ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មេដឹកនាំចលនាខ្មែរឥស្លាមថ្នាក់ជាតិ របស់គណបក្សភ្លើងទៀន និងជាអតីតមេដឹកនាំចលនាខ្មែរឥស្លាមថ្នាក់ជាតិ នៃអតីតគណបក្សភ្លើងទៀន បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀន និងសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ។
ថ្នាក់ដឹកនាំចលនាខ្មែរឥស្លាមថ្នាក់ជាតិ របស់គណបក្សភ្លើងទៀនទាំងនេះមានដូចជា លោក ឯល រ៉ាហ្វើត ប្រធានថ្នាក់ដឹកនាំចលនាខ្មែរឥស្លាមថ្នាក់ជាតិ , លោកស្រី លាស់ អាម៉ី អនុប្រធានថ្នាក់ដឹកនាំចលនាខ្មែរឥស្លាម និងលោក ម៉ាន រន្នី លេខាធិការចលនាឥស្លាមថ្នាក់ជាតិ។
យោងតាមលិខិតរបស់ថ្នាក់ដឹកនាំចលនាខ្មែរឥស្លាមថ្នាក់ជាតិ របស់គណបក្សភ្លើងទៀន ទាំងបីរូប គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា “ដោយពួកយើងទាំងអស់គ្នាមើលឃើញនូវគោលនយោបាយនិងការដឹកនាំប្រទេសរបស់សម្ដេចតេជោ ប្រធានគណបក្សជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការដឹកនាំប្រទេសមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសប្រជាជនកម្ពុជារស់នៅក្រោមដំបូលសន្តិ ភាពរបស់សម្ដេចតេជោ គឺប្រជាជនរស់នៅសុខសាន្តរស់នៅដោយសុភមង្គល ទើបយើងខ្ញុំទាំងអស់គ្នាបានសម្រេចចិត្តវិលត្រឡប់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ នៅក្រោមដំបូលសុខសន្តិភាព ជាពិសេសក្នុងការបម្រើផលប្រយោជន៍ជាតិជាធំ ហើយពួកយើងទាំងអស់គ្នាសូមសច្ចាថា និងស្មោះត្រង់ជាមួយសម្តេចតេជោ ព្រមទាំងស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជាអស់មួយជីវិត ។
លិខិតបានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគតយើងខ្ញុំ និងសន្យាថា នឹងខិតខំបំពេញការងារជួយអូសទាញ សាច់ញាតិបងប្អូនជាសមាជិកសមាជិកាអតីតគណបក្សគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនឱ្យងាកមក រួមរស់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា៕សរន / N