ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំ មិទ្ទិញខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះ៧មករា (១៩៧៩-២០២៣) បន្តការចាក់វ៉ាក់សាំង និងបូកសរុបលទ្ធផលការងារ រយៈពេល ៥ ឆ្នាំ។

លោក អម សុភា បានប្រសាសន៍ថាៈ ដើម្បីប្រារព្ធមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះ ៧មករា រដ្ឋបាលខេត្ត បានបង្កើតអនុគណៈកម្មការ ទទូលខុសត្រូវ លើដំណើរការរៀបចំមិទ្ទិញខួបអនុស្សាវរីយ៍ លើកទី៤៤ ទិវាជ័យជំនះ៧ មករា ឆ្នាំ១៩៧៩ និង ៧ មករា ឆ្នាំ២០២៣ ឱ្យការរៀបចំទៅដោយរលូន នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង។

លោកក៏បានជំរុញដល់មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការសម្អាត ដាក់ពាក្យស្លោក និងតុបតែងភ្លើងពណ៌ ដើម្បីឱ្យមានសោភ័ណ ភាពស្រស់ស្អាត នៅតាមស្ថាប័នរបស់ខ្លួន។

លោក អម សុភា ក៏បានជំរុញឱ្យមន្ទីរជំនាញ សហការការជាមួយ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ក្តាប់ឱ្យបាននូវទិន្នន័យ និងបន្តចាក់វ៉ាក់ ជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ៗដូស ទាំងកុមារ និងមនុស្សចាស់ ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ ១៩ កុំឱ្យកើតមានក្នុងមូលដ្ឋាន ទទួលខុសត្រូវរបស់ខ្លួន។

លោក អម សុភា បានផ្តាំផ្ញើឱ្យមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកទាំង៨ ត្រូវបូកសរុបនូវលទ្ធផលការងារ រយៈពេល ៥ ឆ្នាំ ជាពិសេសកំណត់សមិទ្ធកម្ម និងសូចនាករ គោលដៅ ឱ្យបានច្បាស់លាស់ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ជាពិសេសកំណត់បញ្ហាប្រឈម ក្នុងការអនុវត្តកន្លងមក ឱ្យចំគោលដៅ ដើម្បីធ្វើការដោះស្រាយ និងបទពិសោធន៍ សម្រេចនូវផែនការសកម្មភាព តាមវិស័យនីមួយៗ ដើម្បីរៀបចំបន្តអនុវត្ត ក្នុងការអភិវឌ្ឍ ឱ្យកាន់តែទទួលបាន សមិទ្ធផលថ្មីៗថែមទៀត៕ V / N