ដោយ៖មុនីរ័ត្ន/ព្រះសីហនុ៖សាលារៀនមិនត្រឹមតែជាទីកន្លែងសុវត្ថិភាពសម្រាប់កុមាររៀនសូត្រប៉ុណ្ណោះទេ តែជាកន្លែងបណ្ដុះនូវប្រាជ្ញាស្មារតី និងជំនាញរបស់កុមារតូច ដែលជាមនុស្សវ័យក្មេងដំបូង ដែលត្រូវបន្តវេនដឹកនាំសង្គមជាតិទៅអនាគតគឺប្រៀបបាននឹងទំពាំង ដែលស្នងឫស្សីដូចច្នោះដែរ។ដើម្បីបានឬស្សីល្អ យើងត្រូតែថែទាំទំពាំងឱ្យបានល្អ ហើយដើម្បីឱ្យកុមារក្លាយជាយុវជន ក្លាយជាសសរទ្រូងប្រទេសជាតិបានល្អត្រឹមត្រូវពិតប្រាកដ យើងត្រូវតែផ្ដល់ឱ្យកុមារទទួលបានការថែទាំសុខភាពនិងការអប់រំ ពេញលេញ ដោយត្រូវមានការចូលរួមពីស្ថាប័នពាក់ព័ន្ធទាំងអស់។នេះជាការលើកឡើងរបស់លោកស្រី សេង សុមេត្តា ក្នុងនាម លោក  សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាមត្តេយ្យក្រុងព្រះសីហនុខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២ខែមករានេះ។

លោកជំទាវ សេង សុមេត្តា ក្នុងនាម ឯកឧត្តម​ សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើក
បវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាមត្តេយ្យក្រុងព្រះសីហនុ(រូបថតក្រុមការងារ)

ថ្លែងក្នុងឱកាសនេះលោកស្រី​បានរំលឹកថាការអភិវឌ្ឍរបស់កុមារជាទូទៅគេយល់ថាតួនាទីសំខាន់បំផុតជារបស់ ឪពុកម្តាយ។   ឪពុកម្តាយគឺជាគំរូដ៏អស្ចារ្យបំផុត ដែលប៉ះពាល់ដល់តម្លៃ និងគំនិតរបស់កុមារការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារនិងការទទួលបានទម្លាប់ល្អ។ការខិតខំប្រឹងប្រែងរបស់មាតាបិតាកំណត់ថាតើសក្តានុពលរបស់កុមារនឹងត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវឬយ៉ាងណា ហើយថាតើកុមារនឹងធំឡើងដោយរីករាយ និងជោគជ័យដែរឬទេ?។លោកស្រីបន្តថាមត្តេយ្យសិក្សាក៏មានសារសំខាន់ខ្លាំងដល់ការលូតលាស់បញ្ញាស្មារតីរបស់កុមារ។សាលាមត្តេយ្យគឺជាកន្លែងដំបូងដែលកុមារនឹងចំណាយពេលច្រើននៅឆ្ងាយពីឪពុកម្តាយរបស់ពួកគេដែលជាកន្លែងដែលគ្រូបង្រៀនរហូតដល់ចំណុចមួយគ្រប់គ្រងការចិញ្ចឹមបីបាច់របស់កុមារពីឪពុកម្តាយ។ការអប់រំគ្រប់គ្រាន់ជួយឱ្យកុមារក្លាយជាយុវជនដែលជាសមាជិកពេញលេញនៃសង្គម។ ចំណេះដឹងផ្ដល់នូវមូលដ្ឋានសម្រាប់អាជីពជោគជ័យ ឋានៈសង្គមខ្ពស់ ជីវិតសមរម្យនិងឱកាសដើម្បីសម្រេចមហិច្ឆតា របស់មនុស្សម្នាក់។

លោកស្រី សេង សុមេត្តា បានរំលេចបន្ថែមទៀតថា មាតាបិតាអាចមានប្រយោជន៍ក្នុងដំណើរការនេះ ប៉ុន្តែទំនួលខុសត្រូវដ៏ធំបំផុតនៅតែស្ថិតនៅលើគ្រូបង្រៀន ពីព្រោះ សាលាមិនត្រឹមតែរួមបញ្ចូលអក្សរ និងលេខប៉ុណ្ណោះទេ ប៉ុន្តែក៏មានគ្រូបង្រៀន និងប្រព័ន្ធអប់រំទាំងមូលផងដែរ ដែលសិស្សត្រូវបានបង្រៀនពីការគិតប្រកបដោយការពិចារណា ភាពស្មោះត្រង់និងមនុស្សធម៌។ទាំងនេះគឺជាមេរៀនដែលមិនអាចកាត់ថ្លៃបានដែលនៅជាមួយមនុស្សម្នាក់ពេញមួយជីវិតរបស់ពួកគេ៕សរន

​​​

លោកជំទាវ សេង សុមេត្តា ក្នុងនាម ឯកឧត្តម​ សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើក
បវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាមត្តេយ្យក្រុងព្រះសីហនុ(រូបថតក្រុមការងារ)