ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ យុទ្ធនា​ការធ្វើ​អត្តសញ្ញាណ​បណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ភូមិ និង​តាម​ខ្នង​ផ្ទះ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល ៣១​ថ្ងៃ (១​ខែ​) គឺ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២ អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ​បានធ្វើ​ជូន​ប្រជាពលរដ្ឋ​ចំនួន ២៣.១៦៥​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២​នេះ​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្តថា យុទ្ធនាការ​នេះ គឺ​ពិតជា​ល្អ ដែល​បានផ្តល់​សេវា​កាន់តែ​កៀក​ដល់​ប្រជាពលរដ្ឋ បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​មក​ធ្វើ​អត្តសញ្ញាណ​បណ្ណ ដោយ​ពួកគាត់​បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តួចផ្តើម​នឹង​ជម្រុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ផ្នែក​ក​អត្តសញ្ញាណ​បណ្ណ គឺ​ចុះ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាម​ភូមិ និង​តាម​ខ្នង​ផ្ទះ ហើយ​វា​ជា​ចំណុច​មួយ​ល្អ​ដែលមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​។​

​សូមជម្រាបថា នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ និង​ជំរុញ​បន្ថែម ក្នុងការ​ផ្សព្វផ្សាយ ដើម្បី​ព​ន្លឿ​ន​ក្នុង​ការធ្វើ​អត្តសញ្ញាណ បណ្ណ​សញ្ជាតិ​ខ្មែរ ប្រភេទ​ថ្មី ជូន​ដល់​ប្រជាពលរដ្ឋ ទាំង ២ ភេទ ដែល​គ្រប់​អាយុ ១៥​ឆ្នាំ និង​សម្រាប់​ប្រពល​រដ្ឋ ដែលមាន​អត្តសញ្ញាណ​បណ្ណ​ហួស​សុពលភាព និង​សល់​សុពលភាព ត្រឹម ៩០ ថ្ងៃ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ដាស់តឿន និង​ព​ន្លឿ​ន​បន្ថែម​ក្នុង​យុទ្ធនាការ នៃ​ការចុះ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គាត់​ចំណេញ​ទាំង​ពេលវេលា ដើម្បី​យកទៅ​ប្រកប​របរ​រកស៊ី​ផ្សេងៗ គឺ​មិនចាំបាច់​ពិបាក​មក​រង់ចាំ​ទៀត​ទេ​៕