ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ តោះ!ស្វែងយល់ពីស៊ីហ្គេមនៅកម្ពុជា ព្រោះបើ គិតពីថ្ងៃទី៣ មករា ២០២៣ នេះទៅ នៅសល់ពេលតែ ១២១ ថ្ងៃទៀតប៉ុណ្ណោះ។
នេះជាលើកទី១ ហើយ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទឹកដីរបស់ខ្លួន នៅក្នុងប្រវត្តិសាស្ត្រ។ ព្រឹត្តិការណ៍នេះ ប្រជាជនកម្ពុជា ទន្ទឹងមើលផ្លូវ អស់រយៈពេល ៦៤ ឆ្នាំរួចមកហើយ។

កម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?

១.និមិត្តសញ្ញា៖ និមិត្តសញ្ញាស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣ ទាក់ទាញឱ្យមានការ បំផុសស្មារតី អំពីប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ ព្រះរាជាណាចក្រកម្ពុជា និងប្រាសាទ អង្គរវត្ត ជាបេតិកភ័ណ្ឌពិភពលោក។ បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) មិនត្រឹមតែជានិមិត្តរូប និងអត្តសញ្ញាណខ្មែរ​ប៉ុណ្ណោះទេ ប៉ុន្តែក៏ជា មោទនភាព និងសេចក្តីសោមនស្សរីករាយ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ពណ៌មាស ត្រូវបានជ្រើសជាពណ៌ចម្បង នៃនិមិត្តសញ្ញា ដើម្បីតំណាងឱ្យកម្ពុជា និងភាពរីកចម្រើន ប្រកបដោយភោគទ្រព្យ សុខភាព និងសុភមង្គល។
ចំពោះរូបនាគ នៅក្នុងនិមិត្តសញ្ញា គឺជាអ្នកការពារ​និងផ្តល់ស្ថិរភាពដល់ ព្រះរាជាណាចក្រកម្ពុជា។ រូបនាគទាំង៤ គឺមានពណ៌បៃតង ក្រហម ខៀវ និងលឿង ត្រូវបានចងភ្ជាប់ជាមួយគ្នា តំណាងឱ្យការរួបរួម និងភាពចម្រុះ នៅក្នុងសហគមន៍អាស៊ីអាគ្នេយ៍ ដោយពណ៌ ទាំង ៤ នេះ តំណាងឱ្យភាពចម្រុះនៃសហគមន៍អាស៊ីអាគ្នេយ៍ ដែលរួបរួមគ្នាតែមួយ តាមរយៈនាគទាំង៤។

២.បាវចនា៖ បាវចនា «កីឡារស់ក្នុងសន្តិភាព» ត្រូវបានបំផុសគំនិតជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ យ៉ាងសុខសាន្ត ក្នុងព្រះរាជាណាចក្រ កម្ពុជា ប្រកបដោយសន្តិភាព និងស្ថិរភាព។ កីឡា គឺជាកត្តាចលករជំរុញ ដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស។ មហិច្ឆតារបស់កម្ពុជា គឺសម្រេចឱ្យបានជាប្រទេស មានប្រាក់ចំណូលមធ្យម ត្រឹមឆ្នាំ២០៣០ ជាមួយបំណងដ៏មុតមាំ នៃសន្តិភាពកំពុងបន្ត ដែលនាំឱ្យមានភាពរុងរឿង សុខភាពល្អ និងសុភមង្គល ក្នុងសហគមន៍។

៣.ម៉ាស្កុត៖ ម៉ាស្កុតសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេស កម្ពុជា គឺរូបសត្វទន្សាយ២ មានឈ្មោះថាបុរី (ឈ្មោល) និងរំដួល (ញី) ដែលមាន ក្នុងក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ។ ទន្សាយឈ្មោល ឈ្មោះ បុរី តំណាងឱ្យ សាមគ្គីភាព ហើយទន្សាយញី ឈ្មោះ រំដួល ជាផ្កាតំណាងឱ្យប្រទេសកម្ពុជា។
ទន្សាយទាំង២ ដែលត្រូវបានជ្រើសរើសជា «ម៉ាស្កុត» សម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ជាតួអង្គគួរឱ្យស្រឡាញ់ នៅក្នុងរឿងព្រេងនិទានបុរាណខ្មែរ ដែលបង្ហាញពីតម្លៃ នៅក្នុងការអប់រំ តាមរយៈព្រះពុទ្ធសាសនា ជុំវិញការបំផុស គំនិតយុត្តិធម៌ មិនលម្អៀង ចំណេះដឹង និងការជួយសង្គម។ ការជ្រើសរើសសត្វ ទន្សាយ ក៏បញ្ជាក់ពីសមភាពយេនឌ័រ ក្នុងកីឡាផងដែរ។

៤.កាលបរិច្ឆេទ៖ យោងតាមការសម្រេចជាផ្លូវការ កាលបរិច្ឆេទនៃការប្រកួត ព្រឹត្តិការណ៍កីឡាទាំង២នេះ គឺគ្រោងនឹងធ្វើនៅពាក់កណ្ដាល ឆ្នាំ២០២៣ ពោលគឺ ការប្រកួតស៊ីហ្គេមចាប់ផ្ដើមមុន រួចទើបការប្រកួតអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្ដើមជា ក្រោយ បានសេចក្ដីថា រំលងពីគ្នារយៈពេល ១៧ ថ្ងៃ​ ។ ព្រឹត្តិការណ៍កីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

៥.ប្រទេសចូលរួម៖ គឺត្រូវបានបញ្ជាក់រួចហើយថា ប្រទេសជាសមាជិកសហព័ន្ធ កីឡាអាស៊ីអាគ្នេយ៍ ទាំង១០ រួមមាន ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម សុទ្ធតែនឹងមកចូលរួម ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

