ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បុរស ដែលធ្វើឱ្យក្តីស្រមៃរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការរុករកទីអវកាសក្លាយជាការពិត បានស្លាប់នៅអាយុ៧៤ឆ្នាំ។
លោក វ្ល៉ាឌីមៀ ណេស្តេរ៉ូវ (Vladimir Nesterov) គឺជាអ្នកស្លាប់ចុងក្រោយបង្អស់ក្នុងឆ្នាំ២០២២ ក្នុងចំណោមឥស្សរជនរបស់រុស្ស៊ីនិងជាមន្ត្រីទី៤ដែលគេរាយការណ៍ថាស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ២០២២។
គាត់បានត្រួសត្រាយបង្កើតរ៉ុក្កែត Angara ថ្មីបំផុតរបស់ពិភពលោក និងជាអតីតអគ្គនាយកនៃមជ្ឈមណ្ឌលគ្រូសឆេវ (Khrunichev)ដែលលោកពូទីនសង្ឃឹមថានឹងជួយសម្រួលដល់បេសកកម្មមនុស្សដំបូងបំផុតរបស់រុស្ស៊ីទៅកាន់ឋានព្រះចន្ទ។
ចាប់តាំងពីឆ្នាំ ២០១៤ មក លោកណេស្តេរ៉ូវបានរងការចោទប្រកាន់ជាបន្តបន្ទាប់អំពីការឆបោកនិងការកេងបន្លំ។
អាជ្ញាធរបានចោទប្រកាន់គាត់ពីបទស៊ីសំណូករហូតដល់ ៥៧ លានផោន ហើយគាត់ត្រូវបានឃុំខ្លួនក្នុងផ្ទះដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែម។
មូលហេតុនៃការស្លាប់របស់លោកណេស្តេរ៉ូវមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។
លោក អាឡិចសាន់ឌឺ ប៊ូហ្សាកូវ (Alexander Buzakov) អាយុ ៦៥ ឆ្នាំ ជាអគ្គនាយកនៃក្រុមហ៊ុន Admiralty Shipyards ដែលទទួលបន្ទុកសាងសង់នាវាមុជទឹកថ្មីបំពាក់ដោយកាំជ្រួច Kalibr ដ៏ប្រល័យ ក៏ស្លាប់មិនបានរំពឹងទុកកាលពីដើមសប្តាហ៍មុនផងដែរ។
ហើយឧត្តមសេនីយ៍ អាឡិចសី ម៉ាស្លូវ (Alexei Maslov) អាយុ ៦៩ ឆ្នាំ ជាអតីតមេបញ្ជាការកងកម្លាំងជើងគោករុស្ស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ុយក្រែនបានទទួលមរណភាពភ្លាមៗនៅថ្ងៃបុណ្យណូអែល បន្ទាប់ពីលោកពូទីនបានលុបចោលការធ្វើដំណើរទៅកាន់សហគ្រាសផលិតរថក្រោះ ដែលគាត់ធ្វើការជាឯកអគ្គរដ្ឋទូតផ្នែកលក់អន្តរជាតិ។
លោកប៊ូហ្សាកូវមានសុខភាពល្អធម្មតា នៅមួយថ្ងៃមុនពេលគាត់ស្លាប់ ហើយ “គ្មានដំណឹងណានិយាយអំពីបញ្ហាសុខភាពរបស់លោកម៉ាស្លូវនោះដែរ”។
លោកម៉ាស្លូវធ្លាប់ជាមេបញ្ជាការកងទ័ពជើងគោករុស្ស៊ីចន្លោះឆ្នាំ ២០០៤ ដល់ ២០០៨។
ដូចគ្នានេះដែរ មហាសេដ្ឋីសាច់ក្រកនិងជាសមាជិកសភារុស្ស៊ីលោក ផាវែល អានតូវ (Pavel Antov) អាយុ ៦៥ឆ្នាំបានធ្លាក់ស្លាប់ពីបង្អួចក្នុងសណ្ឋាគារឥណ្ឌានៅក្នុងករណីមួយផ្សេងទៀតដែលបង្កឱ្យមានការសង្ស័យយ៉ាងខ្លាំង។
កាលពីខែមិថុនា លោកអានតូវបានរិះគន់សង្គ្រាមនៅអ៊ុយក្រែន និងការវាយប្រហារតាមអាកាសលើទីក្រុងគៀវថាជា “អំពើភេរវកម្ម” របស់រុស្ស៊ី ដែលធ្វើឱ្យជនស៊ីវិលអ៊ុយក្រែនស្លាប់និងរបួស។
គាត់បានគូសបញ្ជាក់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ថា “ក្មេងស្រីម្នាក់ត្រូវបានទាញចេញពីក្រោមគំនរបាក់បែក ឪពុករបស់ក្មេងស្រីទំនងជាបានស្លាប់ហើយ”។
“ម្តាយកំពុងត្រូវគេព្យាយាមទាញចេញដោយប្រើដងស្ទូច នាងជាប់នៅក្រោមបន្ទះបេតុង។ និយាយប្រាប់ការពិតទៅចុះ វាពិតជាពិបាកណាស់ក្នុងការហៅវាថាជាទង្វើអ្វីផ្សេងក្រៅតែពីអំពើភេរវកម្ម”៕
លោក វ្ល៉ាឌីមៀ ណេស្តេរ៉ូវ ស្លាប់យ៉ាងអាថ៌កំបាំងកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២