ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមការងារសាខា តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានលើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋ ប្រកបរបរជាអ្នករើសអេតចាយនៅទីលានចាក់សំរាមដង្កោទាំងអស់ ត្រូវមានក្តីសង្ឃឹមជានិច្ច និងត្រូវជឿជាក់លើការ ដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដោយមិនត្រូវអស់សង្ឃឹម ឬ បោះបង់ចោលការតស៊ូក្នុងឆាកជីវិតឡើយ ដរាបណាប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍ បងប្អូនប្រជាពលរដ្ឋក្រីក្រ នៅតែមានឱកាសយ៉ាងពេញលេញ ក្នុងការពូនជ្រុំសេដ្ឋកិច្ចគ្រួសារ បង្កើនចំណូលជីវភាព និងការគាំទ្រយកចិត្តទុកដាក់ជាប់ជាប្រចាំពី សំណាក់ប្រមុខរាជរដ្ឋាភិបាលជារៀងដរាប។

លោកស្រី បានលើកទឹកចិត្តបែបនេះ ខណៈលោកស្រីនាំយកអំណោយកាកបាទក្រហមកម្ពុជា និង អំណោយសប្បុរសជន មកចែកជូនពលរដ្ឋ៣៨០គ្រួសារ ប្រកបរបរជាអ្នករើសអេតចាយនៅទីលានចាក់សំរាមដង្កោ កាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ។
លោកស្រី បានមានប្រសាសន៍លើកឡើងថា សម្តេចទាំងទ្វេរ និងថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានីភ្នំពេញ ជានិច្ចជាកាលតែងតែបានគិតគួរ និងយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ ទីណាមានទុក្ខលំបាកគឺ មានសម្ដេចទាំងទ្វេរ។

លោក ស្រី បានបញ្ជាក់ផងដែរ អំណោយ ដែលត្រូវចែកជូននាពេលនេះ មិនអាចសម្រាលជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ឱ្យរួចផុតពីទុក្ខលំបាកបានទាំងស្រុងនោះទេ ប៉ុន្តែសកម្មភាពនេះបានបង្ហាញឱ្យឃើញ អំពីការយកចិត្តទុកដាក់ សម្រាលការលំបាក វប្បធម៌ នៃការចែករំលែកនិងជាការចូលរួមគាំពារដោះស្រាយដោយផ្ទាល់ ជួយដល់ប្រជាពលរដ្ឋ ក្រីក្រ ដោយគ្មានការរើសអើង ស្របតាមអនុសាសន៍ដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ពោលគឺមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយឡើយ។

លោកស្រី ក្នុងឱកាសនោះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីសុខភាព រស់នៅមានអនាម័យ បន្តចូលរួមទប់ស្កាត់ និងការពារ ជំងឺរាតត្បាត កូវីដ-១៩ទាំងអស់គ្នា ព្រោះវាមិនទាន់ទៅឆ្ងាយពីយើងគ្រប់គ្នានៅឡើយទេ។

លោកស្រី គឹម ញឹប ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានបញ្ជាក់ជូនថា បងប្អូនប្រកបរបររើសសំរាម នៅទីលានចាក់សំរាមដង្កោសរុបមានចំនួន ៣៨០គ្រួសារនេះ ក្នុងនោះមកពីខណ្ឌមានជ័យ ចំនួន ៨៣ គ្រួសារ មកពីស្រុកស្អាងខេត្តកណ្តាលចំនួន១៤គ្រួសារ និងមានក្នុងខណ្ឌដង្កោចំនួន២៨៣គ្រួសារ។ កន្លងមកបងប្អូនប្រជាពលដ្ឋទាំងនេះ ធ្លាប់ទទួលអំណោយចំនួន៥លើករួមមកហើយ ក្នុងរួមមាន អំណោយរបស់សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោនាយករដ្ឋមន្ត្រី តាមរយៈ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចំនួន០៣លើក អំណោយ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានមូលនិធិហោណាំហុងបួរីហោ១លើក អំណោយពីក្រុមការងារ លោកលី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងថ្ងៃនេះ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមការងារសាខានាំអំណោយរបស់កាកបាទក្រហមកម្ពុជា និងសប្បុរសជនមកចែកជូនបន្ថែមទៀត៕/PC