ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ សហរដ្ឋអាម៉េរិកមិនពិភាក្សាការធ្វើសមយុទ្ធប្រើនុយក្លេអ៊ែរជាមួយកូរ៉េខាងត្បូងទេ នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីចូ បៃដិន កាលពីថ្ងៃចន្ទ ដោយច្រានចោលការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងកាលពីមួយថ្ងៃមុននេះនៅពេលភាពតានតឹងជាមួយកូរ៉េខាងជើងបន្តកើនឡើង។
ក្នុងកិច្ចសម្ភាសន៍មួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ូល បាននិយាយថា កូរ៉េខាងត្បូងនិងអាម៉េរិកកំពុងពិភាក្សាអំពីផែនការធ្វើសមយុទ្ធរួមគ្នាដោយប្រើទ្រព្យនុយក្លេអ៊ែរអាម៉េរិកក្នុងការប្រឈមនឹងការគំរាមប្រើកាំជ្រួចនិងសព្វាវុធនុយក្លេអ៊ែរកាន់តែខ្លាំងឡើងពីកូរ៉េខាងជើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ហៅកូរ៉េខាងត្បូងថា«សត្រូវគ្មានមន្ទិល»របស់ខ្លួន។
ជេក ស៊ុលលីវ៉ាន( Jake Sullivan)ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក ដែលបានអមដំណើរលោកបៃដិនទៅកាន់កោះ វៀជីន អាឡឹនស៍ សំរាប់វិសមកាល បាននិយាយថាលោកប្រធានាធិបតីបានបញ្ជាក់ថា«ទេ »នៅពេលត្រូវបានសួរថាតើអាម៉េរិកកំពុងពិភាក្សាអំពីការធ្វើសមយុទ្ធនុយគ្លេអ៊ែររួមគ្នាជាមួយកូរ៉េខាងត្បូងឬ។
ការលើកឡើងរបស់លោកយូន កើតឡើងបន្ទាប់ពីលោកបានអំពាវនាវអោយ«ត្រៀមធ្វើសង្រ្គាម»ជាមួយនឹងសមត្ថភាព«លើសលប់»មួយក្រោយពីកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចពេញមួយឆ្នាំ២០២២ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន និងប្តេជ្ញាបង្កើនការអភិវឌ្ឍកាំជ្រួចព្រមទាំងពង្រីកឃ្លាំងសព្វាវុធនុយក្លេអ៊ែររបស់ខ្លួនថែមទៀតនៅឆ្នាំថ្មីនេះ។
លោកយូនបាននិយាយថា«សព្វាវុធនុយក្លេអ៊ែរជារបស់អាម៉េរិក តែការរៀបចំផែនការ ការចែករំលែកព័ត៌មាននិងការហ្វឹកហាត់គួរធ្វើរួមគ្នាដោយកូរ៉េខាងត្បូងនិងអាម៉េរិក»ក្នុងបំណងអនុវត្តដោយប្រសិទ្ធភាព«ការរារាំងរបស់អាម៉េរិក»។ពាក្យ«រារាំង»នេះមានន័យថាលទ្ធភាពរបស់អាម៉េរិក ជាពិសេសកងកម្លាំងនុយគ្លេអ៊ែររបស់ខ្លួន ក្នុងការរារាំងការវាយប្រហារមកលើសម្ពន្ធមិត្តអាម៉េរិក៕
លោកយូន ចង់អោយកូរ៉េខាងត្បូងហាត់សមប្រើនុយក្លេអ៊ែរជាមួយកងកម្លាំងអាម៉េរិកដើម្បីទប់ទល់នឹងកូរ៉េខាងជើង និងថាបញ្ហានេះកំពុងត្រូវបានពិភាក្សាគ្នាតែបៃដិនថា«អត់ទេ»