ដោយៈ ប.ខុន / ភ្នំពេញៈ ដំណើរហ្វូងត្រី សម្រាប់ធ្វើប្រហុកផ្អក ចេញពីបឹងទន្លេ សាប នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ថយចុះបន្តិចទៅវិញ បន្ទាប់ពីផ្ទៃមេឃ មានសភាពអាប់អួរ និងភ្លៀងរំលឹមច្រើនដង នៅតាមដងទន្លេសាប នាំឱ្យផលត្រី ចាប់បាន មានការថយចុះទៅវិញបន្តិច តែតម្លៃ មានការកើនឡើងវិញបន្តិច បើធៀបទៅថ្ងៃម្សិលមិញ។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២៣ថាៈ ស្ថានភាពត្រី សម្រាប់ធ្វើប្រហុកផ្អក នៅថ្ងៃទី២ ខែមករានេះ ផលចាប់បានថយចុះបន្តិច ដោយសារផ្ទៃមេឃ អាប់អួរ មានភ្លៀងរលឹមច្រើនសារ នៅបឹងទន្លេសាប ធ្វើឱ្យអាក់ដំណើរត្រី ចេញពីបឹង នាំឱ្យផលចាប់ នៅគន្លងដាយលេខ៤ និងគន្លងដាយផ្សេងទៀត បានថយចុះ។ នៅគន្លងដាយ ក្នុងភូមិសាស្ត្ររាជធានី ផលចាប់បានរង្វង់ ២០០ គីឡូក្រាម ក្នុងរយៈពេល កន្លះម៉ោង លើកម្តង។

លោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទ តាមគន្លងដាយត្រី ជួលពីរដ្ឋបាល ជលផល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២ ខែ មករា ឆ្នាំ២០២៣ថាៈ កាលពីថ្ងៃទី១ ខែមករា ផលចាប់ត្រីប្រហុក លើកម្តង ក្នុងរយៈពេលកន្លះម៉ោង បានពី ៣៥០ ទៅ ៤០០ គីឡូក្រាម តែនៅព្រឹកថ្ងៃទី២ ខែមករានេះ ផលចាប់បាន ថយចុះ ក្នុងរយៈពេលកន្លះម៉ោង លើកម្តង បានត្រី ក្នុងរង្វង់ ២០០ គីឡូក្រាម ចុះ បន្ទាប់ពីមានភ្លៀង រលឹមតិចតួច ពីរ-បី ដងរួចមក។

អ្នកនេសាទខាងលើ បាននិយាយឱ្យដឹងទៀតថាៈ កាលពីថ្ងៃទី៣១ ខែធ្នូ និងថ្ងៃទី១ ខែមករា ដែលជាថ្ងៃឆ្លងឆ្នាំ ផលចាប់លើកម្តង បានត្រីដល់ជាង ៤០០ គីឡូក្រាម នៅពេលយប់ គ្មានអ្នកទិញ នៅពេលថ្ងៃ ក៏មានអ្នកទិញ មិនច្រើនដែរ។ តម្លៃត្រី នៅផែ មួយគីឡូក្រាមពី ១.០០០ ទៅ ១.១០០ រៀល តែនៅថ្ងៃនេះ ឃើញមាន ប្រជាពលរដ្ឋ មករកទិញច្រើន តែផលចាប់ បានថយចុះ ធ្វើឱ្យតម្លៃត្រី បានឡើង បន្តិចវិញ មួយគីឡូក្រាមពី ១.៥០០ ទៅ ២.០០០ រៀល។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹងដល់ សាធារណជនថាៈ ក្នុងរដូវនេសាទ ឆ្នាំ២០២២-២០២៣ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ ការធ្វើនេសាទ បានត្រីច្រើន ជាពិសេសនៅតាមគន្លងដាយត្រី តាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល​និងរាជធានីភ្នំពេញ ពីថ្ងៃ ៧ កើត ដល់ថ្ងៃ ១២ កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលពីព្យុះភ្លៀង។

នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានសរសេរទៀតថាៈ អាស្រ័យដូចបានជំរាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើ ប្រហុកផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមករកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមាន នៅក្នុងសេចក្តីជូនដំណឹងនេះ។

ក្នុងលិខិតជូនដំណឹង បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជួយបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលដ្ឋ បានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូនតាមការគួរ៕ V / N

( ត្រីសមហរាប់ធ្វើប្រហុកផ្អក )