៦.ប្រភទកីឡាដាក់ឱ្យប្រកួត៖ ចំពោះប្រភេទកីឡា ដាក់ឱ្យប្រកួត ក៏មានការបែងចែក ដាច់ពីគ្នាផងដែរ រវាង ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយស៊ីហ្គេម មានប្រភេទ កីឡាច្រើនជាង អាស៊ានប៉ារ៉ាហ្គេម។ ព្រឹត្តិការណ៍ស៊ីហ្គេម ត្រូវបានប្រកាស ជាផ្លូវការថា នឹងមានកីឡាចំនួន ៣៧ ប្រភេទ បូកនឹងកីឡាសម្ដែង ១ ប្រភេទ (Demonstration) ដាក់ឱ្យប្រកួត ដែលស្មើនឹង ៦០៨ វិញ្ញាសា (៦០៨ មេដាយមាស)។

ចំណែកអាស៊ានប៉ារ៉ាហ្គេម ត្រូវបានប្រកាសជាផ្លូវការថា មានកីឡាចំនួន ១៣ប្រភេទ បូកនឹងកីឡាសម្ដែង ១ប្រភេទ ដាក់ឱ្យប្រកួត​ស្របពេលដែលវិញ្ញាសាប្រកួត ស្ថិតក្នុងការពង្រាង មានប្រមាណជាង ៤០០ វិញ្ញាសា។

កីឡា ១៣ ប្រភេទ ដែលត្រូវបានអនុម័តរួចរាល់ រួមមាន កីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, វាយសីជនពិការ, បាល់ទាត់ ៥ម្ខាង, បាល់ទាត់ ៧ម្ខាង, លើកទម្ងន់ជនពិការ, បូស្យាជនពិការ, វាយកូនឃ្លីលើតុជនពិការ, យូដូជនពិការ, បាល់បោះជិះរទេះជនពិការ, បាល់បោះជនពិការភ្នែក, បាល់ទះអង្គុយ និងកីឡាអុក រីឯកីឡាសម្ដែង ១ប្រភេទ (Demonstration) ដែលកំណត់យកកីឡា អេឡិចត្រូនិក (E-Sports) តែមិនរាប់បញ្ចូលមេដាយនោះទេ។

៧. ទីតាំងប្រកួត៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសម្រេចជ្រើសរើសទីតាំងប្រកួត ជាគោលធំៗ ចំនួន ៥ រួមមានៈ រាជធានីពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកំពត និងខេត្តកែប។ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីតាំងប្រារព្ធ ពិធីបើក-បិទ និងជាកន្លែងប្រកួត ដ៏មមាញឹកជាងគេ។

ដោយឡែក គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២ (CAMAPGOC) សម្រេចធ្វើការប្រកួតរួមតែមួយ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អត្តពលិកដែលមានពិការភាព។

៨.ហេដ្ឋារចនាសម្ព័ន្ធ៖ កម្ពុជាយើងមានសំណង់ពហុកីឡដ្ឋានដ៏ប្រណិត ដែលរំលេចចេញជារូបរាង យ៉ាងអស្ចារ្យត្រដែត នៅចំកណ្ដាលនៃទន្លេមេគ្គង និងទន្លេសាបនោះ គឺពហុកីឡដ្ឋានជាតិមតរកតេជោ ដែលជាទីតាំងបណ្ដុំទៅដោយ ទីលានប្រកួតកីឡាជាច្រើន ជាពិសេស «វិមានពហុកីឡដ្ឋានជាតិមរតកតេជោ» ដែលអាចផ្ទុកទស្សនិកជន បានប្រមាណ ៦០,០០០ នាក់។

ក្នុងបរិវេណពហុកីឡដ្ឋានជាតិមតរកតេជោ ក៏មានភូមិកីឡា ដែលជាទីតាំងសម្រាប់ ប្រតិភូ និងអត្តពលិក ស្នាក់នៅ និងហូបចុកផ្ទាល់តែម្ដង ជាចំណែកនៃការកាត់បន្ថយ ការធ្វើដំណើរឆ្ងាយ។ ពហុកីឡដ្ឋានជាតិ ក៏បាននឹងកំពុងធ្វើការជួសជុលជាបណ្ដើរៗ ទាំងផ្នែកបច្ចេកទេស ក៏ដូចជាផ្នែកសោភ័ណភាព ដើម្បីបម្រើដល់ការប្រកួតកីឡា មួយចំនួននៅទីនោះ។

ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដូចជាផ្លូវថ្នល់ ផ្លូវជាតិលេខ៦អារ, មហាវិថីឈ្នះ ឈ្នះ ក៏បាននឹងកំពុងធ្វើការជួសជុល យ៉ាងសស្រាក់សស្រាំ ដោយការចាក់កៅស៊ូថ្មី ដាក់ភ្លើងបំភ្លឺ ដាំដើមឈើ បង្កើនគុណភាពបៃតង និងការសាងសង់ផ្លូវថ្មី បន្ថែមមួយខ្សែទៀត ក៏កាន់តែជិតទៅសម្រេចបានជោគជ័យ ផងដែរ។

ការធ្វើដំណើរឆ្ពោះទៅខេត្តព្រះសីហនុ ដែលជាទីតាំងប្រកួតកីឡាមួយចំនួន នៅទីនោះ ក៏កាន់តែកាត់បន្ថយការធ្វើដំណើរ រយៈពេលយូរ ពី ៤ ទៅ ៥ ម៉ោង បន្ទាប់ពីលេចចេញនូវផ្លូវល្បឿនលឿន ដែលចំណាយពេលត្រឹមតែ ២ ម៉ោង ពីរាជធានីភ្នំពេញ៕/V-PC