ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមករាថាៈ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្ម រុញមកពីភាគខាងក្រោម (ត្បូង) នៃសមុទ្រចិនខាងត្បូង   ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុង សម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន ក្នុងកម្រិតពីខ្សោយទៅមធ្យម។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ​ ២៤ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។ នៅអំឡុងពី ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយ ទៅមធ្យម ដោយអន្លើ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ពី ១៨ ទៅ ២១ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។ នៅអំឡុងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។ នៅអំឡុងពីថ្ងៃទី៥​ ដល់ថ្ងៃទី៧ ខែមករា អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយទៅមធ្យម ដោយអន្លើ និងអាចមានខ្យល់បក់ពីបង្គួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្រ ក៏នឹងកើតមានរលក សមុទ្រ ពីមធ្យមទៅបង្គួរផងដែរ ៕/V-PC