ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី២ មករា ២០២៣ នេះ លោក អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះបង្ក្រាប និងរុះរើលបក្អែប ឬលបប្រឺស ១០០ បានជាច្រើនខ្សែ ដែលក្រុមជនល្មើស បានដាក់ស្ទាក់ចាប់យកត្រីគ្រប់ប្រភេទ បែបអនាធិបតេយ្យ ផ្ទុយពីច្បាប់ជលផល។
សកម្មភាពចុះបង្ក្រាប និងរុះរើលបក្អែប ឬលបប្រឺស១០០ ខាងលើនេះ បានធ្វើឡើង នៅចំណុចក្បាលកោះក្របី ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ក្រោយការបង្ក្រាបនិងរុះរើ លបក្អែប ឬលបប្រឹស១០០ នៅចំណុចខាងលើនេះរួច សមត្ថកិច្ចផ្នែករដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង យកវត្ថុតាងទៅរក្សាទុក ចាត់ការបន្តតាមនីតិវិធី ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថាៈ បទល្មើសដាក់រាយលបក្អែប ឬលបប្រឺស១០០ គឺមានអ្នកនេសាទបីក្រុម មានគ្នាចំនួនប្រហែលជា ១០នាក់ បានដាក់ពេញផ្ទៃទន្លេ ដោយក្នុងម្នាក់ៗ ដាក់លបប្រឺស១០០ នេះ មិនក្រោម ១០០ ខ្សែឡើយ ដែលចំនួនសរុបនៃការដាក់ទាំងអស់ មិនក្រោម ១.០០០ ខ្សែនោះទេ។
ក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះ ដាក់តាមខ្នើត និងរដូវកាល ដែលគេដឹងថា ត្រីចរាចរឆ្លងកាត់ រួចសារទុកនៅពេលដែលមានឱកាស ដល់ពេលត្រី ត្រូវម្តងទៀត បាននាំគ្នាដឹកយកដាក់បន្ត ដូច្នេះទើបពេលសមត្ថកិច្ច ចុះបង្ក្រាប និងរុះរើ ឃើញតែចំនួនតិចតួចប៉ុណ្ណោះ ។
ការនេសាទលបប្រឺស១០០ ឬលបល្អែបនេះ គឺក្រុមអ្នកនេសាទល្មើសច្បាប់ ទាំងនោះ ដាក់ដល់បាតទន្លេ ដោយចងយុថ្កា ជាមួយចុងសងខាងនៃលបប្រឺស១០០ រួចទម្លាក់ចូលទៅបាតទន្លេ ហើយផ្នែកខាងលើ យកប៊ីដុងចងជាកំសួល រាប់ពាន់ប៊ីដុង បណ្តែតព្រោងព្រាត លើផ្ទៃទឹកទន្លេ និងមានការប្រើប្រាស់ម៉ាស៊ីន ខ្យល់មុជទឹក និងមានម៉ាស៊ីនអូសទាញសារលប ក្នុង១លបៗ គេអាចនេសាទបានពី ១០០ ទៅ ៣០០ គីឡូក្រាម ឧបករណ៍ខាងលើនេះ ត្រូវបានគេដាក់ពាស ពេញទន្លេ ដោយមិនថាកន្លែនេះទេ នៅមានគ្រប់ទីកន្លែង ។
ប្រជានេសាទនៅតំបន់នោះ បានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង ចំពោះចំណាត់ការ និងការចេញបទបញ្ជាបង្ក្រាបបទល្មើសនេសាទ លបប្រឺស១០០ ឬលបក្អែប នាពេលនេះ ព្រោះការដាក់លបប្រឺស១០០ យ៉ាងច្រើនសន្ធឹកបែបនេះ វាមិនត្រឹមតែបំផ្លាញដល់ធនធានជលផលប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យស្ទះ ចរាចរណ៍ផ្លូវទឹកទៀតផង ។
ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋ សំណូមពរដល់សមត្ថកិច្ចជលផលគ្រប់ជាន់ថ្នាក់ តាំងពីខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ក៏ដូចជាផ្នែករដ្ឋបាលជលផល និង សង្កាត់រដ្ឋបាលជលផល រួមនឹងសហគមន៍នេសាទ មេត្តាជួយបង្ក្រាបឲ្យមាន ប្រសិទ្ធភាព និងវែកមុខ ចាត់ការអ្នកដែលប្រព្រឹត្តបទល្មើសនេសាទទាំងនោះផង ៕/V/r