ដោយៈ បូកគោ / កែបៈ សមត្ថកិច្ច បានបញ្ជូនសំណុំរឿង ស្តីអំពីការបៀតបៀន ប្រពន្ធគេ និងបង្ករបួសស្នាម ដល់ស្ត្រីម្នាក់ទៀត ដល់តុលាការ ស្របពេលអតីត អភិបាលរងខេត្តកែប ដែលរងបណ្តឹង កំពុងគេចខ្លួន។

នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានបញ្ជាក់ថាៈ ស្នងការដ្ឋាន បានបញ្ជូន សំណុំរឿង លោក ភូ លិ អតីតអភិបាលរងខេត្តកែប ក្រោមបទសង្ស័យបៀតបៀន និងបង្ករបួសស្នាម ទៅសាលាដំបូង រួចរាល់ហើយ។ ពេលនេះ សមត្ថកិច្ច កំពុងរង់ចាំអនុវត្តបន្ត ក្រោយពីមានសេចក្តីសម្រេចតាមឆន្ទានុសិទ្ធិរបស់តុលាការ។
លោកស្នងការ បានបញ្ជាក់ទៀតថាៈ អតីតអភិបាលរងខេត្តកែប រូបនោះ បានគេចខ្លួន បន្ទាប់ពីបង្កហេតុភ្លាមៗ

សូមរំលឹកថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ភូ លិ បានអញ្ជើញ ចូលរួម ក្នុងពិធីជប់លៀងអបអរសាទរ ពិធីចូលកាន់តំណែង ប្រធានមន្ទីរបរិស្ថាន ខេត្តកែប។ កាលនោះ ដោយមានភាពស្រវឹងជាប់ខ្លួនផង លោកអតីតអភិបាលរង ខេត្តរូបនេះ បានដើរទៅតុមួយ រួចថើបក្បាលស្ត្រីឈ្មោះ ទ.ម.រ ក្នុងបំណងបៀត បៀន។ បន្ទាប់ពីសាមីខ្លួន ហាមមិនឲ្យធ្វើទង្វើមិនសមរម្យបែបនេះ ព្រោះនាងមានប្តី លោក ភូ លិ ក៏ត្រឡប់ទៅតុវិញ។ មួយសន្ទុះក្រោយមក អតីតអភិបាលរងខេត្ត ក៏ដើរមកម្តងទៀត ទើបស្រ្តីម្នាក់ ជាបងប្អូនរបស់ស្ត្រី ទ.ម.រ បាននាំនាងចេញ បំណងត្រឡប់ទៅផ្ទះវិញ ខ្លាចក្រែងមានបញ្ហាកើតឡើង។ ឃើញដូច្នោះ លោក ភូ លិ ក៏យកកែវស្រា គប់សំដៅទៅលើស្ត្រី ទ.ម.រ តែចៃដន្យ កែវនោះ បានត្រូវចំ អ្នកនាំចេញ បណ្តាលឲ្យបែកក្បាល ហូរឈាមស្រោចខ្លួន ត្រូវគ្រូពេទ្យដេរ ចំនួន ១៦ ថ្នេរ។ ក្រោយកើតហេតុ ស្ត្រីរងគ្រោះទាំង ២ នាក់ បានដាក់បណ្តឹងចូលសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជាមួយនេះដែរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានចេញ អនុក្រឹត្យលេខ ១២០២ អនក្រ.តត មានខ្លឹមសារថា ត្រូវបានបញ្ចប់មុខតំណែង លោក ភូ លិ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ពីអភិបាលរងខេត្តកែប ៕ V / N