ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីនិងក្រុមការងារជំនាញ បានបញ្ជាក់ថាៈ ការរុះរើកាត់រំលំសម្អាតខ្មោចសំណង់អគារកាស៊ីណូដ៏ស្គឹមស្កៃ នៅប៉ោយប៉ែត ដែលត្រូវអគ្គិភ័យ ឆេះក្លាយជាគំនរភ្នំផេះផង់នោះ នឹងត្រូវប្រើពេលវេលាយូរក្រែល មិនមែន ៤-១០ ថ្ងៃ អាចសម្រេចបញ្ចប់បានទេ។

លោក លី សារី និងលោក ង៉ោ ម៉េងជ្រួន ជាអភិបាលរងខេត្អបន្ទាយមានជ័យ ដែលបន្ថែមភារកិច្ចចំពោះកិច្ច ជាអនុប្រធានសម្របសម្រួលការរុះរើអគារកាស៊ីណូ ហ្គ្រេន ដាយមិន និងប៉ោយប៉ែត ខូចខាត និងក្រុមការងារការចុះពិនិត្យការរុះរើ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យការរុះរើសម្អាតខ្មោចអគារ កាស៊ីណូ ហ្គ្រេន ដាយមិន (Grand Diamond City) និងកាស៊ីណូ ប៉ោយប៉ែតរីសត( Casino Poipet Resort) ដែលរងខូចខាតអន្តរាយ ដោយភ្លើងឆេះ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នាភូមិក្បាលស្ពាន១ និងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្រុមមន្ត្រី និងក្រុមការងារជំនាញ បានឱ្យដឹងថាៈ ការងារុះររើសម្អាតនេះ មិនអាចប្រើ រយៈពេលខ្លី ពី៤-១០ ថ្ងៃ នោះ ឱ្យរួចរាល់បានទេ ពោលគឺត្រូវការចំណាយពេល វេលាច្រើនជាងនេះ ។

លោក អាង ណារឹទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានរំលឹកប្រាប់ថាៈ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាប្រធាននោះ បានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយ នៅទីកន្លែងរងគ្រោះអគ្គិភ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ថា ការរុះរើ និងសម្អាតកាកសំណល់អគារ និងសម្ភារៈកាស៊ីណាខាងលើ នឹងអនុវត្ត ៣ ដំណាក់កាល តាមលក្ខណៈ បច្ចេកទេស ដូចជាទី១- រើ កាត់ និងស្ទូចយកចេញគ្រឿងសំណង់បង្គំ ។ ទី២-រំលំសំណង់ បំបែកពីលើមកក្រោម និងទី៣ -យកសំណល់ (ខ្មោច) គំនរចេញ ពីលើ និងក្រោមដី ជាដើម ។

អំពីការទទូចស្នើសុំឱ្យបើកផ្លូវ ឆ្លងកាត់ទីនោះ ទៅព្រំដែនអន្តរជាតិប៉ោយប៉ែត- ច្រកខ្លងលឹក លោក ង៉ោ ម៉េងជ្រួន និងលោក លី សារី បានបញ្ជាក់ថាៈ ការរុះរើ សំណង់អគារនេះ ក្រុមការងារមិនទាន់អាចវាយតម្លៃ ឬកំណត់រយៈពេល បាននោះទេ ។ លោកបានបន្តថាៈ អ្វីៗវាអាស្រ័យលើភាពជាក់ស្តែង លុះត្រាណាតែ ក្រុមការងារ ធ្វើការរុះរើ សម្អាតចប់ជាស្ថាពរ ទើបអាចបើកឱ្យដំណើការ ច្រកទ្វារព្រំដែនអន្តរជាតិ ជាធម្មតាវិញ ៕/V/r