ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ក្រុមកម្ពុជា មិនមានឱកាសឡើងវគ្គបន្ដឡើយ ក្រោយពីចាញ់ ក្រុមម្ចាស់ផ្ទះថៃ ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ៣ទល់១ នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជំនួបបញ្ចប់ពូល A ។

ការប្រកួតដែលធ្វើឡើង នៅកីឡដ្ឋាន Thammasat វគ្គទី១ កម្ពុជា បានរបូត ១គ្រាប់ នៅនាទី៤៥+២ បន្ទាប់ពីខ្សែការពារ យ៉ើ មូស្លីម បង្កកំហុសក្នុងប្រអប់ គ្រោះថ្នាក់ ត្រូវបានអាជ្ញាកណ្ដាល ពិន័យបាល់ប៉េណាល់ទី ដល់ក្រុមជម្រើសជាតិថៃ ដែលការពិន័យនេះ ធ្វើបានសម្រេច ដោយកីឡាករថៃ Teerasil Dangda ។ មកដល់តង់ទី២ ក្រុមថៃ នៅតែព្យាយាមដាក់សម្ពាធ ហើយបន្ថែមគ្រាប់ទី២ បន្ទាប់ពីចាប់ផ្ដើម ទើបតែបាន ៥នាទី ដោយកីឡាករ Sumanya Purisai នៅនាទី៥០ ។ ប៉ុន្ដែនៅនាទី៦៨ កម្ពុជា ក៏វាយបកបាន ១គ្រាប់វិញ បន្ទាប់ពីការព្យាយាម ញាក់ខ្សែការពារ ពីសំណាក់កីឡាករ សារ ទី ហើយបញ្ជូនឲ្យ សៀង ចន្ធា ទាត់បញ្ចូលទីតែម្ដង ។

ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកកាន់តែខ្លាំង ពិសេសក្រុមកម្ពុជា តែការព្យាយាមនេះ ក្រុមកម្ពុជា ពុំមានឱកាសបន្ថែមគ្រាប់បាល់ឡើយ ផ្ទុយទៅវិញ ថៃ បានបន្ថែមគ្រាប់ទី៣ នៅចុងម៉ោង ដែលធ្វើសម្រេចដោយកីឡាករTeerasil Dangda នៅនាទី៩០ មុនអាជ្ញាកណ្ដាល ផ្លុំកញ្ចែបញ្ចប់ការប្រកួត ពេញម៉ោង ដោយថៃ ឈ្នះកម្ពុជា ៣ទល់១ តែម្ដង ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជើងឯក ៦ សម័យថៃ បញ្ចប់ការប្រកួតសន្សំពិន្ទុ ដោយឈរនៅកំពូលតារាង មាន ១០ ពិន្ទុ ស្មើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលបានយកឈ្នះហ្វីលីពីន ២-១ ដំណាលគ្នា មុនដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ប្រចាំតំបន់នេះ គ្រាដែលក្រុមគោព្រៃកម្ពុជា បានត្រឹមឈរ ចំណាត់ថ្នាក់លេខ៣ ក្នុងពូល A ដោយរកបាន ៦ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ២ និងចាញ់ ២ប្រកួត ៕/V/r