ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសន កាល ឆ្នាំ ២០២២-២០២៣ នៅវិទ្យាល័យព្រះបាទសុរាម្រិត នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថាៈ ក្មួយៗ ជាសិស្សានុសិស្ស ត្រូវក្តាប់ឱកាស ក្រេបយកចំណេះដឹង ដែលលោកគ្រូ អ្នកគ្រូ ព្យាយាមបង្ហាត់បង្រៀនយើង ដើម្បីអនាគតរបស់ក្មួយៗ បានល្អ។

លោកអភិបាលរងខេត្ត បានបន្តថាៈ ទឹកចិត្តលោកគ្រូបង្រៀន ដែលព្យាយាមខិតខំ បង្ហាត់បង្រៀន ដល់សិស្សានុសិស្ស គឺដើម្បីឲ្យប្អូនជាសិស្ស រៀនមាននិទ្ទេសល្អ ហើយបើសិស្សធ្វើបានល្អ គ្រូក៏រីករាយសប្បាយចិត្ត ជាមួយនឹងមាតាបិតា អាណាព្យាបាលរបស់ក្មួយៗ ផងដែរ។

ជាមួយគ្នានេះ ជំនួសមុខលោកអភិបាលខេត្តកំពង់ឆ្នាំង លោកក៏សូមចូលរួមត្រេកអរ ជាមួយសិស្ស ជាមួយមាតាបិតា អាណាព្យាបាលសិស្ស ដែលប្រឡងជាប់ សញ្ញាបត្រទុតិយភូមិ ពីនិទេ្ទស A ដល់ និទ្ទេស E កាលពីពេលថ្មីៗនេះ ហើយ ក៏សូមថ្លែងអំណរគុណ ដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួម ចំណែកជាថវិកា ក្នុងការកសាងសាលាវិទ្យាល័យ ព្រះបាទសុរាម្រិត ឲ្យកាន់តែរីក ចម្រើនបន្ថែមទៀត ។

ចំពោះសំណូមពររបស់លោកស្រី នាយិកាស្ដីទី សាលាវិទ្យាល័យព្រះបាទសុរាម្រិត ដែលស្នើសុំឲ្យមានកិច្ចអន្តរាគមន៍ ក្នុងការសម្រួលចរាចរណ៍ នៅមុខសាលា ក៏ដូចជា ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងសាលា ដោយសារមានក្មេងទំនើង តែងចូលមក អុកឡុក  ក្នុងនាមជាអាជ្ញាធរខេត្ត លោកសូមចាត់ឱ្យមន្ត្រីរដ្ឋបាលប៉ុស្តិ៍កំពង់ឆ្នាំង សហការជាមួយប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ធ្វើការងារនេះឲ្យបានល្អបំផុត។

ជាចុងក្រោយ លោក យិន សាវ៉េន សូមផ្ដាំផ្ញើដល់ក្មួយៗ ជាសិស្សានុសិស្ស ខិតខំរៀនសូត្រ ជៀសឱ្យឆ្ងាយពីគ្រឿងស្រវឹង និងគ្រឿងញៀន សូមកុំប្រព្រឹត្តអំពើ ពាលាអាវ៉ាសែ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

យោងតាមរបាយការណ៍របស់លោកស្រី លឿង បញ្ញាវុឌ្ឍ នាយិកាស្ដីទី វិទ្យាល័យ ព្រះបាទសុរាម្រិត បានបញ្ជាក់ថាៈ ក្រោយពេលប្រទេស ត្រូវបានរំដោះ នៅឆ្នាំ ១៩៧៩ វិទ្យាល័យព្រះបាទសុរាម្រិត មានសំណង់អគារចាស់តែ ៥ អគារ និងមានបុគ្គលិកសិក្សាតែ ៣ នាក់។ ប៉ុន្តែរយៈពេលជាង ៤០ ឆ្នាំ កន្លងទៅនេះ ដោយស្មារតីស្រឡាញ់ យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យ ធនធានមនុស្សប្រកបដោយសមត្ថភាព ធ្វើឲ្យបច្ចុប្បន្ន សាលាមានចំនួន ១៣ អាគារ មាន ៨២ បន្ទប់ មានបុគ្គលិកសិក្សា ចំនួន ១៦៣ នាក់ មានសិស្សចំនួន ២.៨៦០  នាក់។ ចំពោះការសិក្សា រយៈពេលឆ្នាំ ២០២១-២០២២ សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មានចំនួន ៣២៨ នាក់ ស្មើនឹង ៨៨,៦៤% ក្នុងនោះ ទទួលបាននិទ្ទេសល្អ ចំនួន ៦៩ នាក់។

សិស្សប្រឡងសញ្ញាបត្រទុតិយភូមិ ជាប់ចំនួន ៣៣៦ នាក់ ស្មើនឹង  ៦៧,៦០% ក្នុងនោះជាប់និទ្ទេស A ចំនួន ១០ នាក់ និទ្ទេស B ចំនួន ២៤ នាក់ និទ្ទេស C ចំនួន ៦៨ នាក់ និទ្ទេស D ចំនួន ១០៧ និងនិទ្ទេស E ចំនួន ១២៧ នាក់។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ ក៏មានការចែករង្វាន់ដល់សិស្សានុសិស្ស ដែលរៀនពូកែ  សិស្សប្រឡងជាប់ សិស្សក្រីក្រ លោកគ្រូអ្នកគ្រូ មានស្នាដៃបង្រៀន ព្រមទាំងគ្រូ ត្រូវបានចូលនិវត្តន៍ផងដែរ ៕ V / N