ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ឈុតកន្ទេលប្រពៃណី ដែលពាក់ដោយនាង ង្វៀន ធីង៉ុកចាវ(Nguyen Thi Ngoc Chau) ក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០២២ បានទទួលរងមតិរិះគន់អវិជ្ជមាន បន្ទាប់ពីមានការកែប្រែរូបសញ្ញានៅលើដៃអាវ។
អ្នករៀបចំកម្មវិធីបវរកញ្ញាចក្រវាលវៀតណាមបានបញ្ជាឱ្យកែប្រែឈុតនេះនៅនាទីចុងក្រោយ មុនពេលនាងចាវហោះទៅសហរដ្ឋអាម៉េរិកនៅថ្ងៃទី ២៦ ខែធ្នូដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងបវរកញ្ញាចក្រវាលឆ្នាំ ២០២៣ បន្ទាប់ពីមានមតិរិះគន់ទៅលើរូបសញ្ញានៅលើដៃអាវដែលតំណាងឱ្យទ្រព្យសម្បត្តិ និងភាពរុងរឿង។
ដោយមិនចង់តំណាងឱ្យវប្បធម៌វៀតណាមបែបនោះ អ្នករៀបចំបានកែឈុតសម្លៀកបំពាក់នេះឡើងវិញដើម្បីឱ្យដៃអាវត្រូវបានតុបតែងដោយផ្កាឈូកជំនួសវិញដែលជាការផ្សព្វផ្សាយវប្បធម៌វៀតណាមដែលមិនសូវចម្រូងចម្រាស។ប៉ុន្តែបន្ទាប់មក អ្នករិះគន់បាននិយាយថា រូបសញ្ញាថ្មីនេះគឺឆ្គង ហើយមិនត្រូវគ្នានឹងគំនិតដើមនៃការរចនារ៉ូបនេះនោះទេ។
នាយកបវរកញ្ញាចក្រវាលវៀតណាម លោក ហ៊ុញ តាន់ហ្វាត់ (Huynh Tan Phat) បាននិយាយថា ផ្កាឈូកហាក់ដាក់ខុសកន្លែងក្រៅពីចំណុចលម្អិតផ្សេងទៀតនៅកែងដៃអាវ។ ពួកអ្នករិះគន់បាននិយាយថា បើគ្មានរូបសញ្ញាដើមដែលតែងតែតុបតែងនៅលើកន្ទេលប្រពៃណីរបស់វៀតណាម នោះសម្លៀកបំពាក់នេះបានបាត់បង់អត្ថន័យនិងតម្លៃរបស់វាហើយ។
ប៉ុន្តែវាមិនមែនគ្រាន់តែជាការកែប្រែចំណុចលម្អិតទេដែលបង្កើនចម្ងល់ សម្លៀកបំពាក់ខ្លួនឯងផ្ទាល់ក៏ទទួលបានមតិអវិជ្ជមានផងដែរ។ អ្នករិះគន់មួយចំនួនបានលើកឡើងថា កន្ទេលមិនមែនជាអ្វីដែលគួរដាក់បញ្ចូលក្នុងសម្លៀកបំពាក់នោះទេ។
ចំពេលមានភាពចម្រូងចម្រាសនេះ អ្នករចនាម៉ូត លោក ឡេ ឡុងយុង (Le Long Dung) ដែលបានជ្រើសរើសឈុត Chieu Ca Mau (កន្ទេលកាមូ) សម្រាប់នាងចាវបានឆ្លើយតបវិញដោយនិយាយថា ឈុតនេះត្រូវបានសន្មត់ថាជាការរម្លឹកឡើងវិញដល់ប្រជាជនវៀតណាមនៅតំបន់ភាគអាគ្នេយ៍ និងពណ៌ត្រូពិចនៃភូមិសិប្បកម្មប្រពៃណីក្នុងតំបន់។
លោកយុងបន្តថា កន្ទេលនេះមានទំនាក់ទំនងជាមួយជីវិតមនុស្សតាំងពីកើតរហូតដល់ស្លាប់។ ដូច្នេះកន្ទេលមិនត្រឹមតែមានន័យថាទីបញ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់ផ្តើមផងដែរ។ គាត់តវ៉ាថា គ្មានអ្វីខុសជាមួយអ្នករចនាម៉ូតដែលប្រើកន្ទេលជាការបំផុសគំនិតនោះឡើយ៕
ឈុតកន្ទេលប្រពៃណីរបស់នាងចាវកំពុងរងការរិះគន់