ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ក្រុមជួយសង្គ្រោះទៅពីកងទ័ពវៀតណាមកាលពីថ្ងៃអង្គារនៅបន្តខិតខំរំដោះក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ចេញពីរន្ធថ្មបេតុងតូចមួយនៅបីថ្ងៃបន្ទាប់ពីវាបានធ្លាក់ចូលក្នុងរណ្តៅជំរៅ៣៥ម៉ែត្រតាំងពីថ្ងៃមុនចូលឆ្នាំថ្មី។
លី ហ័រ ណាម(Ly Hao Nam)ត្រូវគេឮយំស្រែកអោយជួយភ្លាមៗបន្ទាប់ពីវាបានធ្លាក់ចូលក្នុងរន្ធនេះកាលពីព្រឹកថ្ងៃសៅរ៍ តែពួកអ្នកជួយសង្គ្រោះមិនបានទទួលចម្លើយតបទេកាលពីថ្ងៃចន្ទនៅពេលពួកគេទម្លាក់កាម៉េរ៉ាចុះដើម្បីកំណត់ទីតាំងរបស់វានៅក្នុងរន្ធសសរគ្រឹះស្ពានជំរៅ៣៥ម៉ែត្រនេះ។
គ្រោះថ្នាក់នេះបានកើតឡើងនៅការដ្ឋានសំណង់ស្ពានមួយនៅក្នុងខេត្តដុងថាបភាគខាងត្បូង កន្លែងដែលក្មេងរងគ្រោះបានដើរស្វែងរកដែកអេតចាយជាមួយមិត្តភ័ក្តិរបស់វា។
លោកឡេ ហ័ង បាវ(Le Hoang Bao) នាយកនៃនាយកដ្ឋានគមនាគមន៍ខេត្តដុងថាប បានប្រាប់កាសែតតួយជេញូវស៍(Tuoi Tre News)ថា «ខ្ញុំមិនយល់ថាទេតើវាធ្លាក់ចូលក្នុងរណ្តៅតូចនេះយ៉ាងណា ដោយសារមាត់រណ្តៅត្រឹមតែ០,២៥ម៉ែត្រ និងចូលក្នុងដី៣៥ម៉ែត្រ»។
កិច្ចខិតខំជួយសង្គ្រោះដោយប្រើរថយន្តស្ទូចនិងត្រាក់ទ័រកាយតាំងពីមុនមកបានខកខាននាំក្មេងនៅមកលើដីវិញ និងពួកអ្នកជួយសង្គ្រោះមិនដឹងក្មេងនេះនៅទីតាំងណាផង។ពួកគេបានបូមទឹកចេញនិងបាញ់អុកស៊ីសែនចូលក្នុងរន្ធថ្ម ព្រមទាំងធ្វើអោយដីនៅជុំវិញទន់ជ្រាយដើម្បីងាយកាយ ។គេបានខួងដីជាប់រន្ធកើតហេតុបានជំរៅជាង៣០ម៉ែត្រ ហើយបន្ថែមប្រាំម៉ែត្រទៀតកាលពីយប់ថ្ងៃចន្ទ។
លោកឡេ ហ័ង បាវ បាននិយាយថា ក្រុមជួយសង្គ្រោះសំរេចទាញសសរគ្រឹះស្ពានចេញនៅព្រឹកថ្ងៃអង្គារ។ការងារខួងដីអែបសសរគ្រឹះនេះបានធ្វើអស់ជាងពីរថ្ងៃមកហើយជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់កុំអោយសសរទ្រេតឬបែកដែលគ្រោះថ្នាក់ដល់ក្មេង៕
ពួកអ្នកជួយសង្គ្រោះជីកដីក្បែររន្ធសសរគ្រឹះស្ពាន និងបានដាក់ទុយោចូលដើម្បីបូមទឹកចេញបាញ់ខ្យល់ចូល