ដោយបាយ័ន/សៀមរាប៖ ថ្ងៃទី២ខែ មករា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ដែលសិស្សានុសិស្សទាំងបឋមសិក្សា និងមធ្យមសិក្សាចូលមកកាន់សាលារៀនជាថ្ងៃដំបូងរបស់ខ្លួន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ថ្ងៃនេះដែរ យើងសង្កេតឃើញ សិស្សានុសិស្សនៅគ្រប់បណ្តាសាលាបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ទាំងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បានមកជួបជុំគ្នាប្រារព្ធធ្វើពិធីអបអរសាទរ ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី។ ក្នុងនោះក៏មានវត្តមានរបស់អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ និង មាតាបិតា អាណាព្យាបាលសិស្សចូលរួមផងដែរ។
នាព្រឹកនោះដែរនៅគ្រប់បណ្តាគ្រឹះស្ថានសិក្សាទាំងអស់ក៏មានរៀបចំធ្វើក្បួនដង្ហែទៅតាមដងវិថីនានាក្នុងក្រុងសៀមរាប ប្រកបទៅដោយសណ្តាប់ធ្នាប់រៀបរយ ដោយមានការរំលេចនូវបដាពាក្យស្លោកធំៗ ដែលមាន ខ្លឹមសារ អត្ថន័យ ក្នុងការលើកស្ទួយ និង អភិវឌ្ឍន៍វិស័យអប់រំ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។
នាឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ នៅវិទ្យាល័យ ១០មករា ១៩៧៩ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អអភិបាលខេត្ត បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣។សារលិខិតមានខ្លឹមសារយ៉ាងជ្រាលជ្រៅទាក់ទងនឹងវិស័យអប់រំនិងអនុសាសន៍មួយចំនួន។
ទន្ទឹមគ្នានេះលោកអភិបាលរងខេត្តក៏បានអំពាវនាវឱ្យយកចិត្តទុកដាក់ដល់កុមារឱ្យ ទទួលបានការអប់រំប្រកបដោយសមធម៌និងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្នុងការបង្កើតបរិស្ថានរៀនសូត្រដល់សិស្សានុសិស្សឱ្យប្រកបដោយផាសុកភាពទាំងផ្លូវកាយ និងផ្លូវចិត្តពោល៕សរន / N