ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ីបានទទួលស្គាល់ថា ទាហានរបស់ខ្លួនរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏សាហាវបំផុតមួយក្នុងសង្គ្រាមអ៊ុយក្រែនដោយបង្កកំហឹងដល់អ្នកជាតិនិយមរុស្ស៊ី រួមទាំងសមាជិកសភា និងទាក់ទាញការទាមទារឱ្យដាក់ទណ្ឌកម្មលើពួកមេបញ្ជាការចំពោះការដាក់ទាហាននៅក្បែរឃ្លាំងគ្រាប់។
នៅក្នុងការលាតត្រដាងដ៏កម្រមួយ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហាន ៦៣នាក់បានស្លាប់នៅថ្ងៃចូលឆ្នាំសកលនៅក្នុងការផ្ទុះដ៏ខ្លាំងមួយដែលបានបំផ្លាញបន្ទាយបណ្តោះអាសន្ននៅក្នុងអតីតមហាវិទ្យាល័យវិជ្ជាជីវៈនៅទីក្រុងម៉ាគីអ៊ីវកា (Makiivka) ជាទីក្រុងភ្លោះនៃទីរួមខេត្តក្នុងតំបន់កាន់កាប់ដោយរុស្ស៊ីគឺ ខេត្តដូណិតសខ៍នៅភាគខាងកើតអ៊ុយក្រែន។
ក្រសួងការពារជាតិបាននិយាយថា គ្រាប់រ៉ុក្កែតចំនួនបួនគ្រាប់ដែលបាញ់ចេញពីប្រព័ន្ធ HIMARS ផលិតដោយសហរដ្ឋអាម៉េរិកបានវាយប្រហារចំទីតាំងនោះ។ ក្រសួងបាននិយាយថារ៉ុក្កែតពីរគ្រាប់ត្រូវបានបាញ់ទម្លាក់។ អ៊ុយក្រែនបាននិយាយថា ចំនួនអ្នកស្លាប់របស់រុស្ស៊ីមានរាប់រយនាក់ ប៉ុន្តែមន្ត្រីគាំទ្ររុស្ស៊ីបានហៅវាថាជាការបំផ្លើស។
អ្នកសរសេរ Blog របស់យោធារុស្ស៊ីបាននិយាយថា ការបំផ្លិចបំផ្លាញដ៏ធំនេះគឺជាលទ្ធផលនៃការរក្សាទុកគ្រាប់នៅក្នុងអគារតែមួយជាមួយបន្ទាយបើទោះបីជាពួកមេបញ្ជាការដឹងថាវាស្ថិតនៅក្នុងរយៈចម្ងាយបាញ់ដល់នៃគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែនក៏ដោយ។
ដោយឡែក អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបាញ់ទម្លាក់ដ្រូនទាំង ៣៩គ្រឿងដែលរុស្ស៊ីបានបង្ហោះក្នុងយប់ទីបីជាប់ៗគ្នានៃការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅជនស៊ីវិលនៅក្នុងរដ្ឋធានីគៀវនិងទីក្រុងដទៃទៀត។
មន្ត្រីអ៊ុយក្រែនបាននិយាយថា ជោគជ័យរបស់ពួកគេបានបង្ហាញថាយុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងប៉ុន្មានខែថ្មីៗនេះក្នុងការបាញ់ស្រោចមីស៊ីលនិងដ្រូនដើម្បីបំផ្លាញហេដ្ឋារចនាសម្ពន្ធថាមពលរបស់អ៊ុយក្រែនគឺកាន់តែបរាជ័យ ខណៈរដ្ឋាភិបាលក្រុងគៀវបង្កើនការការពារដែនអាកាសរបស់ខ្លួននៅជាង ១០ ខែចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពាន៕
ទាហាន ៦៣ នាក់បានស្លាប់នៅថ្ងៃចូលឆ្នាំសកលនៅក្នុងការផ្ទុះដ៏ខ្លាំងមួយដែលបានបំផ្លាញបន្ទាយបណ្តោះអាសន្ននៅក្នុងអតីតមហាវិទ្យាល័យវិជ្ជាជីវៈនៅទីក្រុងម៉ាគីអ៊ីវកា