ដោយ៖ដេប៉ូ/ភ្នំពេញ´: ក្រសូងអប់រំ យុវជន និង កីឡា បានរៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ដែលជាថ្ងៃនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបគ្រប់អាយុសិក្សា និង ព្រមជាមួយថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្ស គ្រប់កម្រិតថ្នាក់ ទូទាំងប្រទេស។

ក្រសួងអប់រំបានឱ្យដឹងថា នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ លោក បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ជានិមិត្តរូបនៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ថ្លែងក្នុងពិធីនេះលោក រដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ជាពិសេសគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងធនធានសរុប ក្នុងការដឹកនាំ និងបន្តដំណើរការសាលារៀន ព្រមទាំងការបំពេញការងារដទៃទៀត តាមគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព ជាពិសេសបានបិទបញ្ចប់ឆ្នាំសិក្សា ២០២១-២០២២ ប្រកបដោយសុវត្ថិភាព និងត្រៀមរួចរាល់សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបន្តគាំទ្រ និងបង្កើនថវិកាមូលនិធិដំណើរការសាលារៀនជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២៣ នេះក្រសួងនឹងផ្តល់ការលើកទឹកចិត្តដល់សាលារៀនដែលបាននិងកំពុងអនុវត្តកំណែទម្រង់កម្រិតសាលារៀនបានល្អ ដូចជាការលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព នៃការដឹកនាំនិងគ្រប់គ្រងសាលារៀនការដឹកនាំ ការរៀន និងបង្រៀន ការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្សសហគមន៍ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសាលារៀន ជាដើម។ល។ គួរបញ្ជាក់ថាចាប់ពីឆ្នាំ២០២៣ ក្រសួងបានដាក់ចេញនូវអាទិភាពចំនួន ៨ ចំណុច ដើម្បីឆ្លើយតបនឹង បរិវត្តកម្មការអប់រំរួមមាន៖ ១)ការបើកដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញ និងការបន្តការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ២)កំណែទម្រង់សាលារៀន ៣) ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនប្រកបដោយគុណភាពកម្រិតខ្ពស់ ៤)ការអប់រំឌីជីថល ៥)ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ៦)ការអភិវឌ្ឍបំណិនសតវត្សទី២១ សម្រាប់យុវជន ៧)ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅឧត្តមសិក្សា និង៨)ការពង្រឹងប្រព័ន្ធអប់រំ និងកសាងសមត្ថភាពស្ថាប័ន។

ដោយឡែកក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរជន គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានាបាននូវដំណើរការសាលារៀន និងការបង្រៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលតាមគ្រប់រូបភាពក្នុងអំឡុងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ ទទួលបានលទ្ធផលល្អប្រសើរ សម្តេចតេជោ បានផ្តល់អនុវសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធត្រូវបន្តអនុវត្ត និងគាំទ្រដល់ “ការអប់រំតាមបែបឌីជីថល” ដើម្បីឱ្យកម្ពុជាអាចឈាន និងឆ្លើយតបនឹងទៅស្ថានភាពជាតិ តំបន់ និងសាកលលោក។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ត្រូវបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមឱ្យបានសស្រាក់សស្រាំក្នុងអំពើល្អ ដើម្បីការរីកចម្រើនក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ៕/R