងកម្រិតមធ្យម ធ្វើឱ្យសីតុណ្ហភាព អប្បបរមា នៅកន្លែងខ្លះ នៃតំបន់ខ្ពង់រាប អាចចុះដល់រង្វង់កម្រិត ១៥ អង្សាសេ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបនេះ ធ្វើឲ្យតំបន់វាល ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ១៨ ទៅ ២២ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៨ ទៅ ៣២ អង្សាសេ។

នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៥ ទៅ ១៩ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៨ ទៅ ៣២ អង្សាសេ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ពី ១៥ ទៅ ១៧ អង្សាសេ នាពេលព្រឹក និងយប់ ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ១៩ ទៅ ២២​ អង្សាសេ សីតុណ្ហភាពអតិបរមា ពី ២៩ ទៅ ៣២ អង្សាសេ ៕ V / N