ដោយៈ ទេពកង្រី កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី បើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នៅសាលាបឋមសិក្សា សាលាលេខ៥ ស្ថិតក្នុងឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច។

បន្ទាប់ពីលោកស្រី នាយកសាលា ឡើងរាយការណ៍ពីស្ថានភាពទូទៅ របស់សាលា និងមតិស្វាគមន៍ ជូនគណ:អធិបតីរួចមក លោក ស៊ុន សុវណ្ណារិទ្ធិ បានអានសារ លិខិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ ។

ក្នុងឱកាសនោះដែរ លោកបានមានប្រសាសន៍ថាៈ សាលារៀន គឺជាថ្នាលសម្រាប់ បណ្តុះនូវចំណេះដឹង ដល់ក្មួយសិស្សានុសិស្សទាំងអស់ ហើយក្មួយៗ ត្រូវតែខិតខំ ប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិ នាពេលអនាគត ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ក្មួយៗ សិស្សានុសិស្ស ត្រូវតែយកដាក់ មករៀនសូត្រ ឱ្យទៀងទាត់ ជៀសវាងគេចសាលា ទៅប្រព្រឹត្តរឿងសង្គមស្អប់ខ្ពើម ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ។

នៅបញ្ចប់ពិធី លោកអភិបាលខេត្ត បានជូនលិខិតសរសើរ ដល់ថ្នាក់ដឹកនាំ ការិយាល័យអប់រំស្រុក ថ្នាក់ដឹកនាំសាលា និងយកចិត្តទុកដាក់ បង្រៀនសិស្សបាន ល្អ អាណាព្យាបាល ដែលបានខិតខំចូលរួមបង្រៀនកូន ក្នុងបរិបទនៃជំងឺកូវីដ-១៩ ជូនរង្វាន់ដល់ក្មួយៗ ជាសិស្សពូកែ សិស្សក្រីក្រ និងបានឧបត្ថម្ភថវិកា ជូនដល់ពិធី ទាំងមូល លោកគ្រូ អ្នកគ្រូ យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និងកងកម្លាំង ផងដែរ ៕ V / N