ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: ស្នូរជួងបានបន្លើឡើងម៉ឺងៗ បញ្ជាក់ថា “នាថ្ងៃច័ន្ទទី ០២ ខែមករាឆ្នាំ ២០២៣ ជាថ្ងៃចូលរៀនដំបូងរបស់សិស្សានុសិស្ស សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ដោយកម្មវិធីថ្នាក់ខេត្ត មន្ទីរអប់រំ យុវជននិងកីឡា ខេត្តបន្ទាយមានជ័យ បានរៀបចំឡើងនៅសាលាបឋមសិក្សាសូភី ក្នុងក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានលើកឡើងថា ថ្ងៃនេះគឺមានអត្ថន័យធំធេងប្រកបដោយមោទនភាព សុទិដ្ឋិនិយម ជំនឿជាក់ នាំមកនៅភាពសប្បាយរីករាយរបស់សិស្សានុសិស្សទូទាំងខេត្តបន្ទាយមានជ័យ អបអរសាទរថ្ងៃ ២ មករា នៃបវេសនកាលដែលបានឆ្លុះបញ្ចាំង ដាស់រំលឹកដល់សិស្សានុសិស្ស អាណាព្យាបាល អំពីការចាប់ផ្ដើមសិក្សាថ្មី២០២៣ ។ ចាប់ពីថ្ងៃនេះរហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣ ដូចនេះការសិក្សាពិតប្រាកដមានតែ ៣៨ សប្តាហ៍ប៉ុណ្ណោះ។ ចំនួន ៣៨ សប្តាហ៍គឺជាថេរៈវេលាខ្លី ដែលយើងទាំងអស់គ្នាជាសិស្សត្រូវតែខិតខំប្រឹងប្រែងប្រមូលផ្ដុំកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងឆន្ទៈមោះមុត គិតគូស៊ីជម្រៅនិងបោះជំហានទៅមុខព្រមៗគ្នា ដើម្បីបុព្វហេតុនៃការអប់រំសម្រាប់ទាំងអស់គ្នា ។ ដើម្បីកុមារាកុមារី សិស្សានុសិស្សដែលនិងធានាឲ្យពួកគេខ្លាចជាកូនល្អ សិស្សល្អ មិត្តល្អនិងពលរដ្ឋល្អ។

លោក បន្តថា នៅទូទាំងខេត្តកាលពីឆ្នាំសិក្សា២០២១-២២ កន្លងមកមានសាលាចំណេះទូទៅរដ្ឋ (សាធារណ:) ពីមត្តេយ្យដល់វិទ្យាល័យ ចំនួន៨២២កន្លែង មានសិស្សសរុប១៦៤.១៣១នាក់/ស្រី៨២.៤៧៣នាក់ មានបុគ្គលិកក្របខ័ណ្ឌសរុប៥.៨៩៩នាក់/ស្រី២.៨៦៨នាក់ ។មានគ្រឹះស្ថានឧត្តមសិក្សា៤កន្លែង ក្នុងនោះរដ្ឋមានមួយកន្លែង ។

វិស័យអប់រំ ឆ្នាំសិក្សាកន្លង ខេត្តសម្រេចបានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ជាប់៧.៤៣៣នាក់/ ស្រី៤ ១១៣នាក់ស្មើ៩៦,៧១ % ។ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ជាប់៣.៩០១នាក់ /ស្រី២.៣៥៦នាក់ ត្រូវជា៦៩,២៩% ។ក្នុងនោះ និទ្ទេស A ៤៩នាក់ (ត្រូវជាលំដាប់លេខ៧ ទូទាំងប្រទេស) ,B ៣១៦នាក់.,C ៨៤១នាក់,D ១.៣៤០នាក់,E ១.៣៥៥នាក់ ។ចំពោះ ការប្រឡងសិស្សពូកែថ្នាក់ជាតិផ្នែកមធ្យមសិក្សា មានសិស្សថ្នាក់ទី៩ម្នាក់ លើវិញសារអក្សរសិល្ប៍,ទី១២ ម្នាក់លើវិញ្ញាសាររូបវិទ្យា។ រីឯកីឡា លទ្ធផលលើកីឡាជាតិលើកទី៣ បានមេដាយប្រាក់៨គ្រឿងលើវិញ្ញាសារប្រដាល់និងតែក្វាន់ដូរ,TIF និងតែក្វាន់ដូរWT ។មេដាយសំរឹទ្ធិ១១គ្រឿង លើវិញ្ញាសារបាល់ទះនារី , វិញ្ញាសារប្រដាល់និងតែក្វាន់ដូរ,TIF និងតែក្វាន់ដូរWT។ កីឡាសិស្សបឋមសិក្សា បានជម្រើសជើងឯកជាតិ មេដាយមាស១ លើវិញ្ញាសារតៃក្វាន់ដូរ TIF ។ និងប្រណាំងទូកខ្នាតអន្តរជាតិ(កូននាគ) ជើងឯកជាតិ ពានរង្វាន់សម្តេចក្រឡាហោមស ខេង …។

លោក អ៊ុំ រាត្រី អភិបាលខេត្តបានអាននៅសាលលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនាឆ្នាំ ២០២៣នេះ ដោយមានខ្លឹមសារបញ្ជាក់ថា ដោយឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកអប់រំ សិស្សានុសិស្សបានយ៉ាងហោចចំនួន៣ដូស ។

លោកបានបន្តថា : វាបានធ្វើឱ្យយើងបានរៀនសូត្រយ៉ាងមានប្រសិទ្ធភាព នូវគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំដែលក្នុងនោះ យើងបានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំនិងសិស្សានុសិស្សជាកត្តាអទិភាព ការអនុវត្តយ៉ាងខ្ចាប់ខ្ជួននូវវិធានការ៣កុំ៣ការពារ ដើម្បីធានាបាននៅសុវត្ថិភាពក្នុងការរៀនសូត្ររបស់សិស្សានុសិស្សយើង៕